ខេត្តត្បូងឃ្មុំ ៖ រថយន្តវេអងមួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ 3A-7586 ដឹកឈើអារពេញហៀរចេញត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ត្រង់ចំនុចភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ និងបានឲ្យកម្លាំងអាវុធហត្ថខេត្តអូសនាំមកដាក់នៅផ្នែករដ្ឋបាលព្រៃឈើមេមត់ ដើម្បីឆែកមើលថា តើការផ្ទុកឈើនោះលើសចំនួនប៉ុន្មានម៉ែត្រគីប ។
តាមប្រភពឲ្យដឹងថា ឈើអារប្រភេទលេខ២ មានបរិមាណជាង១៦ម៉ែត្រគីប ចេញដោយលោកគង់ វិរៈ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែក ខេត្តមណ្ឌលគិរី ឲ្យមកលោកជូ លឹមឆេង តំណាងក្រុមហ៊ុនយ៉ានចាវខេមបូឌាខូអិលធីឌី ដឹកតាមរថយន្តវេអងពាក់ស្លាកលេខព្រះសីហនុ 3A-7586 ដោយមានពីរនាក់ប្តីប្រពន្ធបានបើកចេញមកដល់ត្រង់ចំនុចភូមិឃុំខាងលើ ត្រូវបានសមត្ថកិច្ចចំរុះឃាត់ដោយមិនអនុញ្ញាតឲ្យតៃកុងរថយន្តបន្តទៅមុខទៀតទេ កាលពីព្រឹកថ្ងៃទី០៧ ឧសភា ២០១៩ ។
ប្រភពដដែលបន្តថា ស្របពេលដែលរថយន្តអូសមកដាក់នៅក្នុងផ្នែករដ្ឋបាលព្រៃឈើមេមត់ នៅថ្ងៃទី៨ ឧសភា គេបានឃើញក្រុមកម្មករជាច្រើននាក់ដោយរងចាំលើកឈើពីលើរថយន្តវេអងទន្លាក់ចុះមកដី ដើម្បីធ្វើការវាស់វែងឲ្យដឹងពីបរិមាណពិតប្រាកដដែលនៅក្នុងច្បាប់មានជាង១៦ម៉ែត្រគីបថា តើក្រោយពីវាស់វែងទាំងអស់មានចំនួនប៉ុន្មានម៉ែត្រគីប ដោយមួយថ្ងៃពេញទី៨ ឧសភាមិនបានលើកទេត្រូវបានគេថា រង់ចាំថ្នាក់លើសម្រេចសិន ។
មន្ត្រីសមត្ថកិច្ចមួយរូបសុំមិនបញ្ចេញឈ្មោះបាននិយាយថា រថយន្តដឹកឈើចេញមកពីខេត្តមណ្ឌលគិរី កាត់តាមស្រុកស្នួលខេត្តក្រចេះចូលមកខេត្តត្បូងឃ្មុំមិនមែនមានខ្សែតូចតាចនោះទេ ។ ឈើដាក់លើរថយន្តវេអងនេះមានបរិមាណយ៉ាងហោចណាស់ ក៏ជាង៤០ម៉ែត្រគីបដែរ ។
លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តវិញប្រាប់ឲ្យដឹងដែរថា រថយន្តដឹកឈើដែលកម្លាំងរដ្ឋបាលព្រៃឈើឃាត់ និងបានអូសមកដាក់នៅផ្នែករដ្ឋបាលព្រៃឈើមេមត់ រូបលោក និងសុំគោលការណ៍ពីលោកបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសុំឆែកឆេលើកឈើ ដើម្បីរាប់ឲ្យដឹងពីចំនួនម៉ែត្រគីបរហូតមកដល់ព្រឹកថ្ងៃទី០៩ ឧសភា ២០១៩ នូវមិនទាន់មានរបាយការណ៍ណាមួយពីរដ្ឋបាលព្រៃឈើនូវឡើយ ។ ហើយប្រសិនក្នុងករណីរកឃើញដឹកឈើលើសច្បាប់នោះនឹងត្រូវផាកពិន័យទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ