រាជធានីភ្នំពេញ ៖ លោកគឹម សុខ អ្នកវិភាពសង្គម និងនយោបាយដែលបានកំពុងរស់នៅក្រៅប្រទេសបានកោតសរសើរអ្នកដែលដឹងសព្វគ្រប់ ហើយហ៊ានធ្វើគ្រប់យ៉ាង ដើម្បីជាតិ និងមិនកកូកកាយផ្ទៃក្នុងបក្ស ។ ទំនងចង់សំដៅទៅលើកលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិកំពុងឃុំខ្លួននៅក្នុងផ្ទះលោក គឹម សុខ បានសរសេរលើបណ្តាញសង្គមរបស់លោកយ៉ាងដូច្នេះថា មនុស្សឆ្លាតរឿងជាតិពិតប្រាកដហ៊ានធ្វើគ្រប់វិធី និងប្រើគ្រប់មធ្យោបាយកុំឲ្យមានការបែកបាក់ផ្ទៃក្នុងទោះត្រូវអត់ទ្រាំសង្កត់ចិត្តឈឺចាប់យ៉ាងណាក៏ដោយ ។ លោកបន្តថាពួកអ្នកវក់នឹងកកូរកកាយផ្ទៃក្នុងឯង យល់ថា ខ្លួនចេះនិយាយខុស-ត្រូវ និងមានជំហរប្រជាធិបតេយ្យ ទាំងមិនខ្លាចគេលាបពណ៌ ។
ប៉ុន្តែពួកគេអាចភ័ន្តច្រឡំរវាងភាពក្លាហានសម្ដែងទស្សនៈកណ្ដាលតាមភាពតម្រូវនៃជាតិ និងអត្ថន័យនៃការហែកហួរផ្ទៃក្នុងខុសកាលៈទេសៈ ដែលពួកគេបើកមាត់រិះគន់ម្ខាងៗយ៉ាងក្ដៅក្រហាយ តែនៅចំពេលមានរឿងប៉ះដល់ប្រយោជន៍ក្រុម ឬមេដឹកនាំ ដែលពួកគេឈ្លក់វង្វេងនឹងគាំទ្រផ្ដាច់មុខត្រូវដាក់ចិត្តការពារដាច់ខាត់នូវគ្រប់សកម្មភាពប៉ុណ្ណោះ ។ លោកបញ្ជាក់ថា«សព្វថ្ងៃមនុស្សដែលគួរសរសើរបំផុត ពុំមែនពួកអ្នកមានមាត់ឥតគម្រប សម្ញែងឫកឥតវិន័យរួមកម្លាំងហែកកម្ទេចផ្ទៃក្នុងឯង ហើយអួតថា ជាអ្នកក្លាហានប្រជាធិបតេយ្យហ៊ាននិយាយមិនខ្លាចគេលាបពណ៌នោះឡើយ ប៉ុន្តែគឺអ្នកដែលដឹងរឿងពិតពីគ្រប់ក្រុមនៃអ្នកប្រជាធិបតេយ្យ ហើយមិនអត្ថាធិប្បាយគាស់រំលើងនាំឲ្យមានការបែកបាក់គ្នាទៅវិញទេ» ។
លោកបន្ថែមថាមនុស្សប្រភេទនេះ គួរឲ្យស្ញប់ស្ញែងលើកតម្កើងណាស់ ពីព្រោះពួកគេចេះអត់ធ្មត់លាក់ការឈឺចាប់ ដើម្បីកម្លាំងរួមធំនៃប្រជាធិបតេយ្យនាំសេចក្ដីសង្ឃឹមឈ្នះសម្រាប់ប្រជាជាតិ ៕
ចែករំលែកព័តមាននេះ