តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា កីឡាករជើងខ្លាំងប្រចាំក្លិបអ្នកមានបារាំង Neymar Jr. ត្រូវបានគេរិះគន់យ៉ាងខ្លាំងក្លា ក្រោយពីដាល់អ្នកគាំទ្រម្នាក់បែកមាត់ និង ហូរឈាមច្រមុះ។
ក្នុងការប្រកួតដណ្តើមពាន French Cup កាលពីថ្ងៃសៅរ៍ រវាង PSG និង Stade Rennais ក្រុមខាង Neymar បានចាញ់ការប្រកួត ដែលបានធ្វើឱ្យកីឡាកររូបនេះមានការខឹងក្នុងចិត្តយ៉ាងខ្លាំង។ ពេលនោះ Neymar បានដើរកាត់ក្រុមអ្នកទស្សនា ហើយនិយាយគ្នាជាមួយនឹងបុរសម្នាក់មួយសន្ធុះ មុនពេលដាល់មួយដៃចាំមាត់ ហើយដើរចេញទៅ។
តាមព័ត៌មាន AFP បានឱ្យដឹងថា នេះមកពី Neymar ត្រូវបានឌឺដងដោយបុរសម្នាក់នោះថា ជាកីឡាករមិនអាចជួយក្រុមបាន និងប្រាប់ឱ្យទៅលេងបាល់ម្តងទៀតឱ្យស្ទាត់ ។ ក្រោយពីបានដាល់រួចហើយ មតិអ្នករិះគន់ជាច្រើនបានជះមកលើ Neymar ថាមិនសាកសម ។ Neymar បានសារភាពកំហុសរបស់ខ្លួនថា គ្មាននរណាអាចនៅដដែលៗបានទេ ។
លោក Thomas Tuchel បាននិយាយកាលពីថ្ងៃចន្ទថា ៖«វាពិតជាមិនអាចធ្វើបែបនេះបានទេ ។ វាពិតជាពិបាកនឹងទទួលណាស់ក្រោយពេលចាញ់ការប្រកួត ។ វាពិតជាពិបាកសម្រាប់ខ្ញុំ និង សម្រាប់អ្នកទាំងអស់គ្នា ។ យើងត្រូវតែទទួលយកលទ្ធផល ។ ប្រសិនបើយើងចាញ់ យើងត្រូវបង្ហាញការគោរពខ្លះ ។ យើងមិនត្រូវបង្កជម្លោះដល់អ្នកទស្សនាបែបនេះទេ»។
Neymar នឹងត្រូវទៅស្តាប់ការសម្រេចរបស់ក្រុមវិន័យ FFF ដើម្បីដឹងថានឹងត្រូវទទួលការពិន័យកម្រិតណា ។ គេនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេតែគេដឹងថា អាចនឹងត្រូវហាមមិនឱ្យចូលប្រកួត៥ដង សម្រាប់ការដាល់អ្នកទស្សនាថ្ងៃមុន ៕
ចែករំលែកព័តមាននេះ