ខេត្តបាត់ដំបង ៖ លោក ប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ ដែលកំពុងតាមស្រាវជ្រាវរឿងសត្វក្រពើនេះ លោកមិនទាន់ហ៊ានអះអាងបែបណាឲ្យជាក់លាក់នៅឡើយ ដោយដាក់ការសង្ស័យថា វាអាចជាសត្វក្រពើដែលគេចិញ្ចឹម ព្រោះមើលទៅវាមិនខ្លាចមនុស្ស ហើយមិនកាចសាហាវទេពេលមនុស្សចាប់វា ។ ប៉ុន្តែលោកបានបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃមុននេះមន្ត្រីជំនាញបានបើកទ្វារទឹកទំនប់កង្ហតសម្រកទឹកប៉ែកខាងលើ ដើម្បីធ្វើស្ពាន ធ្វើឲ្យទឹកស្ទឹងសង្កែផ្នែកខាងក្រោមឡើងខ្លាំងបន្តិច ។ លោកអធិការនិយាយថា កន្លងមកគេមិនធ្លាប់ជួបប្រទះសត្វក្រពើនៅតាមដងស្ទឹងទេ តែនៅពេលទឹកស្រក ស្រាប់តែអ្នកភូមិប្រទះឃើញធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
លោក ប៉ាន់ វ៉ាន់នី បានបញ្ជាក់បន្ថែមជុំវិញការចាប់បានក្រពើ២ក្បាលនេះថា រហូតដល់ពេលនេះ យើងនៅតែមិនច្បាស់លាស់អំពីប្រភពនៃសត្វក្រពើនេះ តែយើងសង្ស័យក្រពើនេះរួចចេញពីកន្លែងអ្នកចិញ្ចឹម នៅខាងក្រុងបាត់ដំបងឬនៅស្រុកឯកភ្នំ ដែលវាបានឡើងមកតាមដងស្ទឹងសង្កែ ក្នុងអំឡុងពេលភ្លៀងប៉ុន្មានថ្ងៃមុននេះ ។ ប៉ុន្តែបើសត្វក្រពើទាំងនោះរួចពីកន្លែងចិញ្ចឹមមែន គេក៏មិនដឹងរួចចេញប៉ុន្មានក្បាលដែរ។
លោកអធិការបានប្រាប់ដែរថា ពេលនេះលោកស្នងការខេត្តបញ្ជាឲ្យមន្ត្រីនៅតាមមូលដ្ឋានសហការជាមួយពលរដ្ឋ ត្រូវធ្វើការតាមដាននិងចុះត្រូតពិនិត្យ និងតាមឃ្លាំមើលតាមដងស្ទឹងសង្កែ ក្រែងប្រទះឃើញសត្វក្រពើដទៃទៀតដែលនៅសេសសល់ដើម្បីតាមចាប់ ចៀសវាងបង្កគ្រោះថ្នាក់ដល់មនុស្សដែលចុះងូតទឹកក្នុងស្ទឹង
គួររំលឹកថា បន្ទាប់ពីមានការភ្ញាក់ផ្អើលដែលអ្នកភូមិចាប់បានក្រពើ២ក្បាល ជាបន្តបន្ទាប់នៅក្នុងទឹកស្ទឹងសង្កែ ពេលនេះសមត្ថកិច្ចនិងប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកបាណន់ បាននិងកំពុងនាំគ្នាចុះត្រួតពិនិត្យតាមដងស្ទឹងសង្កែ ដើម្បីស្វែងរកក្រពើផ្សេងទៀត ក្រែងមាននៅសេសសល់ ដែលគេអះអាងថា អាចជាក្រពើ ដែលរួចចេញពីកន្លែងចិញ្ចឹមណាមួយ ។
អធិការស្រុកបាណន់លោក ប៉ាន់ វ៉ាន់នី បានថ្លែងប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី៦ ឧសភានេះថា ពិតជាមានសត្វក្រពើមែន ដែលអ្នកភូមិចាប់បាននៅតាមដងស្ទឹងសង្កែចំនួន២ក្បាល ។ លោកអធិការបានប្រាប់ថា សត្វក្រពើទាំង២ក្បាលនោះ ត្រូវអ្នកភូមិចាប់បាននៅកន្លែងផ្សេងគ្នា និងចាប់បាន២ថ្ងៃជាប់ៗគ្នា ។ លោកនិយាយទៀតថា នៅរសៀលថ្ងៃទី៣ ឧសភា អ្នកភូមិម្នាក់ឈ្មោះ ស៊ត សុហេង ភេទប្រុស អាយុ៣២ឆាំ្ន រស់នៅភូមិទួលច្រនៀង ឃុំបាយដំរាំ បានចុះទៅងូតទឹកស្ទឹងសង្កែដែលនៅខាងលិចផ្ទះរបស់គាត់បន្តិច ។ ពេលនោះស្រាប់តែឆ្កែរបស់គាត់បានប្រទះឃើញក្រពើមួយក្បាលកំពុងសម្ងំនៅលើគោកក្បែរមាត់ទឹក ហើយក៏ព្រូសស្ទុះដេញសត្វក្រពេី ទើបគាត់ស្ទុះទៅវាយក្រពើនោះបាន ដែលមានទម្ងន់ប្រហែល១០គីឡូក្រាម ។
ដោយឡែក សត្វក្រពើមួយក្បាលទៀតដែលមានទម្ងន់ប្រហែល៣០គីឡូក្រាម ត្រូវបានអ្នកភូមិម្នាក់ទៀតឈ្មោះ ថៃ ជ្រូក ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទូលច្រនៀង ជាមួយគ្នាដែរ ចាប់បាននៅវេលាម៉ោង៩យប់ថ្ងៃទី៤ ឧសភា ពេលដែលគាត់ចុះទៅរកបង់សំណាញ់នៅក្នុងស្ទឺង ដែលស្ថិតនៅខាងលិចផ្ទះរបស់គាត់បន្តិច ។ លោក ប៉ាន់ វ៉ាន់នី បានបញ្ជាក់ថា អ្នកបង់សំណាញ់បានប្រទះឃើញក្រពើនោះកំពុងហែលនៅកន្លែងទឹករាក់ ទើបគាត់បង់សំណាញ់គ្របចាប់បានតែម្ដង ។
ការចាប់បានក្រពើ នៅក្នុងស្ទឹងសង្កែនេះ បើតាមលោក ស៊ត សុហេង ដែលចាប់បានក្រពើលើកដំបូង បាននិយាយប្រាប់សត្ថកិច្ចថា តាំងពីដើមមកគាត់មិនដឹងថា មានក្រពើនៅរស់ក្នុងស្ទឹងបែបនេះទេ ។ គាត់និយាយទៀតថា នៅថ្ងៃនោះគាត់បានចុះទៅងូតទឹក ស្រាប់តែឆ្កែរបស់គាត់ព្រួសយ៉ាងខ្លាំង ពេលគាត់មើលទៅស្រាប់តែឃើញឆ្កែកំពុងព្រួសក្រពើមួយក្បាលដែលកំពុងសម្ងំមាត់ទឹក ហើយក្រពើនោះក៏រកខាំឆ្កែវិញដែរ ។ ឃើញដូច្នេះគាត់ក៏ស្ទុះទៅទាញដំបង វាយក្រពើនោះងាប់យកទៅចែកអ្នកភូមិធ្វើម្ហូបតែម្ដងទៅ។
ដោយឡែកលោក ថៃ ជ្រូក ដែលចាប់ក្រពើបានមួយក្បាលដែរ បាននិយាយថា នៅយប់នោះគាត់បានចុះទៅក្នុងស្ទឹងដើម្បីរកបង់សំណាញ់ ។ ប៉ុន្តែពេលនោះស្រាប់តែប្រទះឃើញក្រពើមួយក្បាល កំពុងហែលនៅកន្លែងទឹករាក់ ទើបគាត់បង់សំណាញ់គ្របចាប់បានតែម្ដង ។ ក្រពើនោះមានទម្ងន់ប្រហែល៣០គ.ក ហើយយកទៅលក់ឲ្យអ្នកភូមិម្នាក់បានតម្លៃ៣៥ម៉ឺនរៀល ។
ជុំវិញការចាប់ក្រពើ បាន២ក្បាលនៅក្នុងស្ទឹងសង្កែ ខាងលើនេះហាក់ធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារកន្លងមកគេមិនធ្លាប់ជួបប្រទះ។ អ្នកភូមិខ្លះនិយាយថា សត្វក្រពើនោះទំនងឆ្លងមកពីផ្នែកខាងលើ នៃទ្វារទឹកទំនប់កង្ហត នៅប៉ែកខាងលើ ដែលគេបានបើកបង្ហូរនាប៉ុន្មានថ្ងៃមុននេះ ។ ព្រោះនៅប៉ែកខាងលើទំនប់កង្ហត កន្លងទៅគេធ្លាប់ប្រទះឃើញមានក្រពើដែរ ។ ប៉ុន្តែអ្នកភូមិខ្លះយល់ផ្ទុយពីនេះ ដោយសង្ស័យថា ក្រពើទាំង២ក្បាលនោះ ទំនងអាចរួចចេញពីកន្លែងគេចិញ្ចឹម ។ ព្រោះបើពិនិត្យលើសត្វក្រពើដែលអ្នកភូមិចាប់បាននោះ គឺហាក់ដូចជាមិនកាចសាហាវ ដូចសត្វក្រពើរស់នៅតាមទឹកបែបធម្មជាតិនោះទេ ។
ចែករំលែកព័តមាននេះ