បន្ទាយមានជ័យ ៖ ក្មេងស្ទាវ២ក្រុមទាស់គ្នានៅមណ្ឌលកម្សាន្តហ៊ុយឡេង កម្លាំងកងរាជអាវុធហត្ថចុះអន្តរាគមន៍បានគប់ដុំថ្ម បណ្តាលឲ្យកម្លាំងរបួសបែកក្បាលម្នាក់ដែលក្នុងករណីនេះឃាត់បាន២នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៩ ។
ជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួនមាន១-ឈ្មោះផុន ភារិន ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះពៅ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។
លោកវរៈសេនីយ៍ទោព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានក្មេងស្ទាវ២ក្រុមមានគ្នាប្រមាណជិត១០នាក់ ដែលជិះម៉ូតូបានឈ្លោះបានវ៉ៃគ្នា នៅចំណុចមណ្ឌលកម្សាន្តហ៊ុយឡេងតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ក្រោយពេលក្មេងស្ទាវ២ក្រុមវ៉ៃគ្នាមានក្មេងម្ខាងបានអះអាងខ្លួនជាជនរងគ្រោះបានប្តឹងកម្លាំងកងរាជអាវុធហត្ថប្រចាំការនៅមណ្ឌលកម្សាន្តហ៊ុយ ឡេង បានរាយការណ៍ ហើយកម្លាំងកងរាជអាវុធហត្ថបានចុះអន្តរាគមន៍ហាមឃាត់មានក្មេង១ក្រុម បានយកដុំថ្មគប់ទៅលើសមត្ថកិច្ចបណ្តាលបែកក្បាលរបួសធ្ងន់ ត្រូវបានសង្គ្រោះបន្ទាន់ហើយកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងបក្សពួកមួយចំនួនទៀតត្រូវបានរត់គេចខ្លួនបាត់អស់ ។
លោកវរសេនីយ៍ទោព្រហ្ម ថេង បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ២នាក់ ជាក្មេងស្ទាវដែលបង្ករបួសស្នាមដល់កងកម្លាំងនៅពេលចុះអន្តរាគមន៍ និងបង្កហិង្សាដែលវ៉ៃគ្នាត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ហើយកំពុងតាមរកចាប់ខ្លួនបក្សពួកដែលបង្កគ្រោះដល់សមត្ថកិច្ចនៅពេលចុះអន្តរាគមន៍ ៕
ចែករំលែកព័តមាននេះ