ខេត្តកំពង់ចាម ៖ មនុស្សចំនួន២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកមនុស្ស២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏រថយន្តបុកបន្តកន្ទុយគ្នាចំនួន៣គ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលេខ៧០និង៧១ ត្រង់ចំនុចខាងលិចរោងចក្រវ៉ា ឡុង ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី៧ ឧសភា ២០១៩ ។
តាមប្រភពពីនគរបាលចរាចរណ៏ស្រុកជើងព្រៃបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ខាងលើរួមមាន១-ឈ្មោះជី ទង ភេទស្រី អាយុ៥៧ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ ២-ឈ្មោធា ភេទប្រុស អាយុ២៥ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ ៣-ឈ្មោះសីហា ភេទប្រុស អាយុ១៨ឆ្នាំ នៅស្រុកកំរៀង ខេត្តព្រះវិហារ បានរងរបួសធ្ងន់ និង៤-ឈ្មោះគោ ភេទប្រុស អាយុ១៧ឆ្នាំ បានរងរបួសធ្ងន់។
តាមប្រភពពីនគរបាលចរាចរណ៏ស្រុកជើងព្រៃដដែលបានបន្តថា មុនកើតហេតុ រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ ២AB-២៤៦៣ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ក៏បានបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម ៣A-១២១៨ កំពុងបើកបរស្របទិសគ្នា ហើយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម នេះក៏បានទៅកៀររថយន្តមួយគ្រឿងផ្សេងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3៣A-៣៦៩៣ ពេលកំពុងឈប់តាមផ្លូវ បណ្តាលឲ្យមនុស្សចំនួន២នាក់បានស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរងរបួសធ្ងន់ ចំណែករថយន្តរងការខូចខាតកំរិតធ្ងន់ទាំង៣គ្រឿង។
លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឲ្យដឹងថា
ជនរងគ្រោះដែលស្លាប់ និងរបួសធ្ងន់ខាងលើជិះក្នុងរថយន្តម៉ាកសាំយ៉ុង ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ជូនឱ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំង៣គ្រឿងខាងលើត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកជើងព្រៃដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕
ចែករំលែកព័តមាននេះ