ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា ស្លាក​លេខ​រថយន្ត​នឹង​មាន តម្លៃ​ដូច​លេខ​ទូរស័ព្ទ និង​មានការ​ដាក់​ដេញថ្លៃ​សម្រាប់​លេខ​ដែល​ល្អ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​នេះ​ក្រសួង​សាធារណៈការ​នឹង​ដឹក​ជញ្ជូន កំពុង​រៀបចំ​នូវ​គោលការណ៍ ការ​អនុវត្ត និង​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ការ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន និង​ឯកសារ​ផ្លូវការ​មួយ​ដើម្បី​ប្រកាស​ពី​ការ​លក់​លេខ​ល្អ​ៗ​ជូន​សាធារណជន​ទូទៅ ដែល​ចង់បាន​លេខ​ល្អ​ៗ ហើយ​វា​នឹង​ត្រូវ​ដាក់​តម្លៃ​លក់​ដូច​លេខ​ទូរ​សព្ទ័ ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​នេះ​ក្រសួង​សាធារណៈការ​នឹង​ដឹក​ជញ្ជូន កំពុង​រៀបចំ​នូវ​គោលការណ៍ ការ​អនុវត្ត និង​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ការ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន និង​ឯកសារ​ផ្លូវការ​មួយ​ដើម្បី​ប្រកាស​ពី​ការ​លក់​លេខ​ល្អ​ៗ​ជូន​សាធារណជន​ទូទៅ ដែល​ចង់បាន​លេខ​ល្អ​ៗ ហើយ​វា​នឹង​ត្រូវ​ដាក់​តម្លៃ​លក់​ដូច​លេខ​ទូរ​សព្ទ័ ។ មាន​ន័យ​ថា​បើសិនជា​លេខ​កាន់តែ​ល្អ វា​មាន​តម្លៃ​កាន់តែ​ខ្ពស់ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ។ យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​តម្លៃ​ជាក់លាក់​នៅ​មិន​ទាន់​អាច​បញ្ជាក់​ជូន​នៅឡើយ​នោះ​ទេ ។

បើ​តាម​លោក វ៉ា ស៊ឹ​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ថ្ង​ទី ០១ ខែឧសភា ម្សិលមិញ​ថា ពេល​នេះ ក្រសួង​កំពុង​រៀបចំ​អោយ​មាន​គោលការណ៍​លក់​ស្លាក​លេខ​រថយន្ត ដូច​លក់​លេខ​ទូរស័ព្ទ​ដែរ ហើយ​សង្ឃឹមថា​វា​នឹង​ចេញ​នៅ​ពេល​ឆាប់​ៗ​នេះ ។ ដែល​គោលការណ៍​នេះ អាច​ដាក់​ដេញថ្លៃ​ជា​សាធារណៈ សម្រាប់​លេខ​ល្អ​ៗ ដល់​សាធារណជន​ទូទៅ ដែល​ចង់បាន​ស្លាក​លេខ​ល្អ​ៗ​បំពាក់​លើ​រថយន្ត​របស់​ខ្លួន ។ គោលការណ៍​មួយទៀត អាច​នឹង​ដាក់​តម្លៃ លក់​ជា​ផ្លូវការ​តែ​ម្ដង សម្រាប់​ស្លាក​លេខ​ដែល​បាន​ចេញ​រួច ដូច្នេះ​ប្រជាពលរដ្ឋ​ទូទៅ​អាច​មក​រើស​លេខ​ដោយ​ផ្ទាល់ខ្លួន​សម្រាប់​បំពាក់​លើ​រថយន្ត​របស់​ខ្លួន ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ក្រសួង​ក៏​បាន​ដាក់​លក់​ស្លាក​លេខ​រថយន្ត​ល្អ​ៗ​ដែរ ដូច​ជា​លេខ ៩៩៩៩ , ៨៨៨៨ ជាដើម តែ​សម្រាប់​គោលការណ៍​ថ្មី វា​នឹង​ល្អ​ជាង​គោលការណ៍​ចាស់​ច្រើន ក្នុង​នោះ​ម្ចាស់​រថយន្ត​ក៏​អាច​ដាក់​ឈ្មោះ​ខ្លួនឯង​លើ​ស្លាក​លេខ​ក៏​បាន ហើយ​អាច​ជ្រើសរើស​លេខណា​ដែល​ខ្លួន​ពេញ ចិត្ត​និង​ស្រលាញ់ ។ សម្រាប់​ការ​រៀបចំ​គោល​ការ​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​ការ​ចុះបញ្ជី​រថយន្ត នេះ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ នៅ​នាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ទីក្រុង​ហុងកុង លោក សួន វ៉ា​ន់​ហុង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក អមដំណើរ​ដោយ លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​សមាសភាព​ពាក់ព័ន្ធ នៃ​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​គ្រប់គ្រង​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល បាន​ជួប​ពិភាក្សា​ជាមួយនឹង​លោក Reginald CHAN អនុប្រធាន​នៃ​គណៈកម្មការ​គ្រប់គ្រង និង​ចេញ​អាជ្ញា​បណ្ណ​យានយន្ត និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ហុងកុង ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៅ​ក្នុង​ការ​គ្រប់គ្រង​យានយន្ត ការ​ចេញ​អាជ្ញា​បណ្ណ​ឱ្យ​យានយន្ត​អាច​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​សាធារណៈ ការ​ស្នើ​សុំ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន និង​ការ​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន ។

សូម​បញ្ជាក់​ថា ទីក្រុង​ហុងកុង​បាន​អនុវត្ត​យន្តការ​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ តាំងពី​ឆ្នាំ​១៩៩៧​មក ។ នៅ​ក្នុង​ប្រវត្តិ​នៃ​ការ​ដេញថ្លៃ​លេខ​យានយន្ត លេខ​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​បំផុត មាន​តម្លៃ​រហូត​ទៅ​ដល់​១៨​លាន​ដុល្លារ​ហុងកុង ដែល​ស្មើនឹង​ប្រមាណ​២,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ រដ្ឋបាល​នៃ​ទីក្រុង​ហុងកុង​ក៏​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍ ក៏​ដូច​ជា​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ជាមួយនឹង​ការ​គ្រប់គ្រង និង​ការ​អនុវត្ត​ច្បាប់​ជុំវិញ​ការ​លក់​លេខ​ចុះបញ្ជី​យានយន្ត និង​ការ​អនុវត្ត​ច្បាប់​រឹត​បន្តឹង​ទៅ​លើ​ការ​គ្រប់គ្រង​អាជ្ញា​បណ្ណ​របស់​យានយន្ត​ផង​ដែរ ។ ជាមួយនឹង​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​នៅ​ក្នុង​កិច្ចប្រជុំ​នេះ តាម​រយៈ​ទស្សនកិច្ច «​កម្ពុជា​នឹង​អាច​ប្រើ​នូវ​គំនិត​ជា​គន្លឹះ​សំខាន់​ៗ ដើម្បី​រៀបចំ​លិខិត​បទដ្ឋាន ក៏​ដូច​ជា​ត្រៀម​យន្តការ​អនុវត្ត និង​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា គ្រប់គ្រង​ការ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន និង​ការ​ដេញថ្លៃ​» ។ គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សហការ​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រៀបចំ​នូវ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង និង​ចេញ​ស្លាក​លេខ​យានយន្ត និង​កំពុង​រៀបចំ​នីតិវិធី​ស្នើ​សុំ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​ផ្តល់​សុពលភាព​ក្នុង​ការ​អនុវត្ត​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​មាន​លក្ខណៈ​ពិសេស​បន្ថែម​ដូច​ជា ៖ ១) – លេខ​ពិសេស​ផ្ទាល់ខ្លួន​អនុញ្ញាត​អក្សរ​ឡា​តាំង និង​លេខ​មិន​លើស​ពី​៨​ខ្ទង់ ដើម្បី​ផ្តល់​ជម្រើស​សំបូរ​បែប​ជូន​ប្រជាពលរដ្ឋ ។ ២) – ម្ចាស់​យានយន្ត​អាច​រក្សា​ទុក​លេខ​រថយន្ត​ពេល​ដែល​រថយន្ត​ត្រូវ​បាន​លក់ និង​ផ្ទេរកម្មសិទ្ធិ​ទៅ​ឱ្យ​បុគ្គល​ទី​២ និង​ទី ៣)- លេខ​ពិសេស​ផ្ទាល់ខ្លួន​មួយ​ចំនួន​នឹង​ត្រូវ​បាន​ដាក់​ដេញថ្លៃ ដើម្បី​ជំរុញ​ការ​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ជូន​រដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ