ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់ទាំងកូនក្នុងផ្ទៃ​ ព្រោះពេទ្យ​មិន​យក​ចិត្តទុក​ដាក់​ និង​គ្មាន​វេជ្ជបណ្ឌិត​ប្រចាំការ​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រឿងរ៉ាវ​ស្ត្រី​ម្នាក់​ឆ្លងទន្លេហើយ​ស្លាប់​ទាំង​ម្តាយ​និង​ទារក​នៅ​ក្នុង​ផ្ទៃ​ ត្រូវ​បាន​បុរស​ជា​ប្តី​និង​កូនស្រី​ចោទ​ថា ពេទ្យ​មិន​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ និង​គ្មាន​វេជ្ជបណ្ឌិតប្រចាំការ ទុក​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្រៅ​បន្ទប់​សម្រាល ។ ការ​បែកធ្លាយ​រឿង​ដ៏​រសើប​ ដែល​តែង​កើត​មាន​ជា​រឿយ​ៗ​នេះ…

ខេត្តស្វាយរៀង ៖ រឿងរ៉ាវ​ស្ត្រី​ម្នាក់​ឆ្លងទន្លេហើយ​ស្លាប់​ទាំង​ម្តាយ​និង​ទារក​នៅ​ក្នុង​ផ្ទៃ​ ត្រូវ​បាន​បុរស​ជា​ប្តី​និង​កូនស្រី​ចោទ​ថា ពេទ្យ​មិន​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ និង​គ្មាន​វេជ្ជបណ្ឌិតប្រចាំការ ទុក​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្រៅ​បន្ទប់​សម្រាល ។ ការ​បែកធ្លាយ​រឿង​ដ៏​រសើប​ ដែល​តែង​កើត​មាន​ជា​រឿយ​ៗ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​១០​នាទី​រសៀល​ថ្ងៃ ទី​២៩ ខែមេសា នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

បើ​តាម​កូនស្រី​ឈ្មោះ ផាង លី​ឌី​ន អាយុ​២០​ឆ្នាំ ដែល​នៅ​ជាប់​ជាមួយ​ម្តាយ​និយាយ​ថា ម្តាយ​នាង​ឈ្មោះ ផ​ន សាវ​រី អាយុ​៤០​ឆ្នាំ មានកូន​ស្រី៣​នាក់ រូប​នាង​ជា​កូន​ទី​២ ហើយ​កូនស្រី​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ជាមួយ​ម្តាយ​ជា​កូន​​ទី​៤ ។ គ្រួសារ​នាង​រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្នា ឃុំ​រាជ្យ​មន្ទីរស្រុក​​កំពង់​រោទ៍ ។ នៅ​ពេល​ម្តាយ​នាង​គ្រប់​ខែ​ឆ្លងទន្លេ ឪពុកនាង​បាន​ដឹក​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តផ្នែក​សម្ភព​នៅ​ថ្ងៃ​ទី​២៥ ខែមេសា វេលា​ម៉ោង​១១​យប់ ។

ពេល​នោះ ​គ្រូពេទ្យ​វាស់​ឈាម និង​ពិនិត្យ​ចង្វាក់បេះដូង រួច​ដាក់​សេរ៉ូម ហើយ​មក​ដល់​ថ្ងៃ​ទី​២៦ ខែ​មេសា វេលា​ម៉ោង​៧​ព្រឹក​គ្រូពេទ្យ​ឲ្យ​នាំ​ម្តាយ​ទៅ​ឆ្លុះ​អេកូ ។ ពេល​ទៅ​ដល់​កន្លែង​អេកូ គ្រូពេទ្យ​ប្រចាំការ​បាន​​ស្តី​បន្ទោស​ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​លើ​អ្នក​កំដរ​ថា ថ្មើរ​ហ្នឹង​មាន​អ្នក​អេកូ​ឯណា​ទាំង​ព្រឹក ហើយ​នាង​
រី​ក៏​គ្រាហ៍​ម្តាយ​ឡើង​ទៅ​ជាន់​ទី​២​វិញ ។

ប្រភព​ដដែល​បន្ត​ថា សូ​ម្បី​តែ​ព្យូ​សេរ៉ូម ក៏​គ្រូពេទ្យ​ប្រើ​នាង​ឱ្យទៅ​រក​ដែក​ព្យូ​សេរ៉ូម​ខ្លួនឯង​ដែរ ។ លុះ​ដាក់​សេរ៉ូម​ហើយ គ្រូពេទ្យ​ក៏​ទៅ​បាត់​ហើយ​រហូត​ដល់​ម៉ោង​៩​ព្រឹក​ទើបបាន​អេកូ​ពោះ ។ នៅ​វេលា​ម៉ោង​១​រសៀល ឪពុក​នាង​និង​រូប​នាង​ជា​កូន បាន​ប្រាប់​គ្រូពេទ្យ​ថា សភាព​ម្តាយ​នាង​ដូច​ជា​មិនល្អ​ទេ បើ​យ៉ាងណា​សូម​ធ្វើការ​វះកាត់​ទៅ តែ​គ្រូពេទ្យ​ឆ្លើយ​ថា​មិន​អី​ទេ និង​ទុក​រហូត​ដល់​ម៉ោង​៤​រសៀល ម្តាយ​នាង​ប្រាប់​ថា​គាត់​ធ្វើទុក្ខ​ក្នុង​ខ្លួន​ខ្លាំង ក្តៅ​ក្នុង​ខ្លួន​ខ្សោះ​ទឹក ក៏​បាន​ជំរុញ ពេទ្យ​ថាបើ​មិនកើត​ទេ​ឲ្យ​ពេទ្យវះកាត់​ទៅ ។

នាង​និង​ម្តាយធំ​ឃើញ​ម្តាយ​ធ្វើទុក្ខ​ខ្លាំង ត្រូវការ​ជំនួយ​ពី​គ្រូពេទ្យ​ក៏​រត់​រក​គ្រូពេទ្យ​ឲ្យ​មក​មើល​ជួយ​សង្គ្រោះ ប៉ុន្តែ​គ្មាន​គ្រូពេទ្យ​ប្រចាំការ​ទេ រីឯ​គ្រូពេទ្យ​ម្នាក់​មក​ដល់​ប្រាប់​ថា មិន​អី​ទេ​ឲ្យ​ម្តាយ​គាត់​អង្គុយ​លើ​កន្ថោរ​ខាង​មុខ​បន្ទប់​រង់ចាំ ដោយ​ប្រាប់​ថា រង់ចាំ​គ្រូពេទ្យ​មក​សិន ។ លុះដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ម្តាយ​គាត់​ស្រែកថ្ងូរ​ថា ចុក​ខ្លាំង​និង​វិលមុខ នាងរ​ត់ទៅ​រក​គ្រូពេទ្យ​តែ​គ្មាន​ឃើញ​គ្រូពេទ្យ​ប្រចាំការ​ណា​ម្នាក់​ទេ ។

ម្តាយ​នាង​ចុក​រហូត​បែកពពុះមាត់​ស្ល​ឈាម ខ្លួន​ឡើង​ខ្មៅ និង​ប្រកាច់​ដួល​នៅ​ខាង​មុខ​បន្ទប់ ទើប​គ្រូពេទ្យ​មក​សែង​ចូល​ក្នុង​បន្ទប់​ដើម្បី​សង្គ្រោះ ។ ប៉ុន្តែ​អ្វី​ៗ​ហួសពេល​ទៅ​ហើយ ម្តាយ​នាង​បាន​ស្លាប់​និង​ស្លាប់​ទាំង​កូន​ក្នុង​ផ្ទៃ​តែ​ម្តង ឯ​ពេទ្យ​មក​ដល់​ហើយ​អង្អែល​ក្បាល​ថា កាត់ចិត្ត​ទៅ​គ្រូពេទ្យ​ជួយ​អស់​លទ្ធភាព​ហើយ​តែ​មិន​អាច​ជួយ​បាន ។ តាម​ពិត គ្មាន​គ្រូពេទ្យ​ប្រចាំការ​ទេ ម្តាយ​នាង​ស្លាប់​រួម​នឹង​កូន​ក្នុង​ផ្ទៃ​ក៏​ស្លាប់ គឺ​ដោយ​ការ​ធ្វេស​ប្រហែស ​និង​មិន​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ ។

បុរស​ជា​ប្តី​ឈ្មោះ ផាង សំ​អុល អាយុ​៤៥ឆ្នាំ បាន​ចោទប្រកាន់​ថា មក​ពី​ពេទ្យ​មិន​យកចិត្តទុកដាក់ ហើយ​ធ្វេសប្រហែស​ទើប​ធ្វើ​ឲ្យ​ប្រពន្ធ​គាត់​ស្លាប់ ។ គាត់​បាន​អំពាវនាវ​ដល់​រាជរ​ដ្ឋា​ភិបាល សូម​ជួយ​រក​យុត្តិធម៌​ឲ្យ​សព​ប្រពន្ធ​និង​កូន​គាត់​ផង ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ នៅ​វេលា​ម៉ោង២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា មានកិច្ចប្រជុំ​ផ្ទៃក្នុង​មួយ​នៅ​សាល​ប្រជុំ​អគារ​សម្តេចម៉ែ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​មានការ​ចូលរួម​ពី​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត លោកចាន់ ដា​រ៉ា នាយក​មន្ទីរពេទ្យ​បង្អែក​ខេត្ត លោក​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ផ្នែក​សម្ភព​ជា​ច្រើន​រូប​។ កិច្ចប្រជុំ​ផ្ទៃក្នុង​នេះ មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ស្តាប់​ឡើយ ហើយ​រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល ទើប​បញ្ចប់ ។

អ្នក​សារព័ត៌មាន​យើង​បាន​សុំ​សម្ភាស​លោក ចាន់ ដា​រ៉ា នាយក​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ដែរ បុ​៉​ន្តែ​លោក​សុំ​មិន​ឆ្លើយ និង​ឲ្យ​សាកសួរ​ទៅ​លោកវេជ្ជបណ្ឌិត កែរ រ​ដ្ឋា នាយក​មន្ទីរ​សុខាភិបាល​ខេត្ត​វិញ ។ លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា មាន​ប្រសាសន៍​ថា ស្ត្រី​រង​គ្រោះ​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង មិនមែន​ដោយសារ​ពេទ្យ​ធ្វេស​ប្រហែស​​ ឬ​ពេទ្យ​មិនយកចិត្តទុកដាក់​នោះ​ទេ ។

បើ​តាម​ការ​ពិនិត្យ​តាមដាន​ស្ថានភាព​ផ្ទៃពោះ និង​តាម​ការ​មើល​អេកូ​គឺ​សភាព​ធម្មតា អាច​សម្រាល​តាម​ធម្មជាតិ​បាន ហើយ​បញ្ហា​ក​ស្បូន​គឺ​មិន​ទាន់​បើក​គ្រូពេទ្យ​ក៏​បាន​ដាក់​ថ្នាំ​ឲ្យ​បើក​ស្បូន គឺ​ស្បូន​បើក​បាន​៣​សង្ទីម៉ែត្រ​ទើប​ទុក​ឲ្យ​កើត​តាម​ធម្មជាតិ មិន​នឹក​ស្មានថា​ចៃដន្យ​ស្ត្រី​រង​គ្រោះ​មាន​ជំងឺ​គាំងបេះដូង​កើតឡើង ធ្វើ​ឲ្យ​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ដូច្នេះ​ជន​រង​គ្រោះ​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង ។

បើ​តាម​មន្ត្រី​សុខាភិបាល​មួយ​រូប​បង្ហើប​ថាលោក​វេជ្ជបណ្ឌិត យក់ ពុទ្ធ​វិសាល គ្រូពេទ្យ​ព្យាបាល​ផ្នែក​សម្ភព​ទទួល​វេន​ប្រចាំការ មានការ​ធ្វេសប្រហែស​និង​នាំ​ឲ្យ​មាន​កំហុស​បច្ចេកទេស​ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក​វេជ្ជបណ្ឌិត​រូប​នេះ​មាន​កំហុស​បច្ចេកទេស ដែល នៅ​ឆ្នាំ​២០១៨ មានការ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​ម្នាក់​ដែរ ។

មហាជន​សង្កេត​ឃើញ​ថា បើ​មាន​អ្នកជំងឺ​ឬអ្នក​ឆ្លងទន្លេ​ចំ​ល្ងាច​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​-​អាទិត្យ​គឺ​ច្រើន​តែ​គ្មាន​វេជ្ជបណ្ឌិត​ប្រចាំការ ។ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​វេជ្ជបណ្ឌិត យក់ ពុទ្ធ​វិសាល បាន​ទេ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៩ ខែមេសា ៕ ​

អត្ថបទសរសេរ ដោយ