អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ ពលករ​ខ្មែរ​ធ្វើការ​នៅ​ក្រៅប្រទេស​មិនមែន​ជា​ទាសករ​ទេ


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​អះអាង​ថា ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​គឺ​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជា​ទាសករ​ដូច​សម័យ​កាលដែល​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​បាន​ជួញដូរ​មនុស្ស ដើម្បី​បំពេញ​កង្វះខាត​កម្លាំង​ពលកម្ម​នោះ​ទេ ។ ការ​អះអាង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នេះ ក្រោយ​ពី​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ដូច​ជា​ទាសករ ។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា «​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស គឺ​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជា​ទាសករ​ដូច​សម័យ​កាលដែល​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​បាន​ជួញដូរ​មនុស្ស ដើម្បី​បំពេញ​កង្វះខាត​កម្លាំង​ពលកម្ម​នោះ​ទេ ។ និន្នាការ​ចំណាកស្រុក​ទៅ​កាន់​បរទេស ដើម្បី​ការងារ​នឹង​ជីវភាព​រួម​ជាមួយ​បទ​ពិសោធ គឺជា​លក្ខខណ្ឌ​សកល​ដែល​ប្រជាពលរដ្ឋ​នៃ​ប្រទេស​មួយ​ចំនួន​ធំ​ក្នុង​លោក​កំពុង​តែ​អនុវត្ត​ជាក់ស្ដែង​» ។

ថ្លែង​ការ​អ្នកនាំពាក្យ​បាន​បន្ដ​ថា រាជរដ្ឋាភិបាល​ក៏​បាន​បង្កើត​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ឲ្យ​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារពលកម្ម​ផ្ទៃក្នុង និង​ក្រៅ​ប្រ​ទេ ស ។ អ្នកនាំពាក្យ​ថា ពលករ​ខ្មែរ​ដែល​កំពុង​បំពេញការងារ​នៅ​ក្រៅប្រទេស​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​អនុវត្ត​ច្បាប់​អង្គការ​អន្ដរជាតិ​ដូច​ជា ផ្នែក​អន្តោប្រវេសន៍ (IOM) អង្គការ​ពលកម្ម អន្ដរជាតិ (ILO) អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក៏​ដូច​ជា ច្បាប់ និង​លក្ខខណ្ឌ​ផ្សេង​ៗ បន្ថែម​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការពារ​ពលករ​ខ្លួន​ដែល​មាន​ចំនួន​ជាង​១,២​លាន​នាក់​កំពុងធ្វើការ​នៅ​ក្រៅប្រទេស តាម​រយៈ​អនុស្សារ​នៈ​នៃ​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​រាជរដ្ឋាភិបាល​មួយ​ចំនួន​ដែល​ជា​ម្ចាស់ផ្ទះ (MoU) ។

សូម​រំលឹក​ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​បាន​បញ្ជូន​ប្រាក់​មក​កាន់​មាតុភូមិ​របស់​ខ្លួន​ជាង​២,៣​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ។ ព្រមទាំង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​រស់នៅ​ក្នុង​បរិយាកាស​មាន​សន្ដិភាព ស្ថិរភាព សុភមង្គល និង​ការ​អភិវឌ្ឍ​រួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាង​៧.៥% តាម​ការ​វាយតម្លៃ​ដោយ​ធនាគារពិភពលោក ។ ក្នុង​ថ្លែងការណ៍​ក៏​បាន​លើក​ឡើង​ថា ទិដ្ឋភាព​ទីផ្សារសេរី​នៃ​សកលភាវូបនីយកម្ម ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​មាន​សិទ្ធិ​ទទួល​បានការ​ងារ និង​ផលប្រយោជន៍ ដែល​ត្រូវ​បានការ​ពារ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​ដែល​ខ្លួន​ពេញចិត្ត​ជ្រើសរើស​ស្រប​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង​ជា​មាន​នឹង​គោលការណ៍​ពលកម្មរ​អន្តរជាតិ ។

ប្រភព​បន្ត​ថា នៅ​ក្នុង​បរិបទ​នេះ​រាជរដ្ឋាភិបាល​បាន និង​កំពុង​ប្រឹងប្រែង​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ជា​ច្រើន ដើម្បី​បង្ក​ភាព​ងាយស្រួល​ទាំង​ផ្នែក​ច្បាប់ បច្ចេកទេស សមត្ថភាព និង​លក្ខខណ្ឌ​ផ្សេង​ៗ​ទៀត​សម្រាប់​ផលប្រយោជន៍ និង​សិទ្ធិ​របស់​ប្រ ជា​ពលករ​ខ្មែរ ដែក​លោក​កំពុង​បំពេញការងារ​នៅ​ឯ​ក្រៅប្រទេស ។ ក្រៅពី​ឱកាស និង​បទ​ពិសោធន៍​ការងារ​ជាមួយនឹង​ប្រាក់​ចំណូល​ល្អ​ប្រសើរ​ពួក​គេ​ក៏​បាន​ទទួល​បាន​បន្ថែម​ទៀត​ផង​ដែល​នូវ​វប្បធម៌ និង​ចរិត​ការងារ​ពី​ប្រទេស​អភិវឌ្ឍ និង​ពង្រឹង​បន្ថែម​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត​របស់​កម្ពុជា​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ