ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​លើក​ហើយ​អស់​ជាង៣​ពាន់​ដុល្លារ​…​ទ្រាំ​លែង​បាន​រៀប​គម្រោង​ចាប់​តែ​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​យក​ទៅ​រក្សា​ទុក បន្ទាប់​ពី​មាន​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ជិះ​ទៅ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ទូរ​កុងតឺន័រ​លួច​យក​សំបក​កង់​រថយន្ត តែ​ក៏​ត្រូវ​ម្ចាស់​ដឹង​ទាន់ ធ្វើ​ឱ្យ​ជនសង្ស័យ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​ម៉ូតូ​២​គ្រឿង​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៩…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​យក​ទៅ​រក្សា​ទុក បន្ទាប់​ពី​មាន​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ជិះ​ទៅ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ទូរ​កុងតឺន័រ​លួច​យក​សំបក​កង់​រថយន្ត តែ​ក៏​ត្រូវ​ម្ចាស់​ដឹង​ទាន់ ធ្វើ​ឱ្យ​ជនសង្ស័យ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​ម៉ូតូ​២​គ្រឿង​នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ឃ្លាំង​ស្តុក​សំបក​កង់​រថយន្ត​គ្មាន​យីហោ​មួយ​កន្លែង ស្ថិត​តាម​បណ្ដោយ​ផ្លូវលំ ខាងក្រោយ​ភោជនីយដ្ឋាន​យីហោ ដឹ ធើ រេស ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​។

ម៉ូតូ​ទាំង​២​គ្រឿង​របស់​ក្រុម​ជនសង្ស័យ​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ ហើយ ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​យក​ទៅ​រក្សា​ទុក​នោះ​រួម​មាន មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១R-០៨២៤ និង​មួយ​គ្រឿង​ទៀត​ម៉ាក GPX ពណ៌​សលាយ​ក្រហម គ្មាន​ស្លាក​លេខ​។

បើ​តាម​ប្រភព​ពី​បុរស​ម្នាក់​​ជា​ម្ចាស់​ឃ្លាំង​កើតហេតុ​ខាងលើ​​មិន​​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ឃ្លាំង​របស់​គាត់​ខាងលើ គឺ​គ្មាន​អ្នក​នៅ​ដេក​យាម​នោះ​ទេ មាន​តែ​ទូរ​កុង​តី​ន័​រ​ប្រមាណ​ជាង​១០​ទូ ដែល​គាត់​ច្នៃ​ធ្វើ​សម្រាប់​ដាក់​ស្តុក​សំបក​កង់​រថយន្ត​នៅ​ខាងក្នុង ចាក់សោ​ចោល​ដោយ​មិន​ដែល​មាន​បញ្ហា​នោះ​ទេ​នា​ពេល​កន្លង​មក​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​យប់​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨ ឧសភា កន្លង​ទៅ​ថ្មី​ៗ​នោះ ក៏​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​ក្នុង​ឃ្លាំង គាស់​សោ​ទ្វារ​ទូ​កុងតឺន័រ​លួច​យក​សំបក​កង់​រថយន្ត​អស់​ជា​ច្រើន​គ្រាប់​បាន​ដោយ​សុវត្ថិភាព​ជា​បន្តបន្ទាប់​។ ក្នុង​នោះ​លើក​ទី​១-​ក្រុម​ជនសង្ស័យ​លួច​យក​សំបក​កង់​រថយន្ត​ប្រភេទ​រថយន្ត​តូច​ៗ អស់​ចំនួន​ជាង​១០​គ្រាប់ និង​លើក​ទី​២-​ក្រុម​ជនសង្ស័យ​លួច​យក​សំបក​កង់​រថយន្ត​ប្រភេទ​រថយន្ត​ដឹក​ដី អស់​ចំនួន​១០​គ្រាប់ សរុប​ចំនួន​សំបក​កង់​រថយន្ត​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្ម​លួច​យក​ទៅ​នោះ គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​ជាង​៣០០០​ដុល្លារ​។ បន្ទាប់​ពី​មាន​ហេតុការណ៍​ដូច​ច្នេះ គាត់​ក៏​បាន​កែ​ច្នៃ​កន្លែង​ចាក់សោ​ទ្វា​ទូ​កុងតឺន័រ​បន្ថែម​ដើម្បី​កុំ​ឲ្យ​ងាយស្រួល​ក្រុម​ជនសង្ស័យ​ធ្វើការ​លួច​គាស់​បាន​សម្រេច​ទៀត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រហូត​ដល់​ល្ងាច​ថ្ងៃ​កើតហេតុ​ខាងលើ ដោយសារ​តែ​គាត់​បាន​គិត​ថា ក្រុម​ជនសង្ស័យ​នឹង​មក​ធ្វើ​សកម្មភាព​លួច​សំបក​កង់​រថយន្ត​ជា​ថ្មី​ម្តងទៀត ទើប​គាត់​រៀបចំ​គម្រោងការ ដោយ​ធ្វើ​ជា​ចាក់សោ​ទ្វារ​ទូ​កុង​តី​ន័​រ និង​ទ្វាររបង​ទុក​ចោល​ដូច​សព​ដង​ជា​ធម្មតា ហើយ​គាត់​បាន​យក​ទូរស័ព្ទ​មួយ​គ្រឿង​ទៅ​បង្កប់​ទុក​ក្បែរ​ទូ​កុងតឺន័រ​ដែល​នៅ​ក្នុង​ឃ្លាំង រួច​ក៏​បាន​យក​ទូរស័ព្ទ​មួយ​គ្រឿង​ផ្សេង​ទៀត​តេ​ទៅ ដើម្បី​ធ្វើ​ជា​ឧបករណ៍​ស្រូប​សំឡេង​។

តាម​ប្រភពដដែលបាន​បន្ត​ទៀត​ថា បន្ទាប់​មក​គាត់​ក៏​បាន​ទៅ​អង្គុយ​ស្តាប់​ក្នុង​រថយន្ត​របស់​គាត់​ដែល​ចត​នៅ​ឆ្ងាយ​ពី​ឃ្លាំង​ស្តុក​សំបក​កង់​រថយន្ត​ខាងលើ​ប្រមាណ​៥០០​ម៉ែត្រ លុះដល់​វេលា​កើតហេតុ គាត់​ក៏​បានឮ​សំឡេង​ឆ្កែ​ព្រុស​តាម​ទូរស័ព្ទ​ដែល​គាត់​បាន​បង្កប់​ទុក​នៅ​ក្នុង​ឃ្លាំង​របស់​គាត់​ខាងលើ​។ ភ្លាម​ៗ​នោះ​គាត់​ក៏​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​។

តាម​ប្រភពដដែលបាន​បន្ត​ទៀត​ថា បន្ទាប់​មក គាត់​ក៏​បាន​ចូល​ទៅ​មើល​ក្នុង​ឃ្លាំង ស្រាប់តែ​ប្រទះ​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់​កំពុង​ធ្វើ​សកម្មភាព​គាស់​សោ​ទ្វារ​ទូ​កុងតឺន័រ​ដាក់​ស្តុក​សំបក​កង់​រថយន្ត​ខាងលើ ខណៈនោះ​ក្រុម​ជនសង្ស័យ​បានដឹង​ខ្លួន​ក៏​នាំ​គ្នា​ផ្លោះ​របង​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​ម៉ូតូ​ចំនួន​២​គ្រឿង រួម​ជាមួយ​ឧបករណ៍​ជក់​ថ្នាំ​ញៀន​មួយ​កំ​ផ្លេ នៅ​ក្នុង​ដី​ឡូត៍​ក្បែរ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​យក​ម៉ូតូ​របស់​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​គ្រឿង​នោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ