ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ហាក់​ទទួល​បាន​ផល​ផ្លែផ្កា​ច្រើន​ផ្នែក​សេដ្ឋកិច្ច ពី​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ លើក​ទី​២ នៅ​ប្រទេស​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ចូលរួម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ក្នុង​វេទិកា​ផ្លូវ​១​ខ្សែ​ក្រ​វ៉ា​ត់​១ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កម្ពុជា​ហាក់​ទទួល​បាន​ផល​ផ្លែផ្កា​ច្រើន ក្នុង​នោះ​មាន​គម្រោង​វិនិយោគ​ជា​ច្រើន​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​ចូលរួម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ក្នុង​វេទិកា​ផ្លូវ​១​ខ្សែ​ក្រ​វ៉ា​ត់​១ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កម្ពុជា​ហាក់​ទទួល​បាន​ផល​ផ្លែផ្កា​ច្រើន ក្នុង​នោះ​មាន​គម្រោង​វិនិយោគ​ជា​ច្រើន​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា និង​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត​ផង​ដែរ ។

យោង​តាម​គេហទំព័រ​ផ្លូវការ​សម្ដេច​អគ្គ មហា​សេនាបតី​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី ក្នុង​ដំណើរ​សម្ដេច​តេ​ជោ​នៅ​ប្រទេស​ចិន កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់​ៗ ចំនួន​៦ ជាមួយ​ភាគី​ចិន ដូច​ជា​៖ ១)- អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ពី​គម្រោង​គន្លឹះ​វង់​ទី​២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​សមត្ថភាព​ផលិត​និង​ការ​វិនិយោគ​, ២)- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ នៃ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ ។ ៣)- អនុស្សា​រណៈ នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ស្តី​ពី​ការ​នាំ​អង្ករ​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន ចូល​ទីផ្សារ​ចិន ។ ៤)- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​សហប្រតិបត្តិការ​ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ។ ៥)- ផែនការ​សកម្មភាព ស្តី​ពី​ការ​បង្កើត​សហគមន៍​វាសនា​រួម កម្ពុជា​ចិន ចុះ និង ៦ កិច្ចព្រមព្រៀង ស្តី​ពី​កិច្ច​សហ ប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស ជា​ហិរញ្ញប្បទាន​ឥត​សំណង ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​សម្ដេច​តេ​ជោ សម្ដេច​ក៏​បាន​ជួប​ជាមួយ​បណ្ដា​វិនិយោគិន​នានា​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ជួប​ពិភាក្សា​និង​បង្ហាញ​ពី​សក្ដានុពល​វិនិយោគ​នៅ​ក្នុង​ប្រទេស​ក​ម្តុ​ជា​ទៅ​កាន់​វិនិយោគិន​ចិន​ទាំងនោះ ក្នុង​នោះ​ដែរ​សម្ដេច​ក៏​បាន​ជំរុញ​អោយ​វិនិយោគិន​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ទទួល​រង​នូវ​កង្វះខាត​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់ ។ ក្រៅពី​នោះ កម្ពុជា​ក៏​បាន​ស្នើរ​អោយ​ចិន​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​អាទិភាព​នានា​ជា​ច្រើន ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ ហើយ​ជា​ការ​កត់សម្គាល់ តាម​រយៈ​គេហទំព័រ​សម្ដេច​តេ​ជោ ភាគី​ចិន​ក៏​ហាក់ដូចជា​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។
ដោយឡែក​នៅ​ក្នុង​ថ្ងៃ​ទី​២៩ មេ​សា ២០១៩​នេះ​ដែរ ក្នុង​ជំនួប​រវាង​សម្ដេច​តេ​ជោ និង​លោក​ស៊ី​ជិន​ពីង ប្រធានាធិបតី​ចិន ប្រទេស​ចិន​ក៏​សម្រេច​ជួយ​កម្ពុជា​នូវ​ទឹកប្រាក់​៦០០​លាន​យន់​ប្រាក់​ចិន រឺ​ប្រមាណ​៩០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​វិស័យ​ការពារ​ជាតិ ដែល​នេះ​ជា​ជំនួយ​ឥត​សំណង​របស់​មហាមិត្ត​ចិន ជួយ​ដល់​កម្ពុជា ។

យោង​តាម​គេហទំព័រ​សង្គម​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​បង្ហាញ​ឲ្យ​សាធារណជន​បានដឹង​ថា កម្ពុជា​ជា​ប្រទេស​ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​ចិន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ផ្សា​ភ្ជាប់​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» ។ ក្នុង​នោះ​ដែរ ចិន​ជា​ប្រភព​ទុន​វិនិយោគ​ធំ​បំផុត​និង​ជា​ដៃគូរ​ពាណិជ្ជកម្ម​ធំ​ទី​១ របស់​ប្រទេស​កម្ពុជា ។ ភា​គិ​ចិន​សាងសង់​ផ្លូវ​បាន​វែង​ជាងគេ និង​ស្ពាន​បាន​ច្រើន​ជាងគេ​នៅ​កម្ពុជា ហើយ​បាន​ត​ភ្ជាប់​ខ្សែកាប​អុ​ប​ទិច​វែង​បំផុត​ទៀត​ផង ។ នៅ​ដើមឆ្នាំ ២០១៩​នេះ​ភាគី​ទាំង​ពីរ បាន​កំណត់​គោលដៅ​ដើម្បី​សម្រេច​ឲ្យ​បាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០២៣ ហើយ​ប្រទេស​ទាំង​ពីរ​នឹង​ចាប់ផ្តើម​សិក្សា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ក្នុង​ឱកាស​សម​ស្រប​ណាមួយ​។ តាម​រយៈ​ការ​ជំរុញ​ជា​បន្តបន្ទាប់​នៃ​ការ​កសាង​យុទ្ធសាស្ត្រ «​ខ្សែក្រវាត់ និង​ផ្លូវ​» ការ​បំពេញ​គុណសម្បត្តិ​ទៅ​វិញ​ទៅ​មករ​វាង​សេដ្ឋកិច្ច​ចិន និង​កម្ពុជា​នឹង​បញ្ចេញ​សមត្ថភាព​ផ្ទាល់ខ្លួន​បាន​យ៉ាង​ពេញលេញ ហើយ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​រវាង​ចិន និង​កម្ពុជា​នឹង​ឈាន​ចូល​ដល់​សម័យកាល​អភិវឌ្ឍន៍​ដ៏​វិសេសវិសាល​យ៉ាង​ឆាប់រហ័ស និង​គ្រប់​ជ្រុងជ្រោយ ដែល​នឹង​នាំ​មក​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​ប្រាស្រ័យ​ទាក់ទង​មនុស្ស​សាស្ត្រ​យ៉ាង​ទូលំទូលាយ​ជំរុញ​ដល់​ការ​ផ្សា​ភ្ជាប់​មនោសញ្ចេតនា​រវាង​ប្រជាជន​និង​ប្រជាជន​។ មិត្តភាព​ចិន និង​កម្ពុជា ជា​និច្ចកាល​ចាក់​ឬ​ស​ក្នុង​បេះដូង​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ​។ ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ទំនាក់ទំនង​មនុស្ស​សាស្ត្រ​ប្រទេស​ទាំង​ពីរ​មានការ​អភិវឌ្ឍន៍​ខ្ពស់​ក្លាយទៅជា​កម្លាំង​ជំរុញ​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​ជ្រុងជ្រោយ​។ កាលពី​ឆ្នាំ​២០១៨​ភ្ញៀវ​ទេសចរ​ចិន មក​ទស្សនា​ប្រទេស​កម្ពុជា​មាន​ចំនួន​លើស​ពី​២​លាន​នាក់​ហើយ រីឯ​ភ្ញៀវ​ទេសចរ​កម្ពុជា​ដែល​ទៅ​ទស្សនា​ប្រទេស​ចិន​មាន​ចំនួន​លើស​ពី ១​សែន​នាក់ កំណើន​ជា​មធ្យម​លើស​ពី​៦០%​។ ប្រទេស​ចិន​បាន​ក្លាយជា​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​ជាងគេ​សម្រាប់​កម្ពុជា​។ ចំនួន​ជើងហោះហើរ​រវាង​ចិន និង​កម្ពុជា​មាន​ប្រមាណ ៣៩៨​លើក​ក្នុង​មួ​យស​ប្តា​ហ៍​។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​នឹង​ចិន បាន​កើនឡើង​ដល់ ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ជិត​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​នាំ​ចូល​ប្រទេស​ចិន​មក​វិញ​ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ហើយ​បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន ប្រមាណ​២១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ធ្វើ​អោយ​ចិន​ក្លាយជា​វិនិយោគិន​ឈរ​លំដាប់​កំពូល​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ