រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន បានបកស្រាយជាសារធារណនៅថ្ងៃសុក្រនេះថា ការតែងតាំងមន្ត្រីរបស់គណបក្សក្នុងជួរស្ថាបន័តុលាការមិនមែនជាការខុសឆ្គងនោះទេ ដោយសារគណបក្សនេះមានសិទ្ធិតែងតាំងមន្ត្រីរបស់ខ្លួនក្នុងនាមជាគណបក្សឈ្នះឆ្នោត ។ ការពន្យល់នេះធ្វើឡើងក្រោយពីមានការរិះគន់ពីក្រុមសមាជិកគណបក្សប្រឆាំង និងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនទៀតចំពោះការតែងតាំងមន្ត្រីគណបក្សកាន់អំណាចក្នុងស្ថាបន័តុលាការ និងស្ថាបន័មួយចំនួនទៀតដូចជា ស្ថាប័នកងកម្លាំងប្រដាប់អាវុធជាដើម ។
ថ្លែងតាមប្រព័ន្ធតេឡេក្រាមលោកសុខ ឥសាន គូសបញ្ជាក់ថាដោយសារគណបក្សប្រជាជនកម្ពុជាជាគណបក្សឈ្នះឆ្នោត ដូច្នេះនេះ «មានសិទ្ធិតែងតាំង និងចាត់តាំងការរងារឲ្យមន្ត្រីរបស់ខ្លួនទៅតាមសំណូមពរការងារនៅតាមស្ថាប័នរដ្ឋដូចជាមន្ត្រីនៅក្នុងស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធយោធា កងនគរបាល និងបណ្តាក្រសួងមន្ទីរនានាតាំងពីថ្នាក់ជាតិដល់មូលដ្ឋាន » ។ លោកលើកឡើងថា «បញ្ហាសំខាន់ គឺមន្ត្រីរាជការនៅស្ថាប័ន អង្គភាពទាំងនោះត្រូវ បំពេញតួនាទី និងភារកិច្ចស្របតាមតួនាទីភារកិច្ចដែលច្បាប់បានកំណត់» ។
លោកបញ្ជាក់ថា«គណបក្សឈ្នះឆ្នោតមួយណាដូចមួយណា មិនយកមន្ត្រីរបស់គណបក្សផ្សេងឲ្យធ្វើការនៅក្នុងរាជរដ្ឋាភិបាល និងតាមក្រសួងមន្ទីរទេ លើកលែងតែមានការប្រឡងជ្រើសរើស» ។ លោកបន្ថែមថា នៅក្នុងស្ថាប័នតុលាការគណបញ្ជាការកងកម្លាំងប្រដាប់អាវុធ ត្រូវចេញពីគណបក្សឈ្នះឆ្នោតមិនយកចេញពីគណបក្សប្រឆាំង និងពីគណបក្សប្រកួត ប្រជែងឡើយ» ។ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួនប្រាំមួយអាណត្តិមកហើយ ។ ការបោះឆ្នោតចុងក្រោយនៅឆ្នាំកន្លងទៅនេះបានផ្តល់ជ័យជំនះផ្តាច់មុខដល់គណបក្សដឹកនាំប្រទេសចាស់វស្សានេះ ៕
ចែករំលែកព័តមាននេះ