រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្នើឲ្យយកប្រធាន «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ធ្វើជាចលនាក្នុងការអនុវត្តសកម្មភាពជាក់ស្តែង ។ ថ្លែងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១៥៦ឆ្នាំនៃទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រធានបទ« ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» គឺជាប្រធានបទដែលឆ្លើយតបទៅគ្រប់មនុស្ស ហើយទាក់ទងទៅនឹងមនុស្សពីរផ្នែកគឺ១-ទាក់ទង និងអ្នកផ្តល់ជំនួស និង២-អ្នកដែលទទួលបានផលពីការផ្តល់ជំនួយពីកាកបាទក្រហមកម្ពុជា ។
សម្តេចបានបន្តថា សិល្បៈ ឬវប្បធម៌នៃការចែករំលែងក្នុងចំណោមប្រជាជនកម្ពុជាយើង ប្រសិនបើគ្មានការសិល្បៈ និងវប្បធម៌ចែករំលែកនោះទេ យើងនឹងអាចជួបការលំបាក ។ ត្រង់ ចំណុចនេះយើងគួសង្កេតមើល ។ សម្តេចបញ្ជាក់ថា «ខ្ញុំចង់ឲ្យប្រធានបទ«ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ក្លាយទៅជាចលនាក្លាយជាសកម្មភាពអនុវត្តជាក់ស្តែង និងក្លាយជាចលនារបស់ជាតិទាំងមូល ។ ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជាមិនមែន ស្ថិតនៅលើក្រដាសនោះ ក៏ប៉ុន្តែត្រូវធ្វើជាសកម្មភាពជាក់ស្តែង ហើយត្រូវក្លាយជាចលនាតាំងពីថ្នាក់កំពូលរហូតដល់ប្រជាជនធម្មតា» ។
ជាមួយគ្នានោះដែរសម្តេចក៏បានសម្តែងក្តីសង្ឃឹមថាប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំចាំចាប់ពីថ្នាក់កំពូលអាចធ្វើបានចំពោះទ្រឹស្តី«ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា»ជាមួយសកម្មភាពមនុស្សធម៌មួយនេះ ។ សម្តេចបានអះអាងថាទ្រឹស្តីមួយនេះនឹងជួយឲ្យសង្គមមានសុខដុមរនាសម្រាប់ប្រជាជាតិផងដែរ និងសម្រាប់អ្នកមានលទ្ធភាព និងអ្នកមិនមានលទ្ធភាព ដើម្បីឆ្លើយតបជាមួយតម្រូវការរបស់ប្រជាពលរដ្ឋផ្នែកមនុស្សធម៌» ៕
ចែករំលែកព័តមាននេះ