ខេត្តព្រៃវែង ៖ ជាទូទៅកសិករដែលប្រកបមុខរបរដាំឪឡឹកនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តព្រៃវែងតែងតែនិយមដាំដំណាំឪឡឹកចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា ព្រោះនៅចន្លោះពេលប៉ុន្មានខែនេះមានអាកាសធាតុល្អ និងអំណោយផលដល់ដំណាំឪឡឹក ហើយអំឡុងខែនេះ ផ្លែឪឡឹកនៅលើទីផ្សារក៏មានតម្លៃខ្ពស់ផងដែរ។
ប៉ុន្តែនៅចុងខែមេសានេះ កសិករជាច្រើនគ្រួសារនៅភូមិត្របាំងច្រឹះ ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង បាននាំគ្នាបន្តដាំឪឡឹកតទៅទៀត ដោយរំពឹងថា នឹងទទួលបានទិន្នផលខ្ពស់ ហើយតម្លៃនៅលើទីផ្សារបានថ្លៃខ្ពស់ដដែល។
លោក ហាយ ហ៊ាន អាយុ៥៩ឆ្នាំ ជាកសិករម្នាក់ក្នុងចំណោមកសិករទាំងនោះ បានរៀបរាប់ទាំងទឹកមុខញញឹមញញ៉ែម ពោរពេញដោយក្តីសង្ឃឹមថា ឪឡឹកដែលគាត់ដាំបានប្រមូលផលម្តងរួចទៅហើយ ហើយនៅពេលនេះគាត់បានចាប់ផ្តើមដាក់ដាំម្តងទៀត ដោយសារឆ្នាំនេះ អាកាសធាតុក្តៅមិនទាន់ធ្លាក់ភ្លៀងជោកជាំ ទើបគាត់សម្រចចិត្តដាំឪឡឹកជាថ្មីម្តងទៀត ម្យ៉ាងក៏ដោយសារផ្លែឪឡឹកនៅលើទីផ្សារ នៅតែមានហាងឆេងល្អផងដែរ។
លោកបន្តទៀតថា គាត់បានដាំឪឡឹកសារជាថ្មីនៅលើផ្ទៃដីទំហំកន្លះហិតា ដោយចាប់ផ្តើមដាក់ដាំនាដើមខែមេសា ឆ្នាំ២០១៩នេះ ដោយប្រើដើមទុនសរុបជាង១លានរៀល ដោយគិតទាំងថ្លៃឈ្នួលភ្នួរដី ថ្លៃជីនិ ងប្រេងជាដើម ហើយបើអាកាសធាតុអំណោយផលបែបនេះរហូត គាត់រំពឹងថាឪឡឹករបស់គាត់នឹងទទួលបានកម្រៃមកវិញចាប់ពី៦លានរៀលទៅ៨លានរៀល។
គួររំលឹកផងដែរថា តម្លៃឪឡឹកនៅលើទីផ្សារសព្វថ្ងៃសម្រាប់ផ្លែឪឡឹកលេខ១ ក្នុង១ផ្លែមានតម្លៃ៥.០០០រៀល រីឯលេខ២មានតម្លៃ៤.០០០រៀល និងតម្លៃទាបបំផុតក៏មួយផ្លែលក់បានតម្លៃ៣.៥០០រៀលដែរ៕
ចែករំលែកព័តមាននេះ