ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមិនចេះអក្សរក៏ប្រឡងយកប័ណ្ណបើកបរបានដែរ..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​អាច​ជឿ​ទុក​ចិត្ត​បានបាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​និង​កំពុង​តែ​មមារញឹក​ចងក្រង​រៀបចំ​ឯកសារ​ផ្លូវការ ដើម្បីបញ្ចូល​ទិន្នន័យ​ក្នុង​ប្រ​ព​ន្ធ័​ស្វ័យប្រវត្តិកម្ម…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​អាច​ជឿ​ទុក​ចិត្ត​បានបាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​និង​កំពុង​តែ​មមារញឹក​ចងក្រង​រៀបចំ​ឯកសារ​ផ្លូវការ ដើម្បីបញ្ចូល​ទិន្នន័យ​ក្នុង​ប្រ​ព​ន្ធ័​ស្វ័យប្រវត្តិកម្ម ដាក់​ឲ្យ​ដំណើរការ​ប្រឡង​យក​ប័ណ្ណបើកបរ សម្រាប់​អ្នក​ដែល​មិន​ចេះអក្សរ ។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោងការ​ខាងលើ​នេះ ក្រសួង​សាធារណការ បាន​កំណត់​យក​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ឧសភា​នេះ រៀបចំ​ឲ្យ​បាន​រួចរាល់ និង​អាច​ដាក់​ឲ្យ​ដំណើរការ​នៅ​អំឡុង​ខែមិថុនា ឆាប់​ៗ​នេះ ។ មន្ត្រី​ដដែល​បាន​បន្ត​ថា ជា​ធម្មតា​ការ​ប្រឡង​សម្រាប់​អ្នកចេះ​អក្សរ ត្រូវ​ប្រឡង​ទ្រឹស្តី​តាម​រយៈ​សំនួរចម្លើយ ដោយ​ធិ​កលើ​កុំ​ព្យួរ​ទ័​រ ពេល​ជាប់​ទើប​បន្ត​ទៅ​ប្រឡង​ដៃចង្កូត​ទៀត ទាល់តែ​ជាប់​ទាំង​ពីរ​នេះ បាន​ចេញ​លទ្ធផល​ថា​ជាប់ ។

ចំណែក​ឯកសារ​ដែល​គ្រោង​ប​ញ្ជូ​ល​ក្នុង​ទិន្នន័យ​កុំ​ព្យួរ​ទ័​រ ប្រ​ព​ន្ធ័​ស្វ័យប្រវត្តិកម្ម ការ​ប្រឡង​សម្រាប់​អ្នក​មិន​ចេះអក្សរ អាច​ផ្លាស់​ប្តូរ​តែ​កម្មវិធី​ប្រឡង​ទ្រឹស្តី​តាម​រយៈ​កុំ​ព្យួរ​ទ័​រ​ទេ ហើយ​ក៏​អាច​មិន​មាន​ជា​អក្សរ​ដែរ គឺ​មាន​តែ​រូបភាព និង​សំឡេង​តែ​ម្តង ឬ​ក៏​អាច​មាន​សំនួរ​ផ្ទាល់មាត់​ខ្លះ​ក៏​ថា​បាន ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រសួង​បាន​កំណត់​យក​ការ​ប្រឡង​គ្រប់​វិញ្ញាសា ត្រូវ​តែ​មានការ​ត្រួតពិនិត្យ​ដោយ​គណៈកម្មការ​មេ​ប្រយោគ​ផង និង​ត្រួតពិនិត្យ​តាម​រយៈ​ប្រ​ព​ន្ធ័​កាមេរ៉ា​សុវត្ថិភាព ស្វ័យប្រវត្តិ​ផង​ដែរ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ ដែល​មិន​ចេះអក្សរ​ខ្មែរ​មាន​តិច​ទេ គឺ​មិន​ដល់​៣%​ផង នៃ​ប្រជា​ពលរ​ដ្ខ​សរុប ចំណែក​អ្នក​បេ​ី​កបរ​មិន​ចេះអក្សរ​ខ្មែរ ភាគ​ច្រេ​ី​ន​អ្នក​រត់​ម៉ូតូ​កង់​បី​តែ​ម្តង ព្រោះ​ពួក​គាត់​មក​ពី​បណ្តា​ខេត្ត​នានា មក​រត់​នៅ​រាជធានី​ភ្នំពេញ ។ម៉ូតូ​កង់​បី​នៅ​ភ្នំពេញ​មាន​ជិត​២​ម៉ឺន​៥​ពាន់​គ្រឿង មន្ត្រី​ជំនាញ​អំពាវនាវ​ឲ្យ​អ្នកបើកបរ​រួសរាន់​ទៅ​រៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​កោះសន្តិភាព​ដឹង​ថា ម៉ូតូ​កង់​បី​ដែល​បាន​ចុះបញ្ជី​ផ្លូវការ និង​កំពុង​ធ្វើ​ចរាចរ​ណ៏​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​២៤.៤២៩​គ្រឿង ក្នុង​នោះ​ម៉ូតូ​កង់​បី​ខ្មែរ​មាន​ចំនួន​១០.០៩១​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មាន​ចំនួន​១៤.៣៣៨​គ្រឿង ដែល​អ្នក​បើក​បរ​មិន​ទាន់​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ និង​ត្រូវ​ឲ្យ​ពួក​គាត់​រួសរាន់​ទៅ​រៀន​ច្បាប់ និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​កន្លង​មក ក្រុម​បងប្អូន អ្នកបើកបរ​ត្រីចក្រយានយន្ត ជា​ពិសេស​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ភាគច្រើន​ពុំ​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ ព្រមទាំង​មិន​ទាន់​បាន​យល់​ដឹង​ពី​ច្បាប់ និង​ស្លាក​សញ្ញា​ចរាចរ​ណ៏​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ដែរ ។ ដោយសារ​ហេតុផល​បែប​នេះ ទើប​គណៈកម្មាធិការ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក ក្រសួង​សាធារណការ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​មន្ទីរ​សា​ធា​រណការ និង​ដឹក​ជ​ញ្ជួ​ន​រាជធានី​ភ្នំពេញ រៀបចំ​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥត​គិតថ្លៃ ដើម្បី​ឲ្យ​បងប្អូន​រត់​ម៉ូតូ​កង់​បី​ចេះ​ច្បាប់​ចរាចរណ៍ និង​ឲ្យ​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ។

លោក​បន្ត​ថា វគ្គ​បណ្តុះបណ្តាល​នោះ មាន​រយៈពេល​២​ខែ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​២ ខែមីនា ដល់​ថ្ងៃ​ទី​៤ ខែឧសភា ដែល​ទើបតែ​បញ្ចប់​ក្នុង​ពេល​ថ្មី​ៗ​នេះ និង​ត្រូវ​បាន​ចែក​ចេញ​ជា​៩​វគ្គ ដោយ​មាន​អ្នក​ចូល​រៀន​វគ្គ​សរុប​ចំនួន​៦.៤៣៥​នាក់ បេក្ខជន​ដាក់​ពាក្យ​ប្រឡង​ចំនួន​៣.០៦០​នាក់ អវត្តមាន​ចំនួន​១១៤​នាក់ និង​ប្រឡង​ជាប់​មាន​ចំនួន​១.៦១០​នាក់ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា ការ​បណ្តុះបណ្តាល​នេះ គឺជា​ធ្វើ​ឡើង​ដោយ​ឥត​គិតថ្លៃ តែ​សិក្ខាកាម​ដែល​ជា​ម្ចាស់​ម៉ូតូ​កង់​បី ដាក់​ពាក្យ​ប្រឡង​នោះ ត្រូវ​បង់ថ្លៃ​សេវា​រដ្ឋ សរុប​រួម​ចំនួន​៤​ម៉ឺន​រៀល ក្នុង​នោះ​ពិនិត្យ​សុខភាព​១​ម៉ឺន​រៀល​ផង​ដែរ ។ ចំពោះ​បងប្អូន​មាន​ប័ណ្ណបើកបរ​រថយន្ត បើ​ទៅ​បើកបរ​ម៉ូតូ​កង់​បី​ក៏​ត្រូវ​តែ​មាន​ប័ណ្ណបើកបរ​ម៉ូតូ​កង់​បី​ដែរ ។

លោកនាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ទាំងអស់ រួសរាន់​ទៅ​រៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ជៀសវាង​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ តាម​ផ្លូវ ចំណែកឯ​ក្រុមការងារ បាន​និង​កំពុង​ត្រៀមចាំ​ទទួល​បងប្អូន​ជា​និច្ច ។

គួរ​រំលឹក​ថា លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ របស់​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៩ ធ្លាប់​បាន​បញ្ជាក់​ថា ក្រសួង​សម្រេច​ទុក​ពេល​៣​ខែ ឱ្យ​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ទាំងអស់​ចូល​ទៅ​រៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ ដើម្បី​រួមចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​កកស្ទះ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ​។

អត្ថបទសរសេរ ដោយ