ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួល​ចិត្ត​! សម្រែក​ម្តាយ​យំ​បោក​ខ្លួន​អោប​ស្បែកជើង​កូន​ថើប​រៀបរាប់​អនុ​ស្សាវរីយ៍ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ស្រី​៤​នាក់​នាំ​គ្នា​ចុះ​ទៅ​ងូតទឹក​ក្នុង​រណ្ដៅ​មួយ​កន្លែង ស្រាប់តែ​លិច​បាត់​ទៅ​ក្នុង​ទឹក​ម្នាក់ ឯ​អ្នក​ផ្សេង​រួច​ផុត​ពី​សេចក្ដីស្លាប់ និង​នាំ​គ្នា​រត់​ឡើងគោក​ស្រែកហៅ​អ្នក​ភូមិ​ឲ្យ​ជួយ​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៩ ដែល​រណ្តៅ​ដី​មួយ​នោះ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ស្រី​៤​នាក់​នាំ​គ្នា​ចុះ​ទៅ​ងូតទឹក​ក្នុង​រណ្ដៅ​មួយ​កន្លែង ស្រាប់តែ​លិច​បាត់​ទៅ​ក្នុង​ទឹក​ម្នាក់ ឯ​អ្នក​ផ្សេង​រួច​ផុត​ពី​សេចក្ដីស្លាប់ និង​នាំ​គ្នា​រត់​ឡើងគោក​ស្រែកហៅ​អ្នក​ភូមិ​ឲ្យ​ជួយ​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៩ ដែល​រណ្តៅ​ដី​មួយ​នោះ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​លិច​បាត់​នោះ​ឈ្មោះ សូ នី​តា អាយុ​១៣​ឆ្នាំ គឺជា​សិស្ស​សាលា មាន​ម្តាយ​ឈ្មោះ ម៉ក់ សុ​គ​ន្ធា អាយុ​៤៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​បុរី​ព្រី​ន​ថោ​ន ស្ថិត​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ប្រាំបី​ឆោម ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​រួម​នឹង​ក្មេង​ប្រុស​២​នាក់ និង​ក្មេង​ស្រី​ម្នាក់​ទៀត​សរុបគ្នា​៤​នាក់​បាន​នាំ​គ្នា​ចុះ​ទៅ​ងូត និង​ហែល​ទឹក​លេង​នៅ​ក្នុង​រណ្តៅ​ដី​ខាងលើ​ដែល​ឈ្មួញ​ជីក និង​ដឹក​យក​អាច​ម៌​ដី​លក់​។ ដែល​រណ្ដៅ​ដី​មួយ​នេះ​ត្រូវ​បាន​អ្នក​ភូមិ​ត្រពាំង​ជ្រៃ​អះអាង​ថា មាន​ជម្រៅ​ប្រហែល​ជាង​២០​ម៉ែត្រ​ឯណោះ ខណៈនោះ​មុន​ដំបូង​ក្មេង​ទាំងនោះ​បាន​ងូត​ត្រង់​កន្លែង​រាក់​ៗ​ប៉ុណ្ណោះ លុះ​ក្រោ​យ​មក​ក្មេង​ស្រី​រង​គ្រោះ​បាន​ហែល​ផ្ងារ​ដែល​គេ​តែង​ហៅ​ថា ហែល​ចាក់កាណូត​ចូល​ទៅ​កន្លែង​ជ្រៅ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ក៏​ស្រាប់តែ​ផុត​ជើង​ផុតដៃ​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្ដង ភ្លាម​ៗ​នោះ​ក្មេង​ប្រុស​ស្រី​៣​នាក់​ទៀត​ឃើញ​បែប​នេះ​មិន​អាច​ជួយ​បាន​ឡើយ ដោយ​ម្នាក់​ៗ​បាន​ត្រឹមតែ​ស្រ​វ៉ា​រត់​ឡើងគោក​ទាំង​ការ​ភិតភ័យ រួច​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នារ​ត់ទៅ​ជួយ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ជួយ​មិន​ទាន់​ឡើយ បន្ទាប់​មក​អ្នក​ភូមិ​ខ្លះ​បាន​ចុះ​រាវ និង​អ្នកខ្លះ​បង់សំណាញ់​ក្រែង​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​រូប​នោះ តែ​មិន​អាច​រក​ឃើញ​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​មានរឿង​អកុសល​បែប​នេះ ស្ត្រី​ដែល​ជា​ម្ដាយ​ក្មេង​ស្រី​ខាងលើ​ដែល​កំពុងធ្វើការ​នៅ​រោងចក្រ​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​ចាក​ចេញពី​រោងចក្រ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើតហេតុ និង​ស្រែក​ទ្រ​ហ៊ោ​យំ​បោក​ខ្លួន​បោក​ប្រាណ​ដូច​សត្វ​អក​។ គាត់​បាន​អុជ​ធូប​បួងសួង​ស្រែកហៅ​ព្រលឹង​កូនស្រី​ជាទី​ស្រឡាញ់​ឲ្យ​បង្ហាញ​មហិទ្ធិឫទ្ធិ ដើម្បី​ឲ្យ​អ្នក​ភូមិ​ឆាប់​រាវរក​ឃើញ​សព និង​យំ​រៀបរាប់​ពី​អនុស្សាវរីយ៍​ទាំងឡាយ​ដែល​ធ្លាប់​រស់នៅ​ជាមួយ​គ្នា​រវាង​រូប​គាត់ និង​កូនស្រី​។ ប៉ុន្តែ​ទោះ​បែប​ណា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​អ្នក​ភូមិ​នៅ​តែ​មិន​អា​ចរក​សាកសព​ឃើញ​ដដែល ទោះ​ខំ​បួងសួង​អន្ទង​ហៅ​ព្រលឹង​នាង​យ៉ាងណា​ក៏​ដោយ ព្រោះ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ​ប្រៀប​បាន​ទៅ​និង​ឧស​មិន​អាច​ស្ដាប់ ឮ​និង​ដឹង​អ្វី​ទាំងអស់​។

ប្រភព​មួយ​នេះ​បញ្ជាក់​បន្ថែម​ទៀត​ថា ដោយសារ​តែ​ការ​អាឡោះអាល័យ​ចំពោះ​កូនស្រី​ខ្លាំង​ពេក គាត់​បាន​ប្រមូល​សម្លៀក​បំពាក់​របស់​នាង​ឱប​ជាប់​ដើមទ្រូង ហើយ​លើក​ស្បែកជើងផ្ទាត់​១​គូ​ដែល​ជា​របស់​កូនស្រី​ថើប​ថែម​ទៀត​ផង មើលទៅ​គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់ ។ ដែល​ការ​ទួញ​សោក​របស់​ស្ត្រី​វ័យ​៤៤​ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ទៅ​ចោមរោម​មើល​មួយ​ចំនួន​មិន​អាច​ទប់ទឹក​ភ្នែក​បាន​ឡើយ ហើយ​អ្នកខ្លះ​ក៏​ចំណាយ​នូវ​ថវិការ​មួយ​ចំនួន​ចូល​បុណ្យ​ជា​ការ​ចូលរួម​មរណទុក្ខ​របស់​ក្មេង​ស្រី​នេះ​ផង​ដែរ​។

ដោយសារ​តែ​អ្នក​ភូមិ​ជួយ​រាវរក​សព​អស់ពី​លទ្ធភាព​ហើយ​នៅ​តែ​មិនឃើញ​នោះ ទើប​ស្ត្រី​រូប​នេះ​សម្រេច​ចិត្ត​ជួល​បុរស​ជនជាតិ​ខ្មែរឥស្លាម​៥​នាក់​ទៅ​រាវ ហើយ​រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ទើប​ក្រុម​អ្នក​ជំនាញ​មុជទឹក​ទាំងនេះ​ទៅ​ដល់​ហើយ​ចុះ​រាវរក​ត្រឹមតែ​រយៈពេល​១០​នាទី​ប៉ុណ្ណោះ​ក៏​ប្រទះ​ឃើញ​សព និង​ស្រង់​ឡើងគោក​។

ក្រោយមក​សាកសព​ត្រូវ​បាន​ស្ត្រី​ជា​ម្ដាយ​នាំ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ទាំង​ចិត្ត​ក្ដុកក្ដួល​ក្រៃ​លែង ហើយ​នេះ​គឺជា​សារ​មួយ​សម្រាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ណែនាំ​កូនចៅ​កុំ​ឲ្យ​ចុះ​លេង​ទឹក​រណ្ដៅ​ដី​ដ៏​ជ្រៅ​បែប​នេះ​ឲ្យ​សោះ រីឯ​ក្មេង​ៗ​យុវជន យុវនារី​ទាំងឡាយ​ក៏​គួរតែ​ចៀសវាង​ផង​ដែរ ព្រោះ​បើ​មិន​ចេះ​ហែល​ទឹក​ទេ​នឹង​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ម្យ៉ាងទៀត​ទឹក​រណ្ដៅ​គ្រប់​ទីកន្លែង​នៅ​ជាយ​រាជធានី​ភ្នំពេញ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​បន្តបន្ទាប់​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ