ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការឡើងកម្តៅ​នឹងបន្ត​អូសបន្លាយជាង​១០ថ្ងៃ​ទៀត..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃ​ទី​៥ ខែឧសភា របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន តាមដាន​លើ​ស្ថានភាព​អា​កាសធាតុ​រួច​មក​ឃើញថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃ​ទី​៥ ខែឧសភា របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន តាមដាន​លើ​ស្ថានភាព​អា​កាសធាតុ​រួច​មក​ឃើញថា ដោយសារ​ឥទ្ធិពល​នៃ Global Warming ពោល​គឺ​កម្តៅ​អប្បបរមា​(Mini​mal) មានការ​កើនឡើង​ខុស​សព្វមួយដង គឺ​កម្តៅ​អប្បបរមា​ក្នុង​ឆ្នាំ​២០១៩​ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​កន្លង​មក ដោយ​កើន​ពី​២,០០-២,២០oC ។

ទន្ទឹម​នឹង​កម្តៅ​អតិបរមា​(Maximal) មាន​កម្រិត​ខ្ពស់​ស្រាប់ ធ្វើ​ឱ្យ​ការ​ប៉ះទង្គិច​រវាង​ម៉ាស់​ត្រជាក់​និង​ក្តៅ កាន់តែ​សកម្ម​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្ថានភាព​អាកាសធាតុ​មានការ​ប្រែប្រួល​ឆាប់រហ័ស ។នៅ​ថ្ងៃ​ទី​២៩ ខែមេសា បណ្តា​ខេត្ត​ភាគ​ពាយ័ព្យដូច​ជា ខេត្តឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ សៀម រាប និង​ខេត្តបាត់​ដំបង នឹង​អាច​មាន​ភ្លៀង​កក់ខែ​ពី​តិចទៅ​មធ្យម​នៅ​ស្រុក​-​ក្រុង​មួយ​ចំនួន ។ ចំណែក​តាមបណ្តា​ខេត្ត​ដទៃ​ទៀត​អាច​មាន​ភ្លៀង​កក់ខែ​តិចតួច ។

ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​២ ខែឧសភា ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយ​រៀង តាកែវ កំពត ព្រះ​សីហ​នុ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​កក់ខែ​ពី​តិច​ទៅ​បង្គួរ ។ បន្ទាប់​ពី​នោះ​ដល់​ថ្ងៃ​ទី​៥ ខែឧសភា បណ្តា​ខេត្ត​មួយ​ចំនួន​អាច​មាន​ភ្លៀង​កក់ខែ ក្នុង​កម្រិតពី​ខ្សោយ​ទៅ​មធ្យម ។ រីឯ​សីតុណ្ហភាព​អតិបរមាជា​ទូទៅ​មាន​ពី​៣៥-៣៧oC ។ បន្ត​ពី​នោះ​សី​តុ​ណ្ហភាព​នឹង​បន្ត​កើនឡើង ដោយ​សី​តុណ្ហភាព​អតិបរមា អាច​មាន​ពី​៣៧-៤១oC ។

យោង​តាម​សេចក្តីជូនដំណឹង​នេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក៏​បាន​សុំ​ឱ្យ​សាធារណជន​ជ្រាប​ជា​ព័ត៌​មាន និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ស្ថានភាព​សីតុណ្ហភាព​ឡើងក​ម្តៅ​នៅ​កម្ពុជា​នឹង​អូស​បន្លាយ​ក្នុង​រយៈពេល​ជាង​១០​ថ្ងៃ​ទៀតពោល​គឺ​រហូត​ដល់​ថ្ងៃ​ទី​១០​និង​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ ។ នេះ​បើ​យោង​តាម​ការ​ប្រាប់ឱ្យ​ដឹង​ពី​មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ។ ស្ថាន​ភាព​ឡើង​កម្ដៅ​ខុស​ពី​ធម្មតា​នៅ​ឆ្នាំ​នេះ ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ពិសេសក្មេង​ៗ​និង​​ចាស់ជរា ជួប​នូវ​បញ្ហា​សុខភាព ដែលតម្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទម្រាំ​អាកាសធាតុ​បាន​ធូរស្រាល​មក​វិញ ។

លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានឱ្យ​ដឹង​ថា បញ្ហា​អាកាសធាតុ​ឡើង​កម្ដៅ​ដែល​ទទួលពី​បាតុភូត​អែ​ល​នី​ណូ កំពុង​ជះ​ឥទ្ធិពល​និង​គ្របដណ្ដប់​ប្រមាណ​ពាក់​កណ្ដាល​នៃ​ភព​ផែនដី​ទាំងមូល មិន​ថា​តែ​ប្រទេស​កម្ពុជា​យើង​ឡើយ ។លោក​បញ្ជាក់​ថា សម្រាប់​កម្ពុជា​សីតុណ្ហភាព​ឡើង​កម្ដៅ​ក្នុង​រង្វង់​៤១​ទៅ​៤២oC ប៉ុន្ដែ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ សីតុណ្ហភាព​ឡើង​ដល់​៤៤ ទៅ​៤៥oC ខណៈ​នៅ​ប្រទេស​ភូមា​វិញ សីតុណ្ហភាព​ឡើង​ដល់​ទៅ​៤៥​ទៅ​៤៦oC ។

លោក​បាន​ពន្យល់​ហេតុផល​ថា នៅ​ប្រទេស​កម្ពុជា ស្ថានភាព​ឡើង​កម្ដៅ​នេះ​បណ្ដាល​មក​ពីកត្តា​៣​​យ៉ាង ៖ ទី​១-​បាតុភូត​អែ​ល​នី​ណូ ទី​២-​បាតុភូត​សកល ដែល​ចាប់​ពីលើ​ផ្ទៃដី​ដល់​រយៈកម្ពស់​៥០០​ម៉ែត្រ គឺ​ទទួល​កម្រិត​សម្ពាធ​ទាប ហើយ​ចាប់ពី​កម្ពស់​៥០០​ម៉ែត្រ ដល់​កម្ពស់​១.៥០០​ម៉ែត្រ ទទួល​ជ្រលង​សម្ពាធ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ធាតុអាកាស​ហប់ និងទី​៣-​ជា​ទូទៅ ប្រទេស​កម្ពុជា​មាន​សី​តុ​ណ្ហភាព​កម្រិត​អប្បបរ​មា​២៦,២៧oC ប៉ុន្ដែ​ឆ្នាំ​នេះ​សីតុណ្ហភាព​អប្បបរមា​ឡើង​ដល់​២៩,៣០oC ដែល​ផែនដី​បាន​បំ​ភាយ​កម្ដៅ ។ បើ​តាម​លោក ចាន់ យុ​ត្ថា​ថា នៅ​ស​ប្ដា​ហ៍​ទី​៣នៃ​ខែឧសភា​ខាង​មុខ នឹង​មាន​ភ្លៀង​ធ្លាក់​មក​ហើយ ៕​

អត្ថបទសរសេរ ដោយ