ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃ២កន្លងមកថា ការអនុគ្រោះពន្ធក្នុងពេលថ្មីៗសម្រាប់អចលនទ្រព្យនឹងមិនជួយជំរុញដល់វិស័យផ្ទះបានច្រើនទេព្រោះមានអតិថិជនតិចណាស់ដែលអាចទាញអត្ថប្រយោជន៍ពីវាបាន។ លោក Phattarachai Taweewong ដែលជាអនុប្រធានផ្នែកស្រាវជ្រាវ និងផ្តល់សេវាកម្មប្រឹក្សាយោបល់នៅ Coliers International Thailand បាននិយាយថាវិធានការថ្មីឬបស់រដ្ឋាភិបាលសម្រាប់វិស័យអចលនទ្រព្យប្រហែលជាមិនជួយបង្កើនតម្រូវការផ្ទះក្នុងប្រទេសទេ។
លោកបានបន្តថា “ការបន្ទាបពន្ធបច្ចុប្បន្នប្រហែលជាមិនផ្លាស់ប្តូរច្រើនទេ។ ប៉ុន្តែការបន្ទាបតម្លៃក្នុងការផ្ទេរអចលនទ្រព្យ និងការចំណាយលើកម្ចីប្រាក់ដើម្បីទិញផ្ទះពី ២ទៅ១% មកស្មើ ០.០១% ពិតជាអាចជួយវាន។ វាអាចជំរុញដល់ការទិញដល់ទៅ២០%”។
យោងទៅតាមមជ្ឈមណ្ឌលផ្តល់ពត៌មានអចលនទ្រព្យបានឲ្យដឹងថា ការផ្ទេរផ្ទះសរុបនៅ Greater Bangkok កាលពីត្រីមាសទី ៤នាឆ្នាំ ២០១៥ បានកើនដល់ ៦៣,៨៦៩យូនីតដែលភាគច្រើនត្រូវបានជំរុញដោយអត្ថប្រយោជន៍ដូចជាការបន្ទាបតម្លៃផ្ទេរអចលនទ្រព្យនិងកម្ចីប្រាក់ដើម្បីទិញផ្ទះជាដើម។ ដើម្បីជួយជំរុញដល់សេដ្ឋកិច្ចនិងការចំណាយក្នុងស្រុកដើម្បីបំពេញឲ្យការធ្លាក់ចុះនៃការនាំចេញ ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ៍បានអនុញ្ញាតលើវិធានការជំរុញដែលមានតម្លៃប្រមាណ៦៨០លានដុល្លារ។
វិធានការនេះជួយចេញថ្លៃលើការចំណាយសរុបប្រមាណ៤១០លានដុល្លារសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប ព្រមទាំងមានការអនុគ្រោះពន្ធប្រមាណ២៧០លានដុល្លារ និងការបន្ទាបពន្ធដល់ទៅ៦២០០ដុល្លារសម្រាប់អតិថិជនដែលទិញអចលនទ្រព្យតម្លៃដល់១៥ម៉ឺនដុល្លារ។ លោក Phattarachai បានបន្តទៀតថា “ការបន្ទាបពន្ធអាចធ្វើឲ្យអតិថិជនមួយចំនួនសម្រេចចិត្តកាន់តែលឿនមុននឹងអត្ថប្រយោជន៍ទាំងនេះលែងមានប្រសិទ្ធិភាព”។
លោកបានបន្ថែមថា ការបន្ទាបពន្ធនឹងជួយជំរុញដល់អំណាចទឹកប្រាក់របស់អតិថិជនដែលទិញផ្ទះផ្ទាល់ដី។ សម្រាប់អតិថិជនដែលចាប់អារម្មណ៍នឹងខុនដូវិញអាចនឹងជួបផលប៉ះពាល់ពីគោលនយោបាឲយកាត់បន្ថយការផ្តល់កម្ចីថ្មី ៕
ចែករំលែកព័តមាននេះ