ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​យានយន្ត​អង់គ្លេស​នឹង​ដួល​រលំ​បើ​មិន​អាច​ធ្វើ​រឿង​១​នេះ​បាន

4 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍​៖ ភ្នាក់ងារ​សារព័ត៌មាន AFP បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ កន្លង​មក​ថា ទិន្នផល​រថយន្ត​ក្នុង​ប្រទេស​អង់គ្លេស​នឹង​ដួល​រលំ​ប្រសិនបើ​ប្រទេស​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​មួយ​បន្ទាប់​ពី​ចាក​ចេញពី​EU ។ ការ​ព្រមាន​នេះ​កើត​មាន​ឡើង​ខណៈ​ដែល Jaguar Land…

ទីក្រុង​ឡុ​ង​ដ៍​៖ ភ្នាក់ងារ​សារព័ត៌មាន AFP បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ កន្លង​មក​ថា ទិន្នផល​រថយន្ត​ក្នុង​ប្រទេស​អង់គ្លេស​នឹង​ដួល​រលំ​ប្រសិនបើ​ប្រទេស​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​មួយ​បន្ទាប់​ពី​ចាក​ចេញពី​EU ។ ការ​ព្រមាន​នេះ​កើត​មាន​ឡើង​ខណៈ​ដែល Jaguar Land Rover បាន​និយាយ​ថា រថយន្ត Land Rover Defender ថ្មី​របស់​ពួក​គេ​នឹង​ត្រូវ​បាន​តម្លើង​ក្នុង​រដ្ឋធានី​ស្លូ​វ៉ា​គី​វិញ ។

ក្រុម Society of Motor Manufacturers and Traders (SMMT) បាន​និយាយ​ថា ករណី​ដែល​អាក្រក់​ជាងគេ​គឺ​ប្រទេស​អង់គ្លេស​ចាកចេញ​ពី EU ដោយ​មិន​បាន​សម្រេច​កិច្ចព្រមព្រៀង​ច្បាស់លាស់ ដែល​ប​ង្កំ​ឲ្យ​អង់គ្លេស​ជួបនឹង​ពន្ធ​ក្រោម​វិធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ ពន្ធ​ទាំងនេះ​ជា​មធ្យម​ស្មើ ១.៥% ប៉ុន្តែ​វា​អាច​ខ្ពស់​ជាង​នេះ​ទៀត​ក្នុង​វិស័យ​សំខាន់​ៗ​ដូច​ជា​វិស័យ​យានយន្ត​ដែល​អាច​ស្មើ​ដល់​ទៅ ១០%​ឯណោះ ។

SMMT បាន​និយាយ​ថា «​ប្រសិនបើ​អង់គ្លេស​ចាកចេញ​ពី EU និង​ជាប់ពន្ធ​ដែល​បាន​កម្រិត​ដោយ WTO នោះ ទិន្នផល (​រថយន្ត​អង់គ្លេស​) នឹង​ធ្លាក់​ចុះ​ប្រមាណ ៣០% មក​ស្មើ​ត្រឹមតែ​១.០៧​លាន​គ្រឿង​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០២១ ដែល​ជា​កម្រិត​ស្មើគ្នា​នឹង​កំឡុង​ពេល​ពាក់កណ្តាល​ទស​វត្ស​ឆ្នាំ ១៩៨០» ។

ប្រទេស​អង់គ្លេស​នឹង​ចាក​ចេញពី​សហភាព​អ៊ឺ​រ៉ុ​ប​នៅ​ថ្ងៃ​ទី​៣១​ខែតុលា​ខាង​មុខ​នេះ​បន្ទាប់​ពី​មានការ​ពន្យា​ពេល​ពីរ​ដង​មក​ហើយ​ក្នុងឆ្នាំនេះ​ព្រោះ​មានការ​ខ្វែងគំនិត​គ្នា​លើ​កិច្ចព្រមព្រៀង​ដែល​អង់គ្លេស​ត្រូវ​សម្រេច​ជាមួយនឹង EU​ ។

SMMT បាន​អះអាង​ជា​យូរ​មក​ហើយ​ថា ការ​ចាកចេញ​ដោយ​មិន​មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់​នឹង​បង្កើន​ការ​ចំណាយ និង​ប៉ះពាល់​ដល់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ខណៈ​ដែល​ពន្ធ​នឹង​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង និង​ប្រាក់​ចំណេញ​ក្រុមហ៊ុន​ផង​ដែរ​ ។

លើស​ពី​នេះ​ទៅ​ទៀត កាលពី​ថ្ងៃ​អង្គា​រ៍ SMMT បាន​ឲ្យ​ដឹង​ថា​ទិន្នផល​រថយន្ត​អង់គ្លេស​បាន​ធ្លាក់​ចុះ​១០​ខែ​ជាប់​ៗ​គ្នា​មក​ហើយ​ដែល​បង្ក​ឡើង​ព្រោះតែ​ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​ចិន និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​រថយន្ត​ប្រេងម៉ាស៊ូត​ដែល​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​បរិស្ថាន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ