រាជធានីភ្នំពេញ៖ លោកខៃ ប្រសិដ្ឋ បានមកចូលរួមសម្តែងជាលើកទីពីរនៅលើទឹកដីកំណើត បន្ទាប់ពីចូលរួមសម្តែងបទ«ឪពុកអ្នកក្រ»កាលពីពេលកន្លងទៅ ។ ការចូលរួមសម្តែងជាថ្មីរបស់លោកខៃ ប្រសិដ្ឋ ធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង បើទោះបីជាពេលនេះលោកមានវ័យកាន់តែចាស់បន្តិច និងបានឃ្លាតឆ្ងាយយូរឆ្នាំពីឆាកសម្តែងនេះក៏ដោយ ។
រូបភាពជាច្រើនសន្លឹកនៃការសម្តែងរបស់លោកខៃ ប្រសិដ្ឋ បានបង្ហោះតាមហ្វេសប៊ុកមួយ របស់បុរសដែលរួមសម្តែងជាមួយលោក។ បើតាមការអះអាងពីលោកខៃ ប្រសិដ្ឋ ប្រាប់សារព័ត៌មាននាពេល ថ្មីៗកន្លងមកឲ្យដឹងថា ការសម្តែងរបស់លោកនាពេលនេះគឺមិនមែនជាការថតខ្សែភាពយន្តទេ ពោលគឺជាការថតបទចម្រៀងពីដើមមួយ ដែលលោកដើរតួជាស្តេច។ បទចម្រៀងដែលលោកបានថតនេះគឺនៅរមណីយដ្ឋានថ្មរូង ។ លោកបានសម្រេចថតនាពេលនេះគឺដោយសារលោកនិងម្ចាស់ផលិតកម្មជាអ្នកស្គាល់គ្នាជិតស្និទ្ធ ។
លោកខៃ ប្រសិដ្ឋ ថាមូលហេតុដែលលោកសម្រេចចិត្តថតឡើងវិញព្រោះតែនៅមិនដាច់អាល័យពីសិល្បៈ ហើយគាប់ជួនលោកបានមកលេងស្រុកកំណើតផងនោះក៏ចូលថតតែម្តង ។ លោកចូលរួមថតនាពេលនេះ មិនមែនមានន័យថា លោកត្រឡប់ចូលវិថីនេះជាថ្មីឡើយ ពោលលោកគ្រាន់តែចង់ថតបែបកម្សាន្ត ជួយមិត្តភក្តិដែលធ្លាប់ធ្វើការជាមួយគ្នាកន្លងមកប៉ុណ្ណោះ។
លោកខៃ ប្រសិដ្ឋ មកលេងស្រុក២សប្ដាហ៍ ហើយប្រហែល១សប្ដាហ៍ទៀតលោកនឹងត្រឡប់ទៅប្រទេសអូស្ត្រាលីវិញហើយ ។ បើទោះបីជាលោកខៃ ប្រសិដ្ឋ មានវ័យកាន់តែចាស់ក៏ពិតមែន ប៉ុន្តែរូបរាងរបស់លោកមើលទៅនៅតែសង្ហា ក្នុងពេលដែលលោកក៏នៅតែទទួលការចាប់អារម្មណ៍ពីទស្សនិកជននៅក្នុងទិដ្ឋភាពដែលលោកកំពុងតែថតនោះផងដែរ។
បច្ចុប្បន្នលោកខៃ ប្រសិដ្ឋ រស់នៅក្នុងរដ្ឋ Brisbane ប្រទេសអូស្ត្រាលីជាមួយកូនប្រុសច្បងវ័យជាង២០ឆ្នាំ ឈ្មោះខៃសិដ្ឋ លីស័ក្ត ហៅម៉ៃឃើល ដែលជាតំណក់ឈាមជាមួយអ្នកនាងពិសិដ្ឋ ពិលីកា ។ លោករួមរស់ជាមួយភរិយាថ្មីរបស់លោកដែលមានកូនប្រុស-ស្រីចំនួន៣នាក់ទៀត ។
លោកខៃ ប្រសិដ្ឋ បានចាកចេញពីទឹកដីកំណើតទៅរស់នៅប្រទេសអូស្ត្រាលីអំឡុងឆ្នាំ១៩៩៩ ដោយបញ្ចប់អាជីពសិល្បៈទាំងស្រុង ហើយចូលធ្វើការនៅក្នុងក្រុមហ៊ុនអគ្គិសនី ។ លោកខៃ ប្រសិដ្ឋ ធ្លាប់មកលេងស្រុកខ្មែរម្តងជាពីរដងមកហើយ ប៉ុន្តែតែងតែលាក់បាំងដោយមិនចង់ឱ្យគេដឹងពីដំណើររបស់លោក
ទេ ៕
ចែករំលែកព័តមាននេះ