ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​បាត់ដី​ផ្ទាល់ខ្លួន​…​សុំ​អាជ្ញាធរ​ជួយ​សម្រួល​ឱ្យ​សម​ស្រប​មក​គាត់​វិញ​ផង

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ការ​កើត​ទុក្ខ​មិន​សុខចិត្ត​មួយ បាន​កើតឡើង​លើ​គ្រួសារ​ លោក​អូក ញ៉ និងអ្នកស្រី ម៉ី ផា​ន្នី ដែល​រស់នៅ​ភូមិ​ព្រៃស្រោង…

ខេត្តតាកែវ ៖ ការ​កើត​ទុក្ខ​មិន​សុខចិត្ត​មួយ បាន​កើតឡើង​លើ​គ្រួសារ​ លោក​អូក ញ៉ និងអ្នកស្រី ម៉ី ផា​ន្នី ដែល​រស់នៅ​ភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ចំពោះ​អាជ្ញាធរ​ដែល​បាន​សម្រេច​បើកផ្លូវ​ឱ្យ​​ពលរដ្ឋ តែធ្វើ​ឱ្យ​លោកត្រូវបាត់បង់​ដី​ផ្ទាល់ខ្លួន​​គាត់​ ទាំង​ដែល​មិន​​ទទួល​បា​​​ដំណោះស្រាយ​ណាមួយ​ឱ្យ​សម​​​ស្រប​មក​វិញ ​។

តាមគ្រួសារ​រង​គ្រោះ​ខាងលើ ដែល​​បាន​បាត់បង់​ដី​បាននិយាយ​ប្រាប់​​​អ្នក​សារព័​ត៌មាន កាលពី​​ព្រឹក​ថ្ងៃ​ទី​០៦ ​ឧសភា ​ថា ដើម​ឡើយ ​ការ​ទំនាស់​ដីធ្លី​ចំពោះ​ពលរដ្ឋ​និង​គ្រួសារ​​គាត់​ គឺ​មាន​ជា​យូរ​ឆ្នាំ​ណាស់​​ហើយ លើ​បញ្ហា​សុំ​​បើកផ្លូវ​លើ​ផ្លូវ​ចាស់ ​ដែល​មាន​ស្រាប់​ដែល​ជា​ផ្លូវ​ភ្លឺស្រែ​តែ​ប៉ុណ្ណោះ រហូត​កើតក្តី​ក្តាំង​តវ៉ា​គ្នា​តាំងពី​ឆ្នាំ​២០០០​​មកម្ល៉េះ ។

លុះ​​​ដល់​ពេល​បច្ចុប្បន្ន ​ភាគី​ទាំង​សងខាង​នៃ​ផ្លូវ​បាន​សម្រេច​ផ្តល់​ដី​របស់​ខ្លួន​ ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​បាន​ទំ​ហំ២,៥ ម៉ែត្រ ធំ​ជាង​មុន​ដែល​ជា​ផ្លូវ​ភ្លឺស្រែ​នោះ​អាច​បើកបរ​រថយន្ត​ចេញចូល​បាន​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ខាង​ក្រោយ​ ។

ដោយ​មាន​មហិច្ឆតា​ចង់បាន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ខាងក្រោយ​ ក៏​កើត​មានរឿង​សុំ​បើកផ្លូវ​សារ​ជា​ថ្មី​ម្តងទៀត ដែល​ក្នុង​នោះ ក្រោម​ការ​ដឹកនាំ​របស់​អតិ​ត​អភិបាលស្រុក​ត្រាំកក់ លោក តឹក តុង​លី​ម បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​លើ​ករណី​ពង្រីក​ផ្លូវ​នេះ​ទៅ​ថ្នាក់​ខេត្ត​យ៉ាង​ច្បាស់​ថា ដើម​ឡើយ​ផ្លូវ​នេះ​គឺជា​ផ្លូវ​ភ្លឺស្រែ​តែ​ប៉ុណ្ណោះ ។

ដោយ​មាន​សភាព​តូច​ចង្អៀត ពលរដ្ឋ​ដែល​រស់នៅ​ខាងក្រោយ​ បាន​ស្នើ​សុំ​ឲ្យ​ម្ចាស់​ដី​ដែល​នៅ​ខាង​មុខ គឺ​លោក​អូក ញ៉ និង​ភាគី​ដី​ម្ខាង​ទៀត​នៃ​ផ្លូវ​ មេត្តា​ជួយ​បើកផ្លូវ​ឲ្យ​បាន​ធំ​ជាង​នេះ ក្រោយមក​ភាគី​ទាំង​សងខាង​បាន​សម្រេច​បើកផ្លូវ​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ឲ្យ​ធំ​ជាង​មុន ក្នុងទំហំ​២,៥ម៉ែត្រ​។

លុះ​អភិបាលស្រុក​ចាស់​ត្រូវ​ចូល​និ​វ​ត្តន៍ប្តូរ​អភិបាលស្រុក​ថ្មី​ ដោយ​លោក កៅ វគ្គ​សែ​ល ក៏​កើត​មានរឿង​សុំ​បើកផ្លូវ​សា​ជា​ថ្មី​ម្តងទៀត​ដែល​មាន​ទំ​ហំរហូត​ដល់​៥​ម៉ែត្រ ដែល​អនុវត្ត​ដីកា​របស់​សាលាដំបូង​ខេត្តតាកែវ ថ្ងៃ​ទី​២៦ ​ធ្នូ ​ឆ្នាំ២០១៨ ឲ្យ​វាយ​កម្ទេចរបង​ផ្ទះ​របស់​គាត់ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ផ្ទាល់ខ្លួន​របស់​លោក​អូក ញ៉ ជា​ច្រើន​ម៉ែត្រ​ថែម​ទៀត ​។

អ្វី​ដែល​គ្រួសារ​គាត់​នោះ​មិន​សុខចិត្ត ការ​ពង្រីក​ផ្លូវ​គឺ​ទាល់តែ​មានការ​ចួ​ក​រួម​វិភាគទាន​គ្នា​ទាំង​ម្ចាស់​ដី​សង​ខាង​​នៃ​ផ្លូវ ហេតុ​អ្វី​បានជា​ពង្រីក​ផ្លូវ​យក​ដី​គាត់​តែ​ម្ខាង តើ​នេះ​ជា​រឿង​យុត្តិធម៌​ដែរ​ឬទេ? ដោយ​កើតជា
​ច​ម្ង​ល់​លោក​អូក ញ៉ និង​អ្នក​ស្រី​ម៉ី ផា​ន្នី តែងតែ​ទៅ​ជួប​លោក កៅ វគ្គ​សែ​ល ដែល​ជា​អភិបាលស្រុក​ត្រាំកក់ ជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ តែ​ត្រូវ​លោក កៅ វគ្គ​សែ​ល ប្រើ​ពាក្យ​សម្តី​មិន​សមគួរ​និង​ស្តីបន្ទោស​គ្រប់ពេល​ដែល​ជួប ​។

ពួក​គាត់​បាន​លើក​ឡើង​ថា តើ​មន្ត្រី​ទាំងនោះ ជា​ចៅហ្វាយ​រាស្ត្រ​ឬ​ជា​អ្នកបម្រើ​រាស្ត្រ? បើ​ពេល​ជួប​ម្តង​ៗ​សុំ​ឲ្យ​ធ្វើការ​ដោះស្រាយ​ជូន​ដូច​ទៅ​ជួប​ចៅហ្វាយនាយ​អ​ញ្ចឹ​ង​! ដែល​ការ​អនុវត្ត​របស់​លោក​អភិបាលស្រុក​ត្រាំកក់​រូប​នេះ​វា​ផ្ទុយ​ទៅ​និង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែងតែ​និយាយ​ថា មន្ត្រីរាជការ​គឺជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ជា​ចៅហ្វាយនាយ​នោះ​ទេ​ ។

ជុំវិញ​ករណី​នេះ ​អ្នក​សារព័ត៌​មានបាន​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​ទៅ​លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់​ នៅ​ថ្ងៃរសៀល​០៦ ​ឧសភា ដដែល ដើម្បី​សុំ​ការ​បំភ្លឺ តែ​ទូរស័ព្ទ​របស់​លោក​ខ​ល​ចូល តែ​មិន​មាន​អ្នក​ទទួល​នោះទេ ​។

ដោយឡែក​ លោក នួន សុធា ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តតាកែវ បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​ទូរស័ព្ទ​ថា រឿង​នេះ​ លោក​មិនសូវ​ដឹង​ច្បាស់​នោះ​ទេ ព្រោះ​ភូមិបាល​ស្រុក​ត្រាំកក់​ជា​អ្នក​ធ្វើ ហើយ​មន្ទីរ​គ្រាន់​តែ​មាន​សិទ្ធ​ិគូស​ផ្គង​ប្លង់​តែ​ប៉ុណ្ណោះ ចំណែក​រឿង​ពង្រីក​ផ្លូវ​ចូល​ដី​ភាគី​តែ​ម្ខាង​គឺ ​លោក​មិន​បាន​ឆ្លើយ​តប​អ្វី​ទាំងអស់ ។

អត្ថបទសរសេរ ដោយ