ប្រទេសរុស្ស៊ី ៖ មនុស្ស៤១នាក់បានត្រូវស្លាប់ កាលពីថ្ងៃទី៥ ឧសភា ពេលយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី AEROFLOT ឆេះ ពេលចុះបន្ទាន់នៅព្រលានយន្តហោះក្រុងមូស្គូCHEREMETIEVO ជាមួយមនុស្សជិះក្នុងនោះ៧៨នាក់។
យោងតាមទិន្នន័យរបស់ពួកអ្នកស៊ើបអង្កេតថា ពេលនេះចំនួនមនុស្សដែលនៅរស់រានមានជីវិតមាន៣៧នាក់។ អ្នកនាំពាក្យម្នាក់របស់គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី លោកស្រីអេលេណាម៉ាកូវស្កាយ៉ា អះអាងទៅកាន់ក្រុមអ្នកកាសែតថា តុល្យការចំនួនអ្នកស្លាប់មាន៤១នាក់។ តុល្យការមុននេះរៀបរាប់ពីមនុស្សស្លាប់១៣នាក់ ខណៈរូបភាពនៃការឆាបឆេះ របស់យន្តហោះធុនSUKHOI SUPERJET 100 ពេលចុះរត់ នាំឲ្យគេគិតថាចំនួនជនរងគ្រោះពិតជាមានច្រើន។
រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីលោកស្រី VERONIKA SKVORTSOVA ថ្លៃងទៅកាន់ក្រុមអ្នកកាសែតនៅព្រលានយន្តហោះថា បច្ចុប្បន្នអ្នករបួស៦នាក់ កំពុងស្ថិតក្នុងមន្ទីរពេទ្យហើយមនុស្ស១៤នាក់ត្រូវការជំនួយពេទ្យ។
យន្តហោះនោះត្រូវបង្ខំចុះបន្ទាន់ពុំទាន់ដឹងពីមូលហេតុ នៅព្រលានយន្តហោះក្រុងមូស្គូCHEREMETIEVO ប៉ុន្មាននាទីក្រោយការហោះឡើង ទៅកាន់ទីក្រុងMOURMANSKភាគខាងជើងប្រទេស។
ប្រភពព័ត៌មានដំបូងៗរៀបរាប់ពីភ្លើងឆាបឆេះក្នុងយន្តហោះប៉ុន្តែវីដេអូមួយ ចេញផ្សាយប៉ុន្មាននាទីក្រោយយន្តហោះនោះហោះឡើង បង្ហាញយន្តហោះពេលចុះប៉ះដីរាងដូចជាលោតមុនពេលមានភ្លើងឆាបឆេះ។ ភ្លាមៗបន្ទាប់ពីចុះ បណ្ដាអ្នកដំណើរត្រូវបានជម្លៀសចេញតាមច្រកខាងមុខយន្តហោះ ពេលយន្តហោះកំពុងតែរត់លឿននៅឡើយ។ ផ្សែងខ្មៅបានហុយឡើងលើ។ វីដេអូឯទៀតៗបង្ហាញពួកអ្នកដំណើររត់លើព្រលាន ចៀសឲ្យឆ្ងាយពីយន្តហោះ។ វីដេអូមួយទៀតថតខាងក្នុងយន្តហោះ បង្ហាញម៉ាសីុនមួយកំពុងតែឆេះ ចំណែកមនុស្សទាំងឡាយនាំគ្នាស្រែកទាំងជ្រួលច្របល់។
យន្តហោះជើងហោះហើរSU-1492នោះ បានហោះចេញ ដូចការគ្រោងទុកនាវេលាម៉ោង១៨និង០២នាទីម៉ោងក្នុងស្រុក។ ក្រោយការហោះចេញក្រុមយានិករាយការណ៍ថា មានភាពមិនប្រក្រតីហើយបានសម្រេចហោះវិលបកមកកាន់ព្រលានវិញ។ នាវេលាម៉ោង១៨និង៣០នាទីយន្តហោះបានចុះបន្ទាន់ ក្រោយមានភ្លើងឆេះ។ ពេលចុះលើកទីមួយពុំបានសម្រេចរួចក្នុងការប៉ុនប៉ងចុះលើកទី២ កង់បានបុកដីបន្ទាប់មកច្រមុះរបស់វា ហើយភ្លើងក៏ឆាបឆេះ។
កាសែតរុស្ស៊ី KOMSOMOLSKAIA PRAVDA បានដកស្រង់សម្ដីអ្នកដំណើរក្នុងយន្តហោះនោះម្នាក់ដែលនិយាយថា យន្តហោះពេលហោះឡើងក៏ត្រូវរន្ទះបាញ់។ ការបង្ខំចុះបន្ទាន់មានការលំបាក។ យន្តហោះបានលោតចុះឡើងលើផ្លូវពេលចុះរត់ហើយឆេះនៅលើដី។ ចំណែកទីភ្នាក់ងារព័ត៌មានINTERFAX ដែលដកស្រង់ប្រភពមួយគូសបញ្ជាក់ថា យន្តហោះបានចុះជាមួយប្រេងឥន្ធនៈពេញក្នុងធុងប្រេង ។វាមានគ្រោះថ្នាក់ដែលហោះ ដើម្បីបង្ហៀរប្រេងចោលពីលើក្រុងមូស្គូ៕ វីដេអូដកស្រង់ចេញពី ៖ BFMTV &Sputnik France Play
ចែករំលែកព័តមាននេះ