ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ កែវ រំ​ចង់ ប្រកាស​មិន​វ៉ៃ​កីឡាករ​ក្នុងស្រុក ក្លាយជា​ប្រធានបទ​ក្ដៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃនេះ កីឡាករ កែវ រំ​ចង់ បាន​ក្លាយជា​ប្រធានបទ​ក្ដៅ ដោយ​មានការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​ជំហរ​លោក​ឈប់​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​។ អ្នកខ្លះ​បាន​គាំទ្រ…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃនេះ កីឡាករ កែវ រំ​ចង់ បាន​ក្លាយជា​ប្រធានបទ​ក្ដៅ ដោយ​មានការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​ជំហរ​លោក​ឈប់​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​។ អ្នកខ្លះ​បាន​គាំទ្រ ប៉ុន្តែ​អ្នកខ្លះ ក៏​មានការ​រិះគន់​ផង​ដែរ ខណៈ​ដែល​គេ​កត់​សម្គាល់ថា បើ​ទោះជា​ជំហរ​គាំទ្រ ឬ​រិះគន់ តែ​កែវ រំ​ចង់ កំពុង​ទាញ​នូវ​ប្រជាប្រិយភាព​ពី​ប្រធានបទ​នោះ​។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ច្រើន ត្រូវ​គេ​កត់​សម្គាល់ថា បាន​បើក​ប្រធានបទ​ជជែក​គ្នា និង Share ជំហរ​របស់ កែវ រំ​ចង់ អម​ដោយ​ការ​បញ្ចេញមតិ​គាំទ្រ​ផង និង​រិះគន់​ផង ។ អ្នកគាំទ្រ បាន​លើក​ឡើង​ថា គឺជា​ការ​ប្រសើរ​ណាស់ ដែល​កីឡាករ​រូប​នេះ បដិសេធ​មិន​ធ្វើការ​ប្រកួត​ជាមួយ​កីឡាករ​គ្នា​ឯង បើ​ទោះជា​អ្នក​រៀបចំ​កម្មវិធី​ហា៑ន​ឱ្យ​តម្លៃ​កម្រិត​ណា ក្នុង​ពេល​ដែល​គេ​បានដឹង​រួច​ជា​ស្រេច​ថា នេះ​គឺជា​ជំហរ​ដែល​មាន​តែ​ម្នាក់​នៅ​កម្ពុជា ហើយ​បើ​ទោះជា​នៅ​ប្រកួត​ក៏​ពិបាក​ដាក់​គូ​។

ប៉ុន្តែ​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​តូច បាន​រិះគន់​ថា ហេតុផល​ដែល កែវ រំ​ចង់ ឈប់​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា គឺ​ដោយសារ​តែ​ខ្លាច​ចាញ់​កីឡាករ​កម្ពុជា​ណាមួយ ហើយ​បាក់មុខ នៅ​ពេល​ប្រកួត​ចប់​។ អ្នក​ទាំងនោះ​បន្ត​ថា កីឡាករ កែវ រំ​ចង់ ប្រកួត​ល្អ ប៉ុន្តែ​គេ​នៅ​មាន​អាកា​រៈ​វ៉ៃ​ច្រឡោត​ៗ​នៅ​ពេល​ប៉ះ​គូប្រកួត​ខ្លាំង និង​ពេល​ធ្វើ​អី​មិនសូវ​បាន​នៅ​លើ​រេញ​។

អ្នក​ទាំងនោះ​បន្ត​ថា កែវ រំ​ចង់ គឺជា​កីឡាករ ដែល​ទទួល​បានការ​ជ្រោមជ្រែង​នៅ​ប៉ុស្តិ៍​បាយ័ន ដូច្នេះ​រាល់​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ នៅ​ប៉ុស្តិ៍​បាយ័ន គឺ​ទោះជា​ចាញ់​ប្រៀប​កីឡាករ​ថៃ​បន្តិចបន្តួច ក៏​នៅ​តែ​ឈ្នះ​នោះ​ដែរ ទើប​គេ​ប្រកាស​ជំហរ​ឈប់​ធ្វើការ​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក​ដូច​គ្នា ដើម្បី​កុំឱ្យ​អាម៉ាស់​ប្រសិនបើ​ចាញ់​។

អ្នក​រិះគន់​ទាំងនោះ​បន្ត​ទៀត​ថា កែវ រំ​ចង់ សុខចិត្ត​គេ​ឱ្យ​ប៉ុន្មាន​ក៏​មិន​ទទួល​ប្រកួត​ជាមួយ​កម្ពុជា​គ្នា​ឯង​នោះ​ដែរ ព្រោះ​បើ​ប្រកួត​ចាញ់​ថៃ គណៈកម្មការ​នឹង​ប្រកាស​ថា​កីឡាករ​ថៃ​នោះ​ខ្លាំង​ប្រចាំ​ប្រទេស​ថៃ វា​មិនសូវ​បាក់មុខ​ដូច​ចាញ់​គ្នា​ឯង ដែល​សុទ្ធតែ​អ្នកគាំទ្រ​ការ​ប្រដាល់​ស្គាល់​ច្បាស់​ពី​សមត្ថភាព​។

អ្នក​ទាំងនោះ​បាន​ទាំង​ព្រលយ​ថា អ្នក​រៀបចំ​ប្រចាំ​ប៉ុស្តិ៍​បាយ័ន ដែល​ជា​អ្នក​កុងត្រា​ផ្ដាច់មុខ​លើ កែវ រំ​ចង់ សុទ្ធតែ​បានដឹង​ពី​សមាសភាព​របស់​កីឡាករ​ថៃ​ដែល​ដាក់​ឱ្យ​ប្រកួត​ជាមួយ​ជា​មុន​អស់ហើយ គឺ​មិន​ចេះ​តែ​ដាក់​ប្រថុយប្រថាន​បំបាក់​គេ​នោះ​ទេ ដើម្បី​កុំឱ្យ​ខូច​ប្រជាប្រិយភាព​របស់​កែវ រំ​ចង់ ដែល​តួឯក​របស់​បាយ័ន និង​ដើម្បី​កុំឱ្យ​បាក់មុខ​គេ​នៅ​លើ​សង្វៀន​ផង​។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ បាន​ទាំង​អះអាង​ថា កែវ រំ​ចង់ បើ​ទទួល​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក ក៏​មិន​ប្រាកដ​ថា​ឈ្នះ​កីឡាករ​ជា​គូប្រកួត​នោះ​ដែរ ដោយសារ​តែ​កីឡាករ​ក្នុងស្រុក​មួយ​ចំនួន​ក៏​ខ្លាំង​មិនធម្មតា ជា​ពិសេស​អ្នក​ល្បី ហើយ​បន្ត​រក្សា​ក្រេ​ឌី​ត​បាន​មក​ដល់​បច្ចុប្បន្ន​។ យ៉ាងណាមិញ​ម្នាក់​ៗ​ហាក់​គាំទ្រ និង​ឱ្យ​តម្លៃ​លើ​ជំហរ​របស់ កែវ រំ​ចង់ ដែល​ប្រកាស​មិន​ប្រកួត​ជាមួយ​កីឡាករ​គ្នា​ឯង​។

កែវ រំ​ចង់ មិន​ត្រូវ​បាន​គេ​ឃើញ​ចេញ​មុខ​ប្រតិកម្ម​ថា លោក​ឈប់​ប្រកួត​ជាមួយ​កីឡាករ​ក្នុងស្រុក ព្រោះតែ​ខ្លាច​ចាញ់​អាម៉ាស់មុខ​នោះ​ទេ ដោយ​លោក​ត្រូវ​គេ​កត់​សម្គាល់ថា នៅ​ស្ងៀម បើ​ទោះជា​លោក​គឺជា​អ្នក​សកម្ម​នឹង​ការ​លេង​ហ្វេ​ស​ប៊ុ​ក ដែល​ពិតជា​ដឹង​ច្បាស់​ពី​ការ​លើក​ឡើង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ