តាមប្រភពពី Metro បានឱ្យដឹងថា ស្ត្រីម្នាក់ដែលទុកឱ្យម្តាយអាយុ៩១ឆ្នាំ ដេកលើគំនរសំរាមក្នុងបន្ទប់ អស់រយៈពេលជាច្រើនថ្ងៃ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ។ ម្តាយបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារតែមានមេរោគក្នុងឈាមកម្តៅខ្លួនទាប និងមានរបួសលើស្បែកជាច្រើនកន្លែង ។ នេះគឺជាកំហុសរបស់កូនស្រី ដែលទុកម្តាយឱ្យនៅដេកធ្លាក់ខ្លួនឈឺដល់កម្រិតហ្នឹង មុនពេលសម្រេចចិត្តទូរស័ព្ទហៅឡានពេទ្យ។
ស្ត្រី Therese Curphey Jnr អាយុ៥៣ឆ្នាំ ត្រូវបានតុលាការសម្រេចក្តីថា ពិតជាបានសម្លាប់ម្តាយពិតប្រាកដមែន ។ នាងទុកម្តាយឱ្យសល់ដង្ហើមចុងក្រោយ ទម្រាំតែហៅឡានពេទ្យ។ នៅល្ងាចថ្ងៃដដែលនោះ ម្តាយរបស់នាងបានស្លាប់នៅមន្ទីរពេទ្យ។
អ្វីដែលហួសចិត្តនោះ គឺក្រុមអ្នកជួយសង្គ្រោះស្ទើរតែចូលក្នុងបន្ទប់ដេករបស់ម្តាយនាងមិនរួច ដោយសារតែសុទ្ធតែសំរាមស្ទើរតែពេញទៅហើយ។ នាងមិនបានសម្អាតកន្លែងម្តាយរបស់នាងដេកទេ ដោយទុកឱ្យសំរាមគរដូចជាភ្នំ ។ ខាងតុលាការបានរកឃើញថា នាងជាកូនបានលួចប្តូរថ្នាំរបស់ម្តាយ ព្រោះតែជឿជាក់ថា ខ្លួនខ្លាំងជាងពេទ្យ ។
បើទោះជាម្តាយកាន់តែធ្ងន់ធ្ងរប៉ុនណា Therese នៅតែមិនខ្វល់។ ជាលទ្ធផលសម្រេចកាលពីប៉ុន្មានថ្ងៃ
មុននេះ តុលាការបានកាត់ទោសឱ្យនាងជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ដើម្បីឱ្យសមនឹងកម្រិតទោសរបស់នាង ៕
ចែករំលែកព័តមាននេះ