ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាវ បូ​រ៉ា នៅ​តែ​ចិញ្ចឹម​មហិច្ឆតា​ចង់​ក្លាយ​ជា​​កីឡាករ​អុក​អន្តរជាតិ​ដ៏​ល្បី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាករ ឈាវ បូ​រ៉ា ដែល​ល្បីល្បាញ​ផ្នែក​អុកចត្រង្គ ឬ​អុក​ខ្មែរ បន្ទាប់​ពី​លោក​ដណ្ដើម​បាន​ពាន​ស្ដេច​អុក​២​ឆ្នាំ​ជាប់​គ្នា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​សៀម រាប…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡាករ ឈាវ បូ​រ៉ា ដែល​ល្បីល្បាញ​ផ្នែក​អុកចត្រង្គ ឬ​អុក​ខ្មែរ បន្ទាប់​ពី​លោក​ដណ្ដើម​បាន​ពាន​ស្ដេច​អុក​២​ឆ្នាំ​ជាប់​គ្នា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​សៀម
រាប នៅ​មិន​ទាន់​សម្រេច​បំណង​ទទួល​បានការ បណ្ដុះបណ្ដាល​ផ្នែក​អុក​អន្តរជាតិ​នៅ​ក្រៅប្រទេស​ដូច​ការ​គ្រោងទុក​នោះ​ទេ ដោយសារ​តែ​លោក​មិន​មាន​លទ្ធភាព​ចេញ​ទៅ​សិក្សា​ដោយ​ខ្លួនឯង ។ ទោះបី​យ៉ាងណា លោក​នៅ​តែ​មាន​មហិច្ឆតា​ចង់​ចេះ​ស្ទាត់ជំនាញ​នេះ ដោយ​រំពឹង​ថា​ការ​សិក្សា​ស្វែង​យល់​ពី​អុក​អន្តរជាតិ តាម​ប្រព័ន្ធ​យូ​ធូប​កន្លង​មក នឹង​អាច​ឱ្យ​លោក​ចូល​ប្រកួត​អុក​អន្តរជាតិ ហើយ​ក្លាយជា​កីឡាករ​ល្បី​ក្នុង​ជំនាញ​នេះ​ផង​ដែរ​។

លោក ឈាវ បូ​រ៉ា ដែល​ជា​ស្ដេច​អុក​២​ជំនាន់ដ៏​ល្បីល្បាញ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​អះអាង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក​ត្រូវ​បាន​គេ​ទទួលស្គាល់​ហើយ​ថា​ជា​អ្នកមាន​ជំនាញ​ផ្នែក​អុកចត្រង្គ ឬ​អុក​ខ្មែរ ប៉ុន្តែ​ជំនាញ​ដែល​លោក​ចេះ​នេះ គឺ​ពេញ​និយម​តែ​នៅ​តំបន់​ជិតខាង​រួម​មាន​ថៃ ឡាវនិង​វៀតណាម​ប៉ុណ្ណោះ ចំណែក​នៅ​បណ្ដា​ពិភពលោក​ទាំងមូល​គេ​និយម​លេងអុក​អន្តរជាតិ និង​អុក​ចិន​ច្រើន​ជាង ទើប​លោក​ចង់​ចេះ​ជំនាញ​នោះ​ឱ្យ​ស្ទាត់ ។

លោក​ថា អុក​ចិន និង​អុក​អន្តរជាតិ មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ឆ្ងាយ​ពី​អុកចត្រង្គ​របស់​ខ្មែរ​តាំងពី​របៀប​លេង រចនាបថ និង​ចំណុច​ពិសេស​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឱ្យ​អុក​ទាំង​២​មិន​អាច​ច្រឡំ​គ្នា​បាន​ទេ បើ​ទោះជា​មាន​ឈ្មោះ​ថា​អុក​ដូច​គ្នា​យ៉ាងណា​ក្ដី ។ អ៊ីចឹង​ហើយ​ទើប​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បែងចែក​កីឡា​អុក​ជា​ពីរ​គឺ​អុកចត្រង្គ និង​អុក​អន្តរជាតិ ប៉ុន្តែ​លោក​ថា​កីឡា​អុក​អន្តរជាតិ​នៅ​កម្ពុជា​មិនសូវ​ដើរ​ទេ ដោយសារ​តែ​​កីឡា​ករ​​ភាគច្រើន​និយម​លេង​តែ​អុក​ខ្មែរ ហើយ​សម្រាប់​ការ​ប្រកួត​ក្នុងស្រុក​ក៏​មិនសូវ​មាន​ការ​ប្រកួត​អុក​អន្តរជាតិ​ផុសផុល ដែល​នាំ​ឱ្យ​មានការ​ចាប់អារម្មណ៍​លើ​អុក​អន្តរជាតិ​។

ក្នុង​នោះ​គ្រូបង្វឹក​ផ្នែក​អុក​អន្តរជាតិ​ដែល​មាន​ជំនាញ​អុក​អន្តរជាតិ ក៏​មិន​មាន​អ្នក​ពិតប្រាកដ​មក​បណ្ដុះ​ដល់​កូន​ខ្មែរ​ដែល​ចង់​ចេះ​នោះ​ដែរ ទើបធ្វើ​ឱ្យ​សូ​ម្បី​តែ​លោក​ដែល​ចង់​ចេះ​ផ្នែក​អុក ចត្រង្គ មិន​មាន​ជម្រើស​ក្រៅ​ពី​លេង​តាម​យូ​ធូប ប្រសិនបើ​ចង់​ចេះ​ស្ទាត់ ។ លោក​ចង់ឱ្យ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​វិស័យ​កីឡា​អុក​អន្តរជាតិ​ឱ្យ​ច្រើន​ជាង ឬ​បាន​ស្មើនឹង​អុកចត្រង្គដោយសារ​តែ​លោក​យល់​ថា បើ​កម្ពុជា​មាន​តែ
អុក​ខ្មែរ​រីក​ចម្រើន​ហើយ​ចូល​មិន​ចុះ​នឹង​អុក​អន្តរជាតិ គឺ​មិន​ខុស​ពី​ល្បី​តែ​ក្នុង​អណ្ដូង តែ​លទ្ធផល​ចុង​ក្រោយ​​មិន​អាច​បោះ​ជំហាន​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ ។

លោក​ថា កីឡា​អុក​ខ្មែរ​មានការ​រីក​ចម្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដោយ​លោក​បើក​សាលា​បណ្ដុះបណ្ដាល ក៏​មាន​អ្នករៀន​ច្រើន​ដែរ ប៉ុន្តែ​នៅ​ពេល​មានការ​អញ្ជើញ​ឱ្យ​តំណាង​កម្ពុជា​ចេញ​ប្រកួត​កីឡា​អុក​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេង​ៗ គឺ​កម្ពុជា​នៅ​តែ​ទៅ​មិន​រួច ។ លោក​ថា ខ្លួន​ចង់​បង្វឹក​ខ្លួនឯង​ឱ្យ​ចេះ​លេងអុក​អន្តរជាតិ​ក្នុង​ពេល​ខាង​មុខ ប៉ុន្តែ​មក​ទល់​ពេល​នេះ​អុក​អន្តរជាតិ​អត់​មាន​អ្នក​បង្រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាល់តែ​សោះ គឺ​មាន​តែ​នៅ​ក្រៅ​ស្រុក​ទើប​លោក​មាន​បំណង​ស្នើ​ឱ្យ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ប្រើ​យុទ្ធ​សាស្ត្រ​បែប​ណា​ដើម្បី​ឱ្យ​កម្ពុជា​មាន​គ្រូបង្វឹក​ផ្នែក​កីឡា​អុក​អន្តរជាតិ ដើម្បី​ជា​ប្រយោជន៍​ដល់​កីឡាករ​អុកចត្រង្គ ដោយ​លោក​ប្រកាស​ថា បើ​មាន​គឺ​លោក​នឹង​ស្ម័គ្រចិត្ត​ធ្វើ​ជា​អ្នក​ទៅ​សិក្សា​មុនគេ ដើម្បី​ស្វែង​យល់​ឱ្យ​ស៊ី​ជម្រៅ ។

លោក​ចង់ឱ្យ​កីឡា​អុក​អន្តរជាតិ​មាន​រូបភាព​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស ហើយ​បើ​លោក​បាន​ទទួល​ការ​ជ្រោមជ្រែង​ឱ្យ​ចេញ​ទៅ​ហាត់រៀន​នៅ​ក្រៅប្រទេស នោះ​លោក​នឹង​ធ្វើការ​ចាកចេញ​ទៅ​សិក្សា​ជំនាញ​នោះ​ឱ្យ​បាន​ស្ទាត់​ដូច​ការ​ចង់បាន គឺ​លោក​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ។ លោក​នៅ​ចង់​ក្លាយជា​អ្នក​ជំនាញ​ផ្នែក​អុក​អន្តរជាតិ បើ​ទោះជា​លោក​គឺជា​អគ្គលេខាធិការ​សហព័ន្ធ​អុកចត្រង្គ ដែល​មិន​អាច​ទៅ​ធ្វើ​ជា​កីឡាករ​អុក​អន្តរជាតិ នៅ​ក្នុង​សហព័ន្ធ​មួយ​ផ្សេង​ទៀត​ក្ដី ។

លោក​ថា ខ្លួន​ចង់​ចេះ​ជំនាញ​នេះ​ស្ទាត់ ដើម្បី​ទុក​គ្រាន់​បង្ហាត់​សិស្ស​ផង ឬ​អាច​វិវត្តន៍​ខ្លួន​ក្លាយជា​កីឡាករ​អុក​អន្តរជាតិ​ផង​នៅ​ពេល​ណាមួយ ដោយសារ​តែ​លោក​នៅ​មាន​បំណង​ធំ​មួយ គឺ​ចង់​ឈ្នះ​ពាន​ក្នុង​នាម​ជា​ម្ចាស់​ជើងឯក​អុក​អន្តរជាតិ​មួយទៀត បន្ទាប់​ពី​បាន​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​អុក​ខ្មែរ​ច្រើន​ដង​មក​ហើយ ។ យ៉ាងណាមិញ នៅ​ក្នុង​កាលៈទេសៈ ដែល​កម្ពុជា​មិន​ទាន់​មាន​អ្នក​បង្វឹក​ក្នុងស្រុក លោក​នៅ​តែ​បន្ត​រៀន​លេងអុក​អន្តរជាតិ​តាម​បណ្ដាញ​យូ​ធូប ដោយ​លោក​ប្រកាស​ថា បើ​រៀន​ស្ទាត់ជំនាញ​ដូច​ការ​ចង់បាន គឹ​នឹង​សាកល្បង​ចូល​ប្រកួត​ក្នុង​កម្មវិធី​ណាមួយ​ឱ្យ​ខាង​តែ​បាន ។

ប្រសិនបើ​ការ​ប្រកួត​មាន​លទ្ធផល​ល្អ នោះ​លោក​នឹង​ងាក​មក​បើក​បង្រៀន​អុក​អន្តរជាតិ​នេះ​មួយទៀត ដើម្បី​ចែករំលែក​ចំណេះដឹង និង​ដើម្បី​ឱ្យ​លោក​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​អាជីព​នេះ​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ