ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើល​ងាយបាប​ថា​តិច​នឹង​មិន​ឱ្យ​ផល​នោះ

4 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បាប​ជា​អំពើអាក្រក់ ដែល​បុគ្គល​គួរ​ខ្លាចរអា គួរ​ចៀស​ឱ្យ​ឆ្ងាយ និង​មិន​គួរ​មើល​ងាយ​ថា​បាប​មាន​ប្រមាណ​តិចតួច​នឹង​មិន​ឲ្យ​ផល​ដូច្នេះ​ទេ ប្រៀប​ដូច​បំពង់​ទឹក​រមែង​ពេញ​ដោយ​តំណក់ទឹក​ដែល​ស្រក់​ចុះ​មក​ម្តង​មួយ​តក់​ម្តង​មួយ​តក់​បាន យ៉ាងណា បុគ្គល​ល្ងង់ខ្លៅ​កាល​សន្សំ​បាប​សូ​ម្បី​តែ​បន្តិច​ម្តង​ៗ​ក៏​គង់​នឹង​ពេញ​ដោយ​អំពើអាក្រក់​បាន​ក៏​យ៉ាងនោះ​ដែរ ។ ពិត​ណាស់​អំពើអាក្រក់​កាលបើ​បុគ្គល​ប្រព្រឹត្ត​ឱ្យ​មែនទែន​ទៅ…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បាប​ជា​អំពើអាក្រក់ ដែល​បុគ្គល​គួរ​ខ្លាចរអា គួរ​ចៀស​ឱ្យ​ឆ្ងាយ និង​មិន​គួរ​មើល​ងាយ​ថា​បាប​មាន​ប្រមាណ​តិចតួច​នឹង​មិន​ឲ្យ​ផល​ដូច្នេះ​ទេ ប្រៀប​ដូច​បំពង់​ទឹក​រមែង​ពេញ​ដោយ​តំណក់ទឹក​ដែល​ស្រក់​ចុះ​មក​ម្តង​មួយ​តក់​ម្តង​មួយ​តក់​បាន យ៉ាងណា បុគ្គល​ល្ងង់ខ្លៅ​កាល​សន្សំ​បាប​សូ​ម្បី​តែ​បន្តិច​ម្តង​ៗ​ក៏​គង់​នឹង​ពេញ​ដោយ​អំពើអាក្រក់​បាន​ក៏​យ៉ាងនោះ​ដែរ ។

ពិត​ណាស់​អំពើអាក្រក់​កាលបើ​បុគ្គល​ប្រព្រឹត្ត​ឱ្យ​មែនទែន​ទៅ នឹង​ឱ្យ​ផល​ភ្លាម​ៗ​មិន​ចាំបាច់​រង់ចាំ​ជាតិ​ក្រោយ​ទេ ដូច​ភិក្ខុ​ទេវទត្ត​តែង​បង្ក​បញ្ហា​ដល់​ព្រះពុទ្ធ​ឥត​ឈប់​ឈរ លុះ​កម្ម​នោះ​ធ្ងន់​ដល់​កម្រិត​ទៅ​ក៏​ហុច​ផល​ឱ្យ​ក្នុង​ពេល​បច្ចុប្បន្ន​ត្រូវ​ព្រះធរណី​ស្រូប​ទាញ​ទម្លាក់​ទៅ​សោយទុក្ខ​វេទនា​ក្នុង​អវិចី​មហានរក​រហូត​ដល់​បច្ចុប្បន្ន ។

សេចក្តី​នេះ​ស្រប​ទៅ​នឹង​ព្រះ​គាថា​ក្នុង​គម្ពីរ​ធម្មបទ​ទ្រង់​សម្តែង​ថា បុគ្គល​ណា​ជា​អ្នក​ធ្វើអំពើ​បាបកម្ម​ធ្ងន់ធ្ងរ បុគ្គល​នោះ​ទោះជា​ចូល​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​អាកាស​ក្តី នៅ​នា​កណ្តាល​សមុទ្រ​ក្តី ទៅ​សម្ងំ​នៅ​ក្នុង​រូងភ្នំ​ក្តី ក៏​មិន​អាច​រួច​ចាក​ពី​អំពើអាក្រក់​នោះ​បាន​ឡើយ ព្រោះថា គ្មាន​ភូមិ ប្រទេស​ណា​ដែល​បុគ្គល​បាប​ឋិត​នៅ​ហើយ​អាច​រួច​ចាក​បាបកម្ម​បានជា​ដាច់ខាត ។

ចំណែក​បុគ្គល​ដែល​ខ្លាច​បាប​រមែង​វៀរ​នូវ​អំពើ​ជា​អកុសលកម្ម​ទាំងឡាយ ហើយ​ប្រព្រឹត្ត​តែ​សុចរិត​ដើម្បី​ជា​ប្រយោជន៍​ក្នុង​លោក​ទាំង​ពីរ ។