ខេត្តស្ទឹងត្រែង ៖ គិតត្រឹមចន្លោះជិតមួយសប្តាហ៍កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែងបានបង្ក្រាប ចាប់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនជាបន្តបន្ទាប់ ចំនួន៣កញ្ចប់ធំ ដែលកញ្ចប់នីមួយៗមានទម្ងន់ជិតមួយគីឡូក្រាមឆ្លងកាត់ពីប្រទេសឡាវចូលកម្ពុជាតាមច្រករបៀងជាប់ព្រំដែនកម្ពុជា-ឡាវ ។
យោងតាមករណីជាក់ស្តែង កាលពីល្ងាចថ្ងៃទី២ ឧសភា ២០១៩ នៅចំណុចផ្លូវជាតិលេច៩ បំបែកចូលព្រះរំកិល ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបានចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់ ដោយប្រើប្រាស់ជំនាញអូសទាញពីកន្លែងងងឹតតាមរយៈវិធានញុះ ញុង ក្នុងទី១- ឈ្មោះសុំ សាង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិលើ ឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ និងម្នាក់ទៀតឈ្មោះ មុត សៃ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ។
ជាក់ស្តែងជាលទ្ធផលពីការធ្វើតេស្តបានបញ្ជាក់ថា ជាប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា ទម្ងន់៩៩៤,៥ក្រាម ។ បច្ចុប្បន្នជនសង្ស័យរួមវត្ថុតាងត្រូវបានកសាងសំណុំរឿងតាមនីតិវិធីទៅតុលាការតាមវិធានការច្បាប់ស្តីពីគ្រឿងញៀន ។ ដោយឡែកនៅថ្ងៃទី៦ ឧសភា ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដឹកដោយលោកវរៈសេនីយ៍ឯក ដួង វិចិត្រមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ប្រព្រឹត្តនៅចំណុចផ្លូវអាស៊ានភូមិលើសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។
លោកវរសេនីយ៍ឯកបានឲ្យដឹងថា ប្រតិបត្តិការក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះទូច វ៉ាត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ព្រមទាំងដកហូតថ្នាំញៀនបានមួយកញ្ចប់ធំ មានទម្ងន់៩៦៦.៦ស្មើរនឹងជិត១គីឡូក្រាម ។ ក្រោយបញ្ចប់នីតិវិធីកម្លាំងមន្ទីរជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមច្បាប់ ។ បន្ទាប់ពីវេលាម៉ោង១២និង៣០នាទីថ្ងៃ ទី៨ ឧសភា ២០១៩ ជនជាតិឡាវម្នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថដឹកនាំបង្ក្រាបដោយលោកវរៈសេនីយ៍ឯក ដួង វិចិត្រ ក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងនៅចំណុចស្ពានទី២ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង រួមជាមួយថ្នាំ ញៀនមួយកញ្ចប់ធំ នាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថធ្វើការសាកសួរបន្ត ។ ជនសង្ស័យជនជាតិឡាវមានឈ្មោះ ជឿ ហាយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិចាំម៉ឺយ ស្រុកភុងសាលី ខេត្តភុងសាលី ប្រទេសឡាវជាប់ព្រំដែនប្រទេសចិន ។
ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខព្រះរាជអាជ្ញា និងសមត្ថកិច្ចថា របស់នេះមិនមែនជារបស់ខ្លួនទេ គឺមានមនុស្សម្នាក់ហុចអោយនៅក្នុងផ្សារខេត្តភុងសាលី ប្រទេសឡាវ ដោយគេអោយឈ្នួលក្នុងតម្លៃ៥លានគីបស្មើ ២៥០,០០០,០រៀលលុយខ្មែរ ដើម្បីប្រគល់អោយគេនៅក្បែព្រំដែនកម្ពុជា ។ បន្ទាប់ការចាប់ខ្លួនរួមវត្ថុតាងជនសង្ស័យត្រូវបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តធ្វើតេស្តរកសារធាតុញៀនក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ជាក់ស្តែងវត្ថុតាងរឹបអូសជាប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លាមានទម្ងន់សរុប ១០៤៤,៧ក្រាម ស្មើទម្ងន់សុទ្ធ១០០២,៥ក្រាម ។ ទាក់ទិនករណីខាងលើសមត្ថកិច្ចបានបញ្ជូនសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីផងដែរ ៕
ចែករំលែកព័តមាននេះ