រាជធានីភ្នំពេញ ៖ ជនជាតិចិន២នាក់បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នបានបុកក្បាលនាគពុះចែកទ្រូងផ្លូវខូចអស់មួយផ្ទាំង ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើរងរបួសធ្ងន់២នាក់ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបង្កម៉ាកវីស្តូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T-9663 បើកបរដោយជនជាតិចិន២នាក់ បើកក្នុងទិសដៅពីលិចទៅកើតរងរបួសធ្ងន់២នាក់ ម្នាក់បាក់ជើង និងម្នាក់ទៀតបាក់ដៃ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ រថយន្តបង្កខាងលើដោយដឹងថា ជាជនជាតិចិនបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនលុះបើកមកដល់ចំណុចកើតហេតុដោយទីតាំងខាងលើដោយស្ថានភាពងងឹតផ្លូវទើបនឹងសាងសង់មិនទាន់ដាក់ភ្លើងបំភ្លឺផ្លូវត្រឹមត្រូវនៅឡើយ បន្ទាប់មកដោយសារតែជនជាតិចិនខាងលើ បើកលឿនពេកបានបុកក្បាលនាគពុះចែកទ្រូងផ្លូវខាងលើពេញទំហឹងបណ្តាលឲ្យក្បាលនាគពុះចែកទ្រូងផ្លូវខូចខាតមួយផ្ទាំង ចំណែករថយន្ត វិញបានក្រឡាប់ផ្ងារជើងឡើងលើនឹងបណ្តាលឲ្យជនជាតិចិនទាំង២នាក់រងរបួសធ្ងន់ម្នាក់បាក់ជើងខាងឆ្វេង និងម្នាក់ទៀត រងរបួសបាក់ដៃខាងស្ដាំរងរបួសធ្ងន់ទាំង២នាក់ ហើយប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ទៀតថា ទីតាំងខាងលើតែងតែមានគ្រោះថ្នាក់ជាញឹកញយផងដែរ ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលភ្លាមៗរថយន្តសាមុយឯកជនសម្ភពរស្មីបានមកដឹកភ្លាមៗផងដែរ តែភាគីរងគ្រោះខាងលើមិនព្រមទៅព្យាបាលភ្លាមៗឡើយរង់ចាំបងប្អូននឹង សាច់ញាតិមកដល់ទើបព្រមទៅជាមួយរថយន្តសង្គ្រោះ ។
ក្រោយពេលកើតហេតុជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានប្រគល់អោយជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើការវាស់វែង និងស្ទូចរថយន្តបង្កខាងលើយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ ៕
ចែករំលែកព័តមាននេះ