ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានមនុស្សយ៉ាងតិចជាង១០នាក់បានរងរបួសធ្ងន់-ស្រាល ក្រោយជួបឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងគោយន្តកន្ត្រៃ កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី០៩ ឧសភា នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងប្ញស្សី។
បើតាមមន្ត្រីចរាចរណ៍ស្រុកមោងឫស្សីថា ករណីគ្រោះថ្នាក់ចរាចរណ៍បានបង្កឡើងដោយរថយន្តម៉ាកកាមរី(បាឡែន) ពណ៌.ស ពាក់ស្លាកលេខ 2AY-6345 (អ្នកបើកបររត់គេចខ្លួន) បានបើកបុករឺម៉កគោយន្តកន្ត្រៃពីក្រោយ ពេលកំពុងធ្វើដំណើរស្របទិសគ្នាពីកើត ឆ្ពោះទៅខាងលិចតាមបណ្ដោយផ្លូវជាតិលេខ៥។ មន្ត្រីដដែលបានបញ្ជាក់ថា ពេលនោះ អ្នកជិះលើគោយន្តមានប្រុស មានស្រីចំនួន១២នាក់ ត្រូវរងរបួសទាំងអស់ តែមាន២នាក់របួសធ្ងន់ ។ អ្នកបើកបរគោយន្តនេះ ឈ្មោះចេវ ជឿប ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី។
ជុំវិញករណីរថយន្តបុករ៉ឺម៉កគោយន្តកន្ត្រៃទាំងកណ្ដាលយប់នេះ បើតាមការបំភ្លឺនានាពីសាក្សី និងតាមការពិនិត្យជាក់ស្ដែងរបស់មន្ត្រីចរាចរណ៍បានអះអាងថា គោយន្តកន្ត្រៃនោះគ្មានស្លាកសញ្ញា ឬបំពាក់ភ្លើងឬបំពាក់ចំណាំងផ្លាតជាញ្ញា សម្រាប់ឲ្យគេមើលឃើញពេលយប់នោះទេ ។ រីឯរថយន្តធ្វើដំណើរពេលយប់មានការធ្វេសប្រហែស ទើបបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ។
បើតាមពិនិត្យទីតាំងកើតហេតុ និងតាមការសួរនាំឧប្បតិហេតុនេះ កើតឡើងដោយសារការធ្វេសប្រហែស ហើយក៏អាចជាកំហុសទាំងសងខាងដែរ។ ទោះយ៉ាងណា ក្រោយពីបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ មន្ត្រីចរាចរណ៍ បាននាំយកមធ្យោបាយបង្កគ្រោះទាំង២ភាគី យកទៅរក្សាទុកនៅអធិការស្រុកមោងប្ញស្សី ដើម្បីរង់ចាំភាគីទាំង២ ចូលទៅដោះស្រាយតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ