ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បច្ចេកវិទ្យា​ដើរតួ​នាទី​សំខាន់​យ៉ាងណា​ខ្លះ​ក្នុង​ការ​លើកកម្ពស់​កិច្ច សម្រួល​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​កម្ពុជា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​កាលៈទេសៈ វិស័យ​បច្ចេកវិទ្យា​កំពុង​ដើរទៅ​រក​បដិវត្តន៍ ឧស្សាហកម្ម​ទី​៤ កម្ពុជា​ក៏​កំពុង​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​នេះ​ឲ្យ​ទាន់​ជាមួយនឹង​បណ្ដា​ប្រទេស​ជឿនលឿន​លើ​ពិភពលោក ដោយសារ​តែ​វា​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ជា​ពិសេស​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​កម្ពុជា ។ លោក​ប៉ាន…

រាជធានី​ភ្នំពេញ ៖ ក្នុង​កាលៈទេសៈ វិស័យ​បច្ចេកវិទ្យា​កំពុង​ដើរទៅ​រក​បដិវត្តន៍ ឧស្សាហកម្ម​ទី​៤ កម្ពុជា​ក៏​កំពុង​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​នេះ​ឲ្យ​ទាន់​ជាមួយនឹង​បណ្ដា​ប្រទេស​ជឿនលឿន​លើ​ពិភពលោក ដោយសារ​តែ​វា​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម ជា​ពិសេស​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​កម្ពុជា ។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ជំនួប​ជាមួយ​លោក Justin Wood នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ ២០១៩ នេះ​ថា បច្ចេកវិទ្យា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​លើក​ស្ទួយ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ចំណាត់ថ្នាក់​ស្តី​ពី​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ធុរកិច្ច​របស់​កម្ពុជា ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ខណៈ​ដែល​ពិភពលោក​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ចាប់​យក​កាលានុវត្តភាព​ពី​ឧស្សាហកម្ម​ជំនាន់​ទី​៤ ។ លោក​បន្ត​ថា ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​នាំ​យក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម ៤.០ ដើម្បី​បង្កើន​គណនេយ្យ​ភាព និង​តម្លាភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ ព្រមទាំង​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ដូច្នេះ​រដ្ឋាភិបាល​ត្រូវការ​អ្នក​វិនិយោគ​បន្ថែម ដើម្បី​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា ។

ដោយឡែក លោក ចា​ស្ទី​ន វូ​ដ បាន​ជម្រាប​ជូន​អំពី​គម្រោង Digital ASEAN និង E-Payment ដែល​ផ្តួចផ្តើម​បង្កើត​ដោយ​មូលនិធិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) និង​បាន​ស្នើ​សុំ​ទស្សនៈ និង​ការ​ចូលរួម​របស់ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដើម្បី​អនុវត្តន៍​គម្រោង​ទាំង​អស់នេះ សំដៅ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម នៅ​តាម​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន ។ បើ​តាម​លោក អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ផង​ដែរ​ថា បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​យ៉ាង​លឿន​នៃ​បច្ចេកវិទ្យា ជា​ពិសេស ក្នុង​ផ្នែក​ឌី​ជី​ថ​ល ក្នុង​ការ​បង្កើត​នូវ​ជីវភាព​កំណើន​ថ្មី​មួយ​ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ព័ត៌មាន ។ លោក​ថា​៖« ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ក៏​នឹង​ធ្វើ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ផ្លាស់​ប្ដូរ​ទៅ រក​ទម្រង់​ថ្មី​មួយ ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​រៀបចំ​នូវ​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​, រៀបចំ​យន្តការ អនុវត្ត​ច្បាប់​, កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង បណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បី ចាប់​យក​កាលានុវត្តភាព ឱ្យ​បានជា​អតិបរមា​ពី​ការ​ប្រែប្រួល​នេះ » ។

លោក​បន្ត​ថា លោក​សូម​លើកទឹកចិត្ត ឱ្យ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​, ទាំង​រដ្ឋ និង ឯកជន​, បង្កើន​ការ​យកចិត្ត​ទុក​លើ​ចំណុច​ទាំងនោះ ជា​ពិសេស ការ​បង្កើន​សមត្ថភាព និង អភិវឌ្ឍ​ធនធានមនុស្ស និង ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, ដើម្បី​ផ្ដល់​មូលដ្ឋាន និង ភាព​ងាយស្រួល​ដល់​យុវជន​ក្នុង​ការ​- ចាប់​យក​ជំនាញ​ផ្សេង​ៗ​នា​ពេល​អនាគត ស្រប​ពេល​ដែល​បរិបទ​នៃ​ការ​អភិវឌ្ឍ​មានការ​ផ្លាស់​ប្ដូរ លឿន ក៏​ដូច​ជា​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​កាន់តែ​ឆាប់រហ័ស ។

គួរ​រំលឹក​ដែរ​ថា កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ខាងក្រៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លើក​ទី​២៧ ស្តី​ពី​អាស៊ាន ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​លោក​បណ្ឌិត Klaus Schwab ជា​ស្ថាបនិក​មូលនិធិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​មួយ​ចំនួន ជុំវិញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។ នៅ​ក្នុង​នោះ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា កម្ពុជា និង​អាស៊ាន​គួរតែ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​បម្រើ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាពក្រីក្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ