ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ ៖ ទោះ​គ្មាន​ឬ​មាន EBA រោងចក្រ​នឹង​នៅ​តែ​ដំណើរ ការ​ផ្ដល់​ការងារ​ជូន​កម្មករ​ដដែល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធានបទ​ស្តី​អំពី «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ » (EBA) ដែល​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្ដល់​ជូន​កម្ពុជា ពី​សំណាក់​សហភាព​អឺរ៉ុប ក្នុង​ការ​នាំ​ទំនិញ​ពី​កម្ពុជា ដោយ​មិន​គិត​ពន្ធ…

រាជធានី​ភ្នំពេញ ៖ ប្រធានបទ​ស្តី​អំពី «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ » (EBA) ដែល​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្ដល់​ជូន​កម្ពុជា ពី​សំណាក់​សហភាព​អឺរ៉ុប ក្នុង​ការ​នាំ​ទំនិញ​ពី​កម្ពុជា ដោយ​មិន​គិត​ពន្ធ នៅ​តែ​ជា​ប្រធាន​ក្ដៅ ដោយ​មាន​មតិ​ខ្លះ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ និង​ខ្លះ​ទៀត​ហាក់​មិន​មានការ​ភ័យ​ព្រួយ​នោះ​ទេ ។ ជាក់ស្ដែង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អុ​ិ​ត សំ​ហេង បាន​លើក​ឡើង​ថា បើ​ទោះបីជា​កម្ពុជា «​មាន​ឬ​គ្មាន EBA រោងចក្រ​នៅ​កម្ពុជា​នឹង​នៅ​តែ​ដំណើរការ​ផ្ដល់​ការងារ​ជូន​កម្មករនិយោជិត​ដដែល​» ខណៈ សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង (GMAC) ស្នើ​ភាគី​អឺរ៉ុប​ពិចារណា​អោយ​បាន​ច្បាស់​មុន​សម្រេច​ដក​ពី​កម្ពុជា​នោះ ។

នៅ​ក្នុង​ពិធី​បូក​សរុប​ការងារ​របស់​សមាគម​រោងចក្រ​កាត់ដេរ​និង​សម្លៀក​បំពាក់ កាលពី​ថ្ងៃ​ទី​២៧ មេ​សា កន្លង​ទៅ​នេះ លោក អុ​ិ​ត សំ​ហេង បាន​មាន​ប្រសាសន៍​ថា វិស័យ​កាត់ដេរ​បាន​ចាប់ផ្ដើម​ដំបូង​នៅ​ឆ្នាំ ១៩៩៨ ដោយ​ដំបូង​ឡើយ កម្មករ​-​វិ​និយោជិត​បាន​ប្រាក់​ឈ្មួ​ល​តែ​ប្រមាណ ៣០​ដុល្លារ ឬ​៣៥​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ តែ​ក្រោយមក​ក៏​មានការ​ចរចារ​ដំ​ឡើងជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កម្មករ និយោជិត​ទទួល​បាន​ប្រាក់​ឈ្មួ​ល​ទាប​បំផុត​១៨២​ដុល្លារ​អ​មេ​រិ​ក​ក្នុង​មួយ​ខែ ។

លោក​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​បន្ត​ថា ទន្ទឹម​នឹង​នោះ​ដែរ បច្ចុប្បន្ន​នេះ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​ផង​ដែរ ។ ប៉ុន្តែ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន ដែល​មាន​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​ក៏​កំពុង​ជួប​ចរចារ​ជាមួយ​សហភាព​អឺរ៉ុប​ផង​ដែរ​ធ្វើ​យ៉ាងណា ដើម្បី​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ដៃគូរ​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប ។

លោក អុ​ិ​ត សំ​ហេង ថ្លែង​បញ្ជាក់​ថា « នៅ​ថ្ងៃ​ខាង​មុខ បើ​ទោះជា​មាន ឬ​គ្មាន EBA ក៏​យើង​ត្រូវ​បន្ត​ធ្វើ​ទំនាក់ទំនង​ល្អជា​មួយ​បណ្ដា​ដៃគូរ​ពាណិជ្ជកម្ម​របស់​យើង​ដូច​ជា អ្នកបញ្ជា​ទិញ​ផលិតផល​របស់​យើង ដើម្បី​អោយ​ដំណើរការ​រោងចក្រ​នៅ​កម្ពុជា​នៅ​តែ​បន្ត​និង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក​ជា​ច្រើន​នាក់ » ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ក៏​បាន​គិតគូរ​រួច​ហើយពី​ការ​ទប់ស្កាត់​ហានិភ័យ​ដែល​កើត​មាន​ក្រោយ​ពេល​អត់ EBA ក្នុង​នោះ​រដ្ឋាភិបាល​ក៏​បាន​លុប​បំបាត់​នូវ​ស្ថាប័ន​ត្រួតពិនិត្យ​មួយ​ចំនួន ដូច​ជា​កាំកុងត្រូល ស្ថាប័ន​កាំសាប ជាដើម ដើម្បី​សម្រួល​ដល់​ការ​ដឹក​ទំនិញ​ចេញ​របស់​វិនិយោគិន ដែល​ក្នុង​ន័យ​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​នានា ដែល​អាច​ធ្វើ​ថ្លៃដើម​កាន់តែ​តិច​ៗ​ទៅ ។

លោក​ឧកញ៉ា វ៉ា​ន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​ទើប​ជាប់​ឆ្នោត​ជា​ប្រធាន​បន្ត​ក្នុង​អាណត្តិ​ថ្មី​បាន​មាន​ប្រសាសន៍​ថា EBA គឺជា​ការ​ប្រកួតប្រជែង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់ ហើយ​លោក​សង្ឃឹមថា EBA នឹង​មិន​បាត់​ពី​កម្ពុជា​នៅ​ពេល​ឆាប់​ៗ​នេះ​ទេ ពី ព្រោះ​វិស័យ​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​សហការ​យ៉ាង​ស្អិត​ជាមួយ​អង្គការ​ពលកម្ម​ពិភពលោក ( ILO ) ដោយ​គ្រប់​រោងចក្រ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​របស់​ក្រុមការងារ ILO អោយ​ប្រាកដ​ថា​គ្រប​រោងចក្រ​ទាំងអស់​មិន​មានការ​រំលោភច្បាប់​ការងារ​នោះ​ឡើយ ។
លោក​ឧកញ៉ា វ៉ា​ន់ សូ​អៀង បន្ត​ថា « នៅ​លើ​ពិភពលោក​នេះ អត់​មាន​ប្រទេស​ណាមួយ អនុញ្ញាត​អោយ​អង្គការ​ពលកម្ម​ពិភពលោក​មក​ត្រួតពិនិត្យ គ្រប់​រោងចក្រ​ទាំងអស់​នោះ​ទេ អ​ញ្ចឹ​ង​កម្ពុជា គឺជា​ប្រទេស​ដែល​អនុវត្ត​បាន​ល្អ​ឥត​ខ្ចោះ​តាម​អ្វី​ដែល​អឺរ៉ុប​ចង់បាន » ។ លោក​បន្ត​ថា លោក​ចង់អោយ​ភាគី​អឺរ៉ុប​ពិចារណា​អោយ​បាន​ច្បាស់​មុន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ពីព្រោះ​នៅ​ពេល​ដែល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ចេញពី​កម្ពុជា វា​ប៉ះពាល់​ខ្លាំង​មែនទែន​ដល់​វិស័យ​កាត់ដេរ​កម្ពុជា ។

លោក​បន្ថែម​ទៀត​ថា « ប្រព័ន្ធ​អនុ​គោះ​ពន្ធ​ដែល​អឺរ៉ុប​បាន​ផ្ដល់​ដល់​កម្ពុជា​កន្លង​មក វា​បាន​ជួយ​ដល់​កម្មករ​និង​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន ដោយ​សព្វ​ថ្ងៃនេះ​មាន​កម្មករ​ប្រមាណ​ជិត​១​លាន​នាក់​កំពុង​បម្រើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​ត្រូវ​ចំណាយ​ប្រាក់​ប្រមា​ន​២,៨​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​បើក​ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​មួយ​នេះ »​។ លោក​បន្ត​ថា តាម​រយៈ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​នេះ​ផង​ដែរ ក៏​បាន​ធ្វើ​អោយ​កម្ពុជា​ផ្លាស់​ប្តូរ​ពី​ប្រទេស​ចំណូល​ទាប ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ដែល​ធ្វើ​អោយប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ម្នាក់​ៗ កើនឡើង​ដល់​ជិត​១៦០០​ដុល្លារ​អា​មេ​រិ​ក ។

ពាក់ព័ន្ធ​ជាមួយ​ប្រធានបទ EBA នេះ​ដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី សម្រាប់​ការ​ចូលរួម «​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​» នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន នោះ មន្ត្រីជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​ចិន បាន​សន្យា​ថា​នឹង​ជួយ​ជ្រោមជ្រែង​កម្ពុជា បើ​ទោះបីជា​អឺរ៉ុប​ដក EBA ក្ដី ដោយ​ភាគ​ចិន​ថា​ខ្លួន​នឹង​រក​វិធី​ជួយ​កម្ពុជា ក្នុង​ពេល​អឺរ៉ុប​ដក​យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​វិញ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ