ខេត្តកំពង់ស្ពឺ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងទៀត លើករណីឃាតកម្មលបបាញ់ប្រហារលើលោកគ្រូបង្ហាត់កីឡាម្នាក់ខណៈកំពុងអង្គុយហូបបាយថ្ងៃត្រង់ស្លាប់ភ្លាមៗនោះ គឺបានផ្តើមចេញពីរឿងគំនុំស្នេហាត្រីកោណ ដោយជនរងគ្រោះលួចទាក់ទងស្នេហាជាមួយប្រពន្ធរបស់ខ្លួន ហើយថតរូបបង្ហោះលើហ្វេសបុក ទៀត ។ គួររំលឹកថា ៖ មកបាញ់ប្រហារមនុស្សទាំងកណ្តាលថ្ងៃស្លាប់ភ្លាម..!
គួរបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០១រសៀលថ្ងៃទី៨ឧសភា២០១៩ ស្ថិតនៅក្នុងសាលាតាំងរបង ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈហូបជាមួយគ្រូផ្សេងៗ ។ ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ជួន ធារីរាសី ភេទប្រុស អាយុ៣០ឆ្នាំ ជាជាងមាស មានទីលំនៅភូមិទី៤ ឃុំព្រះពន្លា ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ រួមទាំងដកហូតកាំភ្លើងខ្លីកា៥៤មួយដើមផងដែរ ។ ដោយឡែក ជនរងគ្រោះដែលស្លាប់ឈ្មោះ ទូច វាសនា អាយុ២៥ឆ្នាំ ជាគ្រូកីឡានៅអនុវិទ្យាល័យតាំងរបង មានទីលំនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទៅសាលារៀនដូចសព្វដង ។ លុះដល់វេលាថ្ងៃត្រង់ក៏សំរាក ដើម្បីហូបបាយពេលកំពុងហូបបាយ ក៏ត្រូវជនសង្ស័យមកបាញ់ប្រហារអោយដួលស្លាប់ភ្លាមៗនៅក្បែរបង់អង្គុយតែម្តងក្នុងសាលា ។
បើតាមជនសង្ស័យឱ្យដឹងបន្តថា រូបគេនិងប្រពន្ធដែលមានស្រុកកំណើតនៅស្រុកគងពិសី បានយកគ្នាតាំងពីឆ្នាំ២០១៥ម្ល៉េះ ។ ក្រោយមក គេក៏ទៅរកសុីនៅខេត្តបន្ទាយមានជ័យ យូរៗទើបមកជួបប្រពន្ធម្តង ។រយៈពេល២ឆ្នាំនេះ ខ្លួនបានស៊ើបដឹងថា ប្រពន្ធបានលួចទាក់ទងជាមួយគ្រូបង្រៀនរូបនេះ ទើបធ្វើឱ្យឈឺចិត្តខ្លាំង ហើយក៏ធ្លាប់ប្រាប់ឱ្យឈប់ទាក់ទង តែគ្រូនេះមិនព្រមបញ្ឈប់ទេ ។
ជាងនេះទៀត មិនត្រឹមតែមិនបញ្ឈប់ការទាក់ទងប្រពន្ធខ្លួនទេ លោកគ្រូរូបនេះបានថតជាមួយប្រពន្ធខ្លួនបង្ហោះលើហ្វេសប៊ុកបញ្ឈឺខ្លួនទៀតផង ទើបទ្រាំពុំបានក៏ទិញកាំភ្លើងពីខេត្តបន្ទាយមានជ័យ ហើយធ្វើដំណើរមករកជនរងគ្រោះដើម្បីបាញ់សម្លាប់ចោលតែម្តង ។
ចែករំលែកព័តមាននេះ