ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​អាក្រក់​តាម​ផ្តន្ទា​តូប​លក់​«​ក្រ​សែត​»…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយ​យោង​ទៅ​តាម​គោលការណ៍​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ទី​សារ​ធារ​ណៈ និង​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញកន្លង​មក ជា​ពិសេស​អាជ្ញាធរ​ខណ្ឌចំការមន ដែលមាន​លោក ថេ​ង សុ​ថុ​ល អភិបាល​ទើប​ឡើង​កាន់​តំណែង​ថ្មី​កំពុង​តែ​មាន ចំណាត់ការ​រឹត​បន្តឹង​អ្នក​ក្រីក្រ…

រាជធានីភ្នំពេញ ៖ ដោយ​យោង​ទៅ​តាម​គោលការណ៍​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ទី​សារ​ធារ​ណៈ និង​តាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញកន្លង​មក ជា​ពិសេស​អាជ្ញាធរ​ខណ្ឌចំការមន ដែលមាន​លោក ថេ​ង សុ​ថុ​ល អភិបាល​ទើប​ឡើង​កាន់​តំណែង​ថ្មី​កំពុង​តែ​មាន ចំណាត់ការ​រឹត​បន្តឹង​អ្នក​ក្រីក្រ ដែល​មានមុខ​របរ​លក់ «​ក្រ​សែត​» ហៅ​កាសែត សៀវភៅ​សិក្សា ជា​បណ្តើរ​ៗ ខណៈ​ដែល​មុខរបរ​មួយ​នេះ​កំពុង​តែ​ប្រឈម​មុខ​ទៅ​នឹង​ការ​ដុនដាប​យ៉ាង​ខ្លាំង​ទៅ​ហើយ​នោះ ។

ជាក់ស្តែង ​តូប​លក់​ក្រ​សែត សៀវភៅ ។​ល​។ ចំនួន​៤​តូប ដែល​មា​នទី​តាំងនៅ​ជាប់​របង​វត្ត​ទួល​ទំពូង​ខាង​លិច តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​តែ​ម្តង ត្រូវ​បាន​អាជ្ញាធរ​ទើប​ឡើង​ថ្មី​ធ្វើទុក្ខបុកម្នេញ​តម្រូវ​ឱ្យ​រុះរើ​ចេញ ឈប់​លែងឱ្យ​លក់​ចាប់ពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ នេះ​តទៅ​ហើយ ដោយ​មិន​មាន​ដំណោះស្រាយ​អ្វី​ឡើយ គឺ​ដេញ​ចោល​តែ​ម្រ៉​ង អត់​មាន​រក​ទីតាំង​ណា​ឱ្យ​លក់ដូរ​សមរម្យ​ឡើយ ដូច​ទៅ​ងាប់​ឯណា​ទៅ​ៗ ។

ស្ត្រី​ឈ្មោះ សុខ ខេ​ង អាយុ​៥៦​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​បាន​ទិញ​តូប​លក់​កាសែត​នេះ​ត​
ពី​គេ​ក្នុង​តម្លៃ​រាប់​ពាន់​ដុល្លារ​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ ដើម្បី​លក់​ក្រ​សែត សៀវភៅ និង​ប៊ិ​ច និង​មានច្បាប់​ចេញពី​សាលា​រាជធានី​ឱ្យ​លក់​យ៉ាង​ត្រឹមត្រូវ​។

លុះ​មក​ដល់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ កន្លង​មកនេះ ខាង​សាលាសង្កាត់​ទួល​ទំពូង​ទី​១ បាន​ហៅ​ពួក​គាត់​ចំនួន​៤​តូប ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥ ក្បែរ​របង​វត្ត​ទួល​ទំពូង​ខាងលិច​ឱ្យទៅ​ធ្វើ​កិច្ចសន្យា និង​ផ្តិត​មេដៃ​រុះរើ​តូប​ចេញ​ឈប់​លក់​ឱ្យ​អស់​ចាប់ពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ជា​កំហិត​។ ប្រសិនបើ​ពួក​គាត់​ទាំង​៤​តូប មិន​ព្រម​នាំ​គ្នា​រុះរើ​តូប​ដោយ​ខ្លួនឯង​ឱ្យ​អស់​ទៅ​តាម​កាលកំណត់​ទេ កម្លាំង​អាជ្ញាធរ​សង្កាត់​ទួល​ទំពូង​ទី​១ នឹង​ចុះ​ធ្វើការ​រុះរើ​តែ​ម្តង ។ ម្យ៉ាងវិញទៀត​មិន​ទទួលខុសត្រូវ​រាល់​ការ​បាត់បង់ ឬ​ខូចខាត​លើ​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់​ឡើយ ។

ស្រី្ត​អ្នកលក់​ក្រ​សែត​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា តូប​លក់​ក្រសែ​តរបស់​ពួក​គាត់​ទាំង​៤​តូប គឺ​សុទ្ធតែ​មានច្បាប់​អនុញ្ញាតិ​ឱ្យ​លក់​ពី​សាលាក្រុង​ត្រឹមត្រូវ ដោយ​បាន​បង់ប្រាក់​ចំនួន​៣៥​ដុល្លារ​ចូល​សាលា​រាជធានី​ភ្នំពេញ​ជា​ប្រចាំឆ្នាំ​មិន​ដែល​អាក់ខាន​ម្តងណា​ឡើយ ហើយ​ពួក​គាត់​សុទ្ធតែ​មាន​ជីវភាព​ខ្សត់ខ្សោយ​បំផុត ។ ចុះ​ហេតុ​អ្វី​រហូត​មក​ទល់​នឹង​ពេល​នេះ បែរជា​អាជ្ញាធរ​សង្កាត់​ទួល​ទំពូង​ទី​១ តម្រូវ​ឱ្យ​ពួក​គាត់​នាំ​គ្នា​រុះរើ​តូប​ចេញ ដែល​ជា​តូប​លក់​ដោយ​មានច្បាប់​ត្រឹមត្រូវ ឈប់​ឱ្យ​លក់ដូរ​ទាំង​បង្ខំ បែប​នេះ​ទៅ​វិញ ។

ដោយឡែក ការ​ដេញ​តូប​ក្រសែ​តរបស់​ពួក​គាត់​ឱ្យ​ឈប់​លក់​នេះ​ដែរ គឺ​ធ្វើ​ឡើង​តែ​៤​តូប ដែល​មា​នទី​តាំងនៅ​ជាប់​ម្ខាង​ក្បែរ​របង​វត្ត​តែ​ប៉ុណ្ណោះ ។ ចំណែកឯ​តូប​ដទៃ​ទៀត ដែល​នៅ​ជាប់​ៗ​គ្នា​ខាង​មុខ​សាលា​នោះ​មិន​ត្រូវ​បាន​អាជ្ញាធរ​ដេញ​ឱ្យ​រុះរើ​ឡើយ ។

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ មាន គឹ​ម​ស្រូ​យ ជា​អាជីវករ​តូប​លក់​ក្រសែ​តម្នាក់​ទៀត​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ពេល​កន្លង​មក ខាង​សាលាសង្កាត់​ទួល​ទំពូង​ទី​១ បាន​ចេញ​លិខិត​អញ្ជើញ​មួយ​មក​ដល់​រូប​គាត់​ឱ្យទៅ​កាន់​សាលាសង្កាត់​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ ដោយ​រូប​គាត់​មិន​បានដឹង​ថា​មាន​បញ្ហា​អ្វី​ឡើយ ។

លុះដល់​ថ្ងៃ​កំណត់​រូប​គាត់​ក៏​បាន​ឡើង​ទៅ​សាលាសង្កាត់ ទួល​ទំពូង​ទី​១ ទៅ​ជួបនឹង​លោក​ចៅសង្កាត់​រង​ម្នាក់​ឈ្មោះ ហាក់ ពេល​នោះ​ក៏​ស្រាប់តែ​លោក​ចៅសង្កាត់​រូប​នោះ​ហុច​ក្រដាស់ កិច្ចសន្យា​មួយ​សន្លឹក ដោយ​តម្រូវ​ឱ្យ​ផ្តិត​មេដៃ​ទាំង​បង្ខំ​ភ្លាម​ៗ​ផង​ដែរ ។ ដោយ​ក្នុង​ក្រដាស់​កិច្ចសន្យា និង ផ្តិត​មេដៃ​នេះ​ដែរ គេ​តម្រូវ​ឱ្យ​រូប​គាត់​ធ្វើការ​រុះរើ​តូប​លក់​ក្រ​សែតរបស់​គាត់​ឱ្យ​អស់​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ខាង​មុខ និង​ឈប់​លក់​នៅ​ទី​នេះ​តទៅ​ទៀត ។

ពាក់​ព​ន្ធ័​ទៅ​នឹង​ការ​តម្រូវ​ឱ្យ​រុះរើ​តូប​ឈប់​លក់​របស់​គាត់​នៅ​ក្បែរ​របង​វត្ត​ទួល​ទំពូង​នេះ​គាត់​ថា រូប​ខ្ញុំ​មិន​អាច​សម្រេច​យក​បាន​ភ្លាម​ៗ​ទៅ​តាម​កាលកំណត់​បាន​ឡើយ ព្រោះ​អី​តូប​កាសែត​របស់​គាត់​ជា​តូប​ដែល​មានច្បាប់​អនុញ្ញាតិ​ពី​សាលាក្រុង​ឱ្យ​ធ្វើការ​លក់ដូរ​រក​លុយ​ចិញ្ចឹម​កូន​នៅ​ទី​នេះ​អស់​រយះ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​យ៉ាង​ត្រឹមត្រូវ ។

ដោយ​មាន​ទាំង​ប៉ាតង់ និង បាន​បង់លុយ​ជូន​ចំនួន​៣៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ជា​ប្រចាំ​មិន​ដែល​ខាន​នោះ​ទេ ម្យ៉ាងវិញទៀត​រូប​គាត់​មិន​មាន​កន្លែង​លក់​ផ្សេង​ទេ ប្រសិនបើ​ឱ្យ​គាត់​រុះរើ​ចេញ​នោះ តើ​ឱ្យ​រូប​គាត់​ទៅ​លក់​នៅ​ទីណា​វិញ​ទៅ?សព្វថ្ងៃ​រូប​គាត់​ប្រកប​មុខរបរ​លក់​កាសែត​នេះ គឺ​លក់​សំរាប់​ឱ្យ​ម៉ូយ​ដែល​មក​រក​ទិញ​តិចតួច គ្រាន់តែ​យក​លុយ​ចិញ្ចឹម​កូន​ៗ​ចាយ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ព្រោះតែ​មិន​មានមុខ​របរ​ផ្សេង​ហើយ​ម្យ៉ាងទៀត​មុខរបរ​មួយ​នេះ ក៏​កំពុង​តែ​មានការ​ធ្លាក់​ចុះ​ដុនដាប កាន់តែ​ខ្លាំង​មិន​ដូច​ពី​មុន​ទេ ។

លោក ឆេ​ង ជៀក ចៅសង្កាត់​ទួល​ទំពូង​ទី​១ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា លោក​ធ្វើ​នេះ​ទៅ​តាម​គោល​ការណ៍​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​របស់​លោក​អភិបាល​ខណ្ឌចំការមន​ដែរ គឺ​ឱ្យធ្វើ​ការ​រៀប​ចំណី​ផ្លូវ លើ​ទ្រូងផ្លូវ​ឱ្យ​វាល ។ អីចឹង​ចំណី​វត្ត ទ្រូ​វ​ផ្លូវ​វត្ត​ទី​១ គឺ​ត្រូវធ្វើ​ឱ្យ​វាល ដើម្បី​ពុទ្ធបរិ​ស័ទ​ចាស់​ៗ​ទៅ​វត្ត​ធ្វើបុណ្យ​បាន​ស្រួល​អត់​មានការ​ភ្ញាក់ផ្អើល​ទេ​។

ដោយ​រៀបចំ​ទៅ​តាម​គោលការណ៍​បញ្ជា​របស់​អភិ​បាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​អភិបាល​ខណ្ឌ ដើម្បី​រៀបចំ​តាម​ចិញ្ចើម​ផ្លូវ​ក៏​ដូច​ជា​ផ្លូវ​សាធារណៈ ។ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បណ្តេញ​រុះរើ និង​ឈប់​មាន​តូប​លក់​កាសែត​ទាំង​៤​តូប​លក់​នៅ​ក្បែរ​របង​ខាងលិច​វត្ត​ទួល​ទំពូង​នេះ​ដែរ កោះសន្តិភាព​យើង​ក៏​បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​តាម​រយៈ​ទូរស័ព្ទ​ទៅ​កាន់​លោក ថេ​ង សុ​ថុ​ល ជា​អភិ​បាល​ខណ្ឌចំការមន ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ៗ​នេះ​ដែរ តែ​លោក​ឆ្លើយ​ថា «​ពេល​នេះ​រូប​លោក​ជាប់​រវល់​ក្នុង​កម្មវិធី​សំណេះសំណាល​មួយ​» ពេល​នេះ​មិន​អាច​និយាយ​អ្វី​បាន​ទេ ។

មតិយោបល់​របស់​សាធារណជនបើ​ក្រឡេក​មើលទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ និង​ទីក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម នៅ​មាន​ប្រជាជន​ប្រកប​មុខរបរ​តាម​ចិញ្ចើម​ផ្លូវ​នៅឡើយ ។ គេ​រៀបចំ​ឱ្យ​មាន​ទីតាំង​លក់ដូរ​យ៉ាង​ស្អាត មាន​សណ្តាប់ធ្នាប់ ព្រោះ​គេ​យល់​ថា ប្រជាជន​គេ​នៅ​ក្រីក្រ គេ​ជួយ​អ្នក​ក្រីក្រ​ឱ្យ​មានមុខ​របរ​ទៅ​តាម​លទ្ធភាព ។ ចំណែក​នៅ​រាជធានី​ភ្នំពេញ​យើង អភិបាលក្រុង​មុន​ៗ​ចាប់តាំងពី​លោក ជា សុ​ផា​រ៉ា មក​ក៏​មានការ​រៀបចំ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ដែរ តាម​ចិញ្ចើម​ផ្លូវ ។ ជា​ពិសេស​តូប​លក់​ក្រ​សែត​សុទ្ធតែ​មាន​គំរូ​ប្លង់​តូប មើលទៅ​ជា​តូប​តូច​ល្មមមាន​ដំបូល​មាន​ខ្នាត​ឯកភាព​សមរម្យ​នៅ​អែប​ចិញ្ចើម​ផ្លូវ ។

ពេលវេលា​នេះ អ្នកក្រ​សែត​ក៏​ដូច​អ្នកលក់​ក្រ​សែត​ដែរ​…​ក្រ​នៅ​តែ​ក្រ​…​ក្រ​ម្លឹ​ង​ហើយ​…​នៅ​តាម​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​ទៀត មិន​សក្តិ​សមជាអាជ្ញាធរ​បំរើប្រជាជន​បាន​ល្អ​ឡើយ ។ បើ​ថា​ទីនោះ ទើសភ្នែក ទើស​ច្រមុះ ខ្លាច​ខូច​បុណ្យ​សក្តិ​មុខមាត់គួរ​រក​ទីណា​មួយ​សមរម្យ​ក្បែរ​ៗ​ឱ្យ​អ្នកក្រ​រកស៊ី​បន្តទៀត​ផង កុំ​ដេញ​តាម​អំណាច​ពេក​…​កុំ​ដេញ​ឱ្យទៅ​ងាប់​ឯណា​ងាប់​ទៅ​ដូច​នៅ​ខណ្ឌចំការមន​បែប​នេះ ប្រាកដជា​គ្មាន​ការ​គាំ​ទ្រ និង​មិន​អាច​ឱ្យ​អ្នកក្រទទួលយក​បាន​ឡើយ ៕​

អត្ថបទសរសេរ ដោយ