រាជធានីភ្នំពេញ ៖ ការវិនិយោគសំណង់នៅក្នុងវិស័យអចលនទ្រព្យបន្តមានសន្ទុះគួរឲ្យកត់សម្គាល់ ជាក់ស្តែងទុនវិនិយោគលើវិស័យមួយនេះបានឈានដល់ជាង ១,៣៦ពាន់លានដុល្លារនៅក្នុងត្រីមាសទី១ ដែលជាការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលមុនៗ ខណៈកាលពីឆ្នាំមុនការវិនិយោគនិងគម្រោងសាងសង់អនុម័តដោយរដ្ឋាភិបាលហាក់ដូចជាមាននិន្នាការយឺតយ៉ាវបន្តិច ។
យ៉ាងណាមិញ ការប៉ាន់ប្រមាណលើការវិនិយោគក្នុងត្រីមាសទី១នេះ ទំនងជាអាចឈានដល់ចំនួន ១,៨ ពាន់លានដុល្លារពោលគឺកើនឡើង៩៣ភាគរយ បើធៀបនិងក្នុងត្រីមាស១កាលពីឆ្នាំមុន។ ក្នុងនោះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបន្ថយការអនុម័តគម្រោងសាងសង់នៅចុងឆ្នាំមុន។ អ្នកជំនាញមួយចំនួនដែលធ្វើការក្នុងវិស័យដ៏សំខាន់មួយនេះ បានបង្ហាញនូវការព្រួយបារម្ភ ថាសញ្ញានេះបង្ហាញពីនិន្នាការធ្លាក់ចុះក្នុងការអភិវឌ្ឍន៍ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការនៃអគារខុនដូដែលរំពឹងទុកនៅក្នុងរដ្ឋធានីភ្នំពេញ។
ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកវិភាគ ហាក់ចាប់អារម្មណ៍ពីសម្ពាធធ្លាក់ចុះណាមួយទៅលើតម្លៃខុនដូយូនីតទេ ហើយបញ្ជាក់ថាទីផ្សារនៅតែបង្ហាញភាពរឹងមាំ។ លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានថ្លែងថា «រហូតមកដល់ពេលនេះ យើងនៅតែបន្តមើលឃើញការលក់ល្អ ក្នុងគម្រោងជាច្រើន និងការលក់គម្រោង ដែលទើបចាប់ផ្តើមបានកំណត់គោលដៅបានយ៉ាងល្អ»។ លោកបានថ្លែងបន្តថា «មិនមានសកម្មភាពធ្លាក់ចុះគួរអោយកត់សម្គាល់ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ដោយសារតែជំហរទីផ្សារនៅតែមានច្រើន ដែលវាស្ថិតនៅចំណុចល្អដូចកាល
ពីមុន» ។
ជាមួយគ្នានេះផងដែរ អ្នកដទៃទៀតនៅក្នុងវិស័យនេះបានព្រមានថា ការវិនិយោគ និងការអនុញ្ញាតការសាងសង់តែមួយ មិនមែនជាការចង្អុលបង្ហាញពីស្ថានភាពទូទៅរបស់ទីផ្សារទេ ។ លោកច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Mekong បានមានប្រសាសន៍ថា ការអនុម័តពីក្រសួងគឺជាជំហានដំបូង។ គ្រាន់តែសម្លឹងមើលអត្រាការអនុម័តគម្រោងមិនគ្រប់គ្រាន់ទេ យើងត្រូវតែពិនិត្យមើលថា តើគម្រោងកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញដែរឬទេ។ កត្តាផ្សេងទៀតអាចមានឥទ្ធិពលលើការអនុម័តរបស់រដ្ឋាភិបាល។ អ្នកឈានជើងចូលថ្មីៗជាច្រើន ដែលព្យាយាមចូលរួមក្នុងវិស័យនេះ ប្រហែលជាមិនមានបទពិសោធក្នុងឆ្លើយតបនិងការអនុម័តនោះទេ។
លោក សុខនីម បានបន្ថែមថា វាអាស្រ័យទៅលើអ្នកអភិវឌ្ឍន៍ម្នាក់ៗដើម្បីឆ្លើយតបនិងទាមទាររបស់រដ្ឋាភិបាល។ អ្នកអភិវឌ្ឍន៍ជាច្រើនដែលមិនមានបទពិសោធដែលប្រហែលជាលើកទី១បស់ពួកគេ នឹងមានការលំបាកក្នុងការអនុវត្តតាមជំហាននីមួយៗដើម្បីទទួលបានការអនុញ្ញាតសាងសង់ និងមិនបំពេញតាមបទដ្ឋានរបស់ក្រសួងពាក់ព័ន្ធដើម្បីទទួលបានអនុម័តគម្រោងទាំងនោះ៕
ចែករំលែកព័តមាននេះ