ខេត្តព្រៃវែង ៖ ស្របពេលដែលអាកាសធាតុកំពុងក្តៅខ្លាំង និងអូសបន្លាយរយៈពេលយូរ មន្ទីរកសិកម្មខេត្តព្រៃវែង បានណែនាំ និងបង្ហាញពីវិធីសំខាន់ៗចំនួន៤ចំណុចដល់កសិករនៅក្នុងការដាំបន្លែ ដើម្បីទប់ទល់ទៅនឹងស្ថានភាពអាកាសធាតុក្តៅខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានឲ្យដឹងថា នៅក្នុងស្ថានភាពអាកាសធាតុក្តៅខ្លាំងបែបនេះ ក្រសួងកសិកម្មបានណែនាំឲ្យមន្ទីរកសិកម្មគ្រប់ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ និងចុះណែនាំដល់កសិករនៅគ្រប់មូលដ្ឋាន ដើម្បីឲ្យពួកគាត់មានវិធានការទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់ផលដំណាំ។
លោកប្រធានមន្ទីរពេទ្យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបន្តថា ក្នុងនោះ មន្ទីរបានដាក់វិធានការសំខាន់ៗចំនួន៤ចំណុចដូចជា ១-ណែនាំឲ្យកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់, ដោយប្រើសំណាញ់ក្នុងតម្លៃធូរថ្លៃ សម្រាប់គ្របពីលើដំណាំ ២-ណែនាំឲ្យកសិករកាត់បន្ថយការប្រើប្រាស់ជីគីមី ៣-អោយកសិករបង្កើនការប្រើជីធម្មជាតិអោយកាន់តែច្រើន និង៤-ណែនាំឲ្យកសិករប្រើប្រាស់ចំបើង សម្រាប់គ្របលើគល់ដំណាំ និងវិធានការផ្សេងៗមួយចំនួនទៀត។
លោកប្រធានមន្ទីរពេទ្យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបញ្ជាក់ថា ចំពោះកសិករណាដែលមានធនធានសមរម្យ មន្ទីរបានណែនាំឲ្យពួកគាត់ប្រើប្រាស់ប្រព័ន្ធបាចសាច និងប្រព័ន្ធដំណក់ទឹកបែបទំនើបវិញ ព្រោះវិធីនេះថ្មីត្បិតតែចំណាយដើមទុនច្រើនបន្តិចមែន ប៉ុន្តែវាមានប្រសិទ្ធិភាពខ្ពស់ ក្នុងការទប់ទល់និងអាកាសធាតុក្តៅខ្លាំង និងធ្វើអោយដំណាំទទួលបានទិន្នផលខ្ពស់ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ក្រៅពីការចុះណែនាំ និងផ្តល់វិធីសាស្ត្រខាងលើ មន្ទីរកសិកម្មខេត្តព្រៃវែង បានណែនាំឲ្យកសិករដាំតែបន្លែណា ដែលធន់នឹងអាការធាតុ ជាក់ស្តែងមកដល់ពេលនេះ ខេត្តព្រៃវែង ដែលធ្លាប់ដាំបន្លែប្រមាណជា៤០០ហិកតា បានធ្លាក់មកនៅត្រឹមតែប្រមាណជាង២០០ហិកតាប៉ុណ្ណោះ ដែលដំណាំទាំងអស់នោះសុទ្ធតែជាប្រភេទបន្លែ ធុននឹងអាកាសធាតុ ៕
ចែករំលែកព័តមាននេះ