ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់ដូរ​នៅ​រមណីយដ្ឋាន​ចង់​ឲ្យ​កន្លែង​ងូតទឹក​លេង​ស្អាត​ដូច​កាលពីមុន​វិញ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជីវករ​លក់ដូរ​នៅ​ក្នុង​រមណីយដ្ឋាន​ទំនប់​៩៥​ជាប់ជើង​ភ្នំ​ត្បែងមានជ័យ ក្រុង​ព្រះ​វិហារ បាន​ស្នើ​ដល់​អាជ្ញាធរ​ជួយ​កែសម្រួល​រៀបចំ​តំបន់​រមណីយដ្ឋាន​មួយ​នេះ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​កន្លែង​ងូតទឹក​លេង​កម្សាន្ត​បាន​ដូច​មុន​វិញ ខណៈ​បច្ចុប្បន្ន​នេះ​ភ្ញៀវ​ដែល​ធ្លាប់តែ​មក​លេង​កម្សាន្ត​មាន​ចំនួន​ច្រើន​បែរជា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទំនប់​នេះ​បាន​កែរ​សម្រួល​កន្លង​ទៅ​មិន​មាន​កន្លែង​អាច​ឲ្យ​ភ្ញៀវ​ងូតទឹក​លេង​ដូច​កាលពីមុន ។ អ្នកស្រី ទុំ…

ខេត្តព្រះវិហារ ៖ អាជីវករ​លក់ដូរ​នៅ​ក្នុង​រមណីយដ្ឋាន​ទំនប់​៩៥​ជាប់ជើង​ភ្នំ​ត្បែងមានជ័យ ក្រុង​ព្រះ​វិហារ បាន​ស្នើ​ដល់​អាជ្ញាធរ​ជួយ​កែសម្រួល​រៀបចំ​តំបន់​រមណីយដ្ឋាន​មួយ​នេះ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​កន្លែង​ងូតទឹក​លេង​កម្សាន្ត​បាន​ដូច​មុន​វិញ ខណៈ​បច្ចុប្បន្ន​នេះ​ភ្ញៀវ​ដែល​ធ្លាប់តែ​មក​លេង​កម្សាន្ត​មាន​ចំនួន​ច្រើន​បែរជា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទំនប់​នេះ​បាន​កែរ​សម្រួល​កន្លង​ទៅ​មិន​មាន​កន្លែង​អាច​ឲ្យ​ភ្ញៀវ​ងូតទឹក​លេង​ដូច​កាលពីមុន ។

អ្នកស្រី ទុំ ស្រី​រតនា ជា​អាជីវករ​លក់ដូរ​នៅ​រមណីយដ្ឋាន​ទំនប់​៩៥​បាន​លើក​ឡើង​ថា គិតដល់​បច្ចុប្បន្ន​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​នៅ​ក្នុង​រមណីយដ្ឋាន​មួយ​នេះ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​រយៈពេល​២​ឆ្នាំ​មុន អ្នកស្រី​បន្ថែម​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​មក​លេង​តំបន់​នេះ​ចង់​មក​ងូតទឹក​លេង ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​អាជ្ញាធរ​បាន​កែ​លម្អ​ទំនប់​ទឹក និង​ធ្វើ​ស្ពាន​ឆ្លង​ទំនប់​បង្ហៀរទឹក​នេះ​មក​បាន​ធ្វើ​ឲ្យ​បាត់បង់​កន្លែង​ដែល​ធ្លាប់​ឲ្យ​ភ្ញៀវ​ងូតទឹក​លេង​ដូច​កាលពីមុន ម្យ៉ាងវិញទៀត​ទឹក​ទំនប់​មិន​អាច​ហូរ​កាត់​បាន​ដូច​ពី​មុន​ធ្វើ​ឲ្យ​មាន​ក្លិនស្អុយ និង​រុក្ខជាតិ​កំប្លោក​ដុះ​ក្នុង​ទំនប់​ទឹក ដូច្នេះ​ហើយ​ទើប​បច្ចុប្បន្ន​នេះ​រមណីយដ្ឋាន​នេះ​បាន​បាត់បង់​ភ្ញៀវ​ស្ងាត់​ច្រ​ងំ ។

អ្នកស្រី​លើក​ឡើង​ទៀត​ថា អាជីវករ​នៅ​ទីនោះ​កាលពី​២​ឆ្នាំ​មុន​អាច​រក​ចំណូល​បាន​ពី​ការ​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​ក្នុង​១​ថ្ងៃ​ចន្លោះ​ពី​៥០​ម៉ឺន​ទៅ​៦០​ម៉ឺន​រៀល រីឯ​ប្រជាជន​នៅ​ទីនោះ​អាច​ជួល​ពោង ឬ​អាវ​ហែល​ទឹក​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​រកបាន​២០​ទៅ​៣០​ម៉ឺន​រៀល​ដែរ ប៉ុ​ន្ត​មក​ដល់​ពេល​នេះ ពួក​គាត់​លក់ដូរ​ស្ទើ​តែ​មិន​បាន​៥​ម៉ឺន​រៀល​ផង ។ ដូច្នេះ​ហើយ​អ្នកស្រី​បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណា​ជួយ​កែសម្រួល​តំបន់​មួយ​នេះ​ឲ្យ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ឡើង​វិញ ជា​ពិសេស​នោះ​ជួយ​ធ្វើ​យ៉ាងណា​កែសម្រួល​ឲ្យ​មាន​កន្លែង​ងូតទឹក​លេង​បាន​ដូច​កាលពីមុន​វិញ ។

ជាមួយ​គ្នា​នេះ​លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរ​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​កំពុង​តែ​រៀបចំ​កែ​លម្អ​សោ​ភណ្ឌ​ភាព​តំបន់​រមណីយដ្ឋាន​ទំនប់​៩៥​នេះ​ជា​បណ្តើរ​ៗ​ហើយ និង​រៀបចំ​សណ្តាប់ធ្នាប់​ការ​លក់ដូរ​របស់​អាជីវករ​នៅ​ទីនោះ​ឲ្យ​មាន​របៀបរៀបរយ និង​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​អប់រំ​ណែនាំ​ដល់​អាជីវករ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ទេសចរ និង​កែ​លម្អ​តំបន់​នេះ​ឲ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​បន្ថែម​ទៀត ។

លោក​ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្តព្រះវិហារ​បាន​លើក​ឡើង​ថា មន្ទីរ​បាន​រៀបចំ​កែសម្រួល​កន្លែង​បង្ហូរទឹក​ទំនប់​នេះ​បាន​៩០% ហើយ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ ដើម្បី​ធ្វើ​យ៉ាងណា​កែសម្រួល​ឲ្យ​មាន​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​អាច​ងូតទឹក​លេង​បាន​ដូច​មុន ។ លោក​ថា ជំនាញ​បាន​កែសម្រួល និង​កាយ​កំប្លោក បើកផ្លូវ​ទឹក​ឲ្យ​ហូរ​ឡើង​វិញ​នៅ​រដូវវស្សា​ឆ្នាំ​នេះ ដូច្នេះ​ហើយ​ភ្ញៀវ​ទេសចរ​អាច​មក​ងូតទឹក​លេង​កម្សាន្ត​បាន​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ