ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិកររស់នៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ បានត្អូញត្អែរថា៖ តម្លៃកសិផល នៅក្នុងមូលដ្ឋាន ដែលពួកគាត់បានខិតខំដាំដុះ យកមកលក់ក្នុងទីផ្សារ បានធ្លាក់ចុះជាខ្លាំង ដែលធ្វើអោយការដាំដុះបន្លែបង្កាផ្គត់ផ្គង់ជីវភាពរស់នៅជួបនឹងការលំបាក ។ ហេតុ នេះហើយពួកគាត់សំណូមពរស្ថាប័នពាក់ព័ន្ធនៅតាមព្រំដែន មេត្តាជួយទប់ស្កាត់ការហូរចូលនូវបន្លែបង្ការពីប្រទេសជិតខាង ដើម្បីទុកលទ្ធភាពឲ្យពួកគាត់ដាំដុះបន្លែនៅក្នុងស្រុក លក់នៅទីផ្សារមានតម្លៃខ្ពស់ ។
ឈ្មួញអ្នកទទួលទិញបន្លែនៅឃុំឆ្នុកទ្រូ ម្នាក់ បាននិយាយថា៖ គាត់ជាអ្នកទិញបន្លែ នៅមាត់កំពង់ទឹក ភូមិឆ្នុកទ្រូ ហើយដឹកយកទៅលក់នៅទីផ្សារឡុងគឿ ប្រទេសថៃ ជាប់នឹងខេត្តបន្ទាយមានជ័យ ។ ក្នុងអំឡុងខែកុម្ភះ និងខែមីនា កន្លងទៅនេះ គាត់ទិញផ្លែល្ពៅ ពីប្រជាកសិករនៅក្នុងឃុំឆ្នុកទ្រូក្នុងមួយគីឡូក្រាម ពី ១៧០០ រៀល ទៅ១៨០០រៀល ។ ប៉ុន្តែមកដល់ខែមេសានេះ តម្លៃផ្លែល្ពៅបានស្រុតតម្លៃ គឺគាត់ទិញចូលក្នុងមួយគីឡូតែពី១០០០ទៅ១១០០ រៀលប៉ុណ្ណោះ និងលក់ចេញនៅផ្សារឡុងគឿបានថ្លៃ១៣០០ រៀល។ មូលហេតុបន្លែរបស់ថៃក៏ដាំដុះទទួលបានផលច្រើនយកមកលក់ក្នុងទីផ្សារដូចគ្នាដែរ ។
ចំណែកបងស្រី ជាប្រជាកសិករម្នាក់រស់ នៅក្នុងឃុំឆ្នុកទ្រូ ជាអ្នកទទួលទិញបន្លែនៅមាត់កំពង់ផ្សារឆ្នុកទ្រូ នេះដែរបានអោយដឹងថា៖ ផ្លែត្រឡាចលក់ចេញក្នុងមួយផ្លែថ្លៃតែ ៥០០ រៀលតែប៉ុណ្ណោះ ចំណែកផ្លែត្រសក់ស្រូវ កាលមុនលក់ចេញមួយផ្លែពី១៥០០ទៅ ២០០០ រៀលតាមតូចតាមធំ ។ ប៉ុន្តែមកដល់ពេលនេះត្រសក់ស្រូវបានចុះយ៉ាងខ្លាំង គ្មានអ្នកមកទិញទៀត ពេលខ្លះកសិករ បារយកតែគ្រាប់បោះផ្លែត្រសក់ចោលអោយគោស៊ី។ គាត់បានបញ្ជាក់ថា៖ បើត្រសក់ស្រូវនាំចូលពីប្រទេសវៀតណាមវិញ គេថ្លឹងគីឡូទិញ គាត់ក៍មិនដឹងពីមូលហេតុ ដែរ គ្រាន់តែដឹងថា៖ នៅពេលកសិផលសំបូរគឺទីផ្សារចុះថោក ។
ទាក់ទង និងរឿងនេះ ពួកគាត់សូមសំណូមពរ ដល់ស្ថាប័នពាក់ព័ន្ធនៅតាមព្រំដែន មេត្តាជួយទប់ស្កាត់កុំឲ្យបន្លែនៅប្រទេសជិតខាងហូរចូលក្នុងស្រុក ដើម្បីទុកលទ្ធភាពឲ្យកសិករខ្មែរមានលទ្ធភាពដាំដុះបន្លែនៅក្នុងស្រុកលក់បានតម្លៃខ្ពស់នៅលើទីផ្សារ នោះទើបប្រជាកសិករអ្នកដាំដុះបន្លែតាមមូលដ្ឋានមានជីវភាពល្អប្រសើរ ។
ជុំវិញបញ្ហានេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ទាក់ទងនឹងទីផ្សារ បន្លែវាជារឿងធម្មតាទេ តែកាលណាបន្លែណាមួយវាសំបូរនោះវានឹងចុះថោក ។ កត្តាសំខាន់នោះប្រជាកសិករត្រូវដាំបន្លែអោយទាន់រដូវកាល ដែលក្នុងទីផ្សារ មិនទានសំបូរនោះទើបលក់បានថ្លៃ ។ ម្យ៉ាងទៀតត្រូវដាំបន្លែអោយគេដឹងថាគ្មានជាតិគីមី យកមកលក់ក្នុងទីផ្សារបន្លែរបស់សមគន៍គ្មានជាតិគីមី នៅក្នុងក្រុងកំពង់ឆ្នាំង ទើបមានតម្លៃខ្ពស់ជាងទីផ្សារ ៕
ចែករំលែកព័តមាននេះ