ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រធាន​និង​បុគ្គលិក​​«​លក់​ដី​ចម្ការ»​តែ​​មិន​ដឹង​នៅ​ទី​​​ណា?​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​លក់​អចលនវត្ថុ​(​ដីធ្លី​)​ដ៏​ធំដុំ​មួយ រួម​ជាមួយ​សហការី​របស់​ខ្លួន​ចំនួន​២​នាក់​ផង ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​៧ ឧសភា នៅ​ក្នុង​ក្រុង​បាត់ដំបង បន្ទាប់​ពី​មាន​បណ្ដឹង​ចោទប្រកាន់​ក្រុម​នេះ​ថា បាន​«​ឆបោក​ក្នុង​រឿង​លក់​ដីចម្ការ​»…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​លក់​អចលនវត្ថុ​(​ដីធ្លី​)​ដ៏​ធំដុំ​មួយ រួម​ជាមួយ​សហការី​របស់​ខ្លួន​ចំនួន​២​នាក់​ផង ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​៧ ឧសភា នៅ​ក្នុង​ក្រុង​បាត់ដំបង បន្ទាប់​ពី​មាន​បណ្ដឹង​ចោទប្រកាន់​ក្រុម​នេះ​ថា បាន​«​ឆបោក​ក្នុង​រឿង​លក់​ដីចម្ការ​» ដែល​គ្មាន​ទីតាំង​ដី​ពិតប្រាកដ​ គឺ​លក់​ដី​ខ្យល់ ។

យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន ១-​ឈ្មោះ​ឈី ចរិយា អាយុ​៣២​ឆ្នាំ រស់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមហ៊ុន​«​ហង្ស ម្ចាស់​ដី​» ដែល​​ទើប​ស្នង​តំណែង​ពី​ឪពុក ២-​ឈ្មោះ ឈិ​ត រតនា អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ជា​បុគ្គលិក​ក្រុមហ៊ុន ដែល​បម្រើ​ការ​នៅ​ការិយាល័យ​សាខា​នៅ​បាត់ដំបង និង​៣-​ឈ្មោះ​ជឺ ចិន្តា អាយុ​៤៧​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការ​នៅ​ការិយាល័យ​សាខា​បាត់ដំបង ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​ក្រុង​បាត់ដំបង ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត​ផង បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន បន្ទាប់​ពី​មានការ​ប្ដឹង​ចោទប្រកាន់​ក្នុង​អំពើ​«​ឆបោក​» ក្នុង​សំណុំរឿង​ដីធ្លី ។

លោក ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបងបាន​និយាយ​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ បាន​បង្កើត​សាខា​ក្រុមហ៊ុន​របស់​ខ្លួន​មួយ​ ដែល​មានឈ្មោះ​«​ឋាន​ព្រះ​ឥន្ទ​» ដែល​មាន​ស្នាក់​ការ​នៅ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វា​យប៉ោ ក្រុង​បាត់ដំបង ដើម្បី​ធ្វើ​សកម្មភាព​អំពាវនាវ​លក់​ដីធ្លី ដែល​ក្រុម​នេះ​អះអាង​ថា​ជា​ប្រភេទ​ដីចម្ការ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស ។ ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​នេះ និង​បុគ្គលិក​២​នាក់​ទៀត ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​អតិថិជន​របស់​ខ្លួន​ប្ដឹង​ចោទប្រកាន់​ពី​បទ​«​ឆបោក​» ដោយសារ​ក្រុមហ៊ុន​នេះ​លក់​ដី​ចម្ការ​ឲ្យ​ពួក​គេ ដែល​ជា​ដី​គ្មាន​ទីតាំង​ពិតប្រាកដ​(​ដី​ខ្យល់​) ។

នៅ​ក្នុង​កំណត់ហេតុ ជន​រង​គ្រោះ​ដែល​ទិញ​«​ដី​ខ្យល់​»​ពី​ក្រុមហ៊ុន​«​ហង្ស ម្ចាស់​ដី​» ម្នាក់​ឈ្មោះ វិញ វ៉ា​ន់ បាន​និយាយ​ថា ក្រុមហ៊ុន​នេះ បាន​អំពាវនាវ​លក់​ដីចម្ការ​ដែល​មាន​ដំណាំ​ដូងក្រអូប​ក្នុង​តម្លៃ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​មា​នទី​តាំងនៅ​ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។ គាត់​និយាយ​ទៀត​ថា មុន​ពេល​ទិញ​គាត់​ក៏​បាន​ទៅ​ពិនិត្យ​មើល​ទីតាំង​ដី​នោះ​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន ហើយ​បានឃើញ​ទីតាំង​ដីចម្ការ​នោះ​មែន ដែល​មានព្រៃ​ខ្លះ​ និង​ដំណាំ​ដូងក្រអូប​ខ្លះ ។

ក្រោយ​ពី​បានឃើញ​គាត់​ក៏​បាន​ចរចា​ទិញ​ចំនួន​២​ហិ​កតា ក្នុង​តម្លៃ​២៨.​០០០​ដុល្លារ តែ​ក្រុមហ៊ុន​តម្រូវ​ឱ្យ​បង់លុយ​លើក​ដំបូង​ចំនួន​២.៥០០​ដុល្លារ​ ហើយ​គាត់​ក៏​បាន​បង់​តាម​លក្ខ​ខ​ណ្ខ​របស់​ក្រុមហ៊ុន​ដែរ ។ លុះ​នៅ​ក្នុង​ខែមេសា ២០១៩ ក្រុមហ៊ុន​បាន​តម្រូវ​ឲ្យ​បង់លុយ​ផ្ដាច់​ចំនួន​២៥.​០០០​ដុល្លារ​ទៀត តែ​គាត់​មិន​ទាន់​
យក​លុយ​ទៅ​បង់​ទេ ដោយ​រង់ចាំ​ទៅ​ពិនិត្យ​មើល​ទីតាំង​ដី​នោះ​ម្ដងទៀត ប៉ុន្តែ​ក្រោយ​ពី​បាន​ទៅ​ពិនិត្យ​ជា​ថ្មី ស្រាប់​តែ​បែកធ្លាយ​ព័ត៌មាន​ថា «​ដីចម្ការ​ដូង​នោះ​ក្រុមហ៊ុន​ខាងលើ​នេះ មិន​ទាន់​មាន​សិទ្ធិ​កាន់កាប់​ ឬ​លក់ដូរ​ឡើយ​» ទើប​ខ្លួន​ដាក់​ពាក្យ​ប្ដឹង​តែ​ម្ដង ។ ដោយឡែក​ អតិថិជន​ដទៃ​ទៀត​ ក៏​បាន​ផ្ដល់​ចំលើយ​នៅ​ក្នុង​បណ្ដឹង​ដូច​គ្នា​និង​ជន​រង​គ្រោះ​ខាងលើ​នេះ​ដែរ ។

កោះសន្តិភាព​មិន​ទាន់​ទទួល​បាន​ចម្លើយ​បំភ្លឺ​ជាក់លាក់​ពី​ក្រុមហ៊ុន​«​ហង្ស ម្ចាស់​ដី​» ខាងលើ​នេះ​នៅឡើយ​
ទេ ។ ប៉ុន្តែ​បើ​តាម​ចម្លើយ​សង្ខេប​របស់​ឈ្មោះ ឈី ចរិយា ប្រធាន​ក្រុមហ៊ុន​នេះបាន​និយាយ​ថា ឪពុក​របស់​ខ្លួន​ឈ្មោះ​ឈី ហែម អាយុ​៦៥​ឆ្នាំ ទើប​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន​នេះមក​ឲ្យ​ខ្លួន ​កាលពី​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០១៩ ។ បើ​តាម​អ្វី​ដែល​ខ្លួន​បានដឹង គឺ​ក្រុមហ៊ុន​ខ្លួន​មាន​ដីចម្ការ​ដែល​មាន​ដំណាំ​ដូងក្រអូប ទុរេន ដំណាំ​
ប័​៊​រ សម្រាប់​លក់ក្នុង​តម្លៃ​ចាប់ពី​១៤.០០០​ដុល្លារ ​ដល់​២០.០០០​ដុល្លារក្នុង​១​ហិ​កតា ​ដែល​អតិថិជន​អាច​ទិញ​បង់​រំលស់ ។

លោក ឈី ចរិយា បាន​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​ខ្លួន​មាន​ទីតាំង​ធំ​នៅ​រាជធានី​ភ្នំពេញ ហើយ​មាន​បើក​សាខា នៅ​ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និង​ខេត្តបាត់ដំបង ដោយ​មានច្បាប់​អនុញាត​ត្រឹមត្រូវ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ និង​ក្រសួងកសិកម្ម​ផង​ដែរ ។

ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​អះអាង​របស់​ភាគី​​ក្រុមហ៊ុន​«​ហង្ស ម្ចាស់​ដី​» ដែល​ត្រូវ​អតិថិជន​របស់​ខ្លួន​ប្ដឹង​ចោទ​ប្រកាន់​​នេះ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​ថ្លែង​ថា ពិតមែនតែ​ភាគី​ក្រុមហ៊ុន​អះ​អាង​ថា មាន​ទីតាំង​ក្រុមហ៊ុន​ពិតប្រាកដ និង​មាន​ដីចម្ការ​រាប់​ពាន់​ហិ​កតា នៅ​តាម​បណ្ដា​ខេត្ត​ដូច​ការ​អះអាង​ខាងលើ តែ​រហូត​មក​ដល់​ពេល​នេះ ឈ្មោះ ឈី ចរិយា ដែល​អះអាង​ថា ជា​ប្រធាន​ក្រុមហ៊ុន​លក់​ដីធ្លី​នេះ មិន​ទាន់​បង្ហាញ​លិខិត​បទដ្ឋាន​នានា និង​ឯកសារ​ក្រុមហ៊ុន ឬ​ឯកសារ​ជាក់លាក់​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាន់​កាប់​ដី​របស់​ក្រុមហ៊ុន​ដោយ​ស្របច្បាប់​ត្រង់​ចំណុច​ណាមួយ ឬនៅ​ក្នុង​ខេត្ត​ណាមួយ​នៅឡើយ​ទ ។

លោកស្នងការ​រង​រូប​នេះ​​បាន​បញ្ជាក់​ថា តំណាង​ក្រុមហ៊ុន​នេះ ​គឺ​ឈ្មោះ ឈី ចរិយា បាន​អះអាង​ប្រាប់​សមត្ថ​កិច្ច​ថា ក្រុមហ៊ុន​ខ្លួន​មាន​ដីចម្ការ​នៅ​ខេត្តកំពតចំនួន​១៣.០០០​ហិ​កតា នៅ​ខេត្តពោធិ៍សាត់​ចំនួន​៤០០​ហិ​កតា នៅ​ខេត្តសៀមរាប ចំនួន​១.០០០​ហិ​កតា និង​នៅ​ខេត្តមណ្ឌលគិរី មាន​ចំនួន​២.០០០​ហិ​កតា ខណៈ​នៅ​ខេត្តបាត់ដំបង មាន​តែ​គម្រោង​«​ដី​ខ្យល់​» ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបានបញ្ជាក់បន្ថែម​ថា ជាមួយនឹង​ការ​ផ្ដល់​ចម្លើយ​នេះ លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ទាមទារ​ឲ្យ​តំណាង​ក្រុមហ៊ុន​នេះ បង្ហាញ​ឯកសារ​ទាំងឡាយ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​បើក​​ដំណើរការ​ក្រុមហ៊ុន និង​ឯកសារ​នានា ដែល​ពាក់​ព័ន្ធ​និង​ទីតាំង​ដីធ្លី​នីមួយ​ៗ តែ​មើលទៅ​ក្រុមហ៊ុន​នេះ ហាក់​មិន​ទាន់​មានការ​ឆ្លើយ​តប​ឡើយ ។ ដូច្នេះ​ហើយ​ ទើប​លោកស្នងការ​ខេត្ត និង​ព្រះរាជអាជ្ញា​សម្រេច​ឱ្យ​មន្ត្រី​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​តែ​ម្ដង ។

អត្ថបទសរសេរ ដោយ