ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​រូបិយប័ណ្ណ​យ័ន​របស់​ចិន​អាច​នាំមុខ​លុយ​ដុល្លារ​អា​មេ​រិ​ក​នៅ​ទីផ្សារ​កម្ពុជា​ឬ​យ៉ាងណា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​និង សម្តែង​ការ​ព្រួយបារម្ភ ទៅ​លើ​បញ្ហា​ថា​កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​យ័ន ដែល​ជា​រូបិយប័ណ្ណ​របស់​ប្រទេស​ចិន នៅ​លើ​ទីផ្សារ​ដូច​ទៅ និង​ប្រាក់​ដុល្លារ​ដែរ បន្ទាប់​ពី​សមាគម​ន​ចិន​មួយ​បាន​ស្នើ​សុំ​ប្រមុខ​ដឹកនាំ​កម្ពុជា​ជួយ​សម្រួល​ឲ្យ​មានការ​ចរាចរណ៍​ប្រាក់​យ័ន​ចិន នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​និង សម្តែង​ការ​ព្រួយបារម្ភ ទៅ​លើ​បញ្ហា​ថា​កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​យ័ន ដែល​ជា​រូបិយប័ណ្ណ​របស់​ប្រទេស​ចិន នៅ​លើ​ទីផ្សារ​ដូច​ទៅ និង​ប្រាក់​ដុល្លារ​ដែរ បន្ទាប់​ពី​សមាគម​ន​ចិន​មួយ​បាន​ស្នើ​សុំ​ប្រមុខ​ដឹកនាំ​កម្ពុជា​ជួយ​សម្រួល​ឲ្យ​មានការ​ចរាចរណ៍​ប្រាក់​យ័ន​ចិន នៅ​កម្ពុជា ។

យ៉ាងណាមិញ ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ឬ​ហៅ​កាត់​ថា (NBC) បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា ធនាគារជាតិ​នៃ​កម្ពុជា​មិន​បាន​អនុញ្ញាត ឬ​គាំំ​ទ្រ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​យ័ន​ជា​សាធារណៈ​ដូច​ទៅ​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ ។ ពោល​គឺ​មានការ​អនុញ្ញាត​ឱ្យ​ធ្វើការ​ទូទាត់​រូបិយប័ណ្ណ​យ័ន​របស់​ចិន តែ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​តែ​ប៉ុណ្ណោះ ខណៈ​គោល​ជំហរ​ធំ​របស់​ធនាគារ​បន្ត​ជំរុញ​ការ​ប្រើប្រាស់​រៀល​ខ្មែរ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​។

លោក​បណ្ឌិត ឃូ វុ​ឍ្ឍី តំណាង​ឱ្យ​លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ២៨ ខែមេសា ម្សិលមិញ​នេះ​ថា មក​ដល់​បច្ចុប្បន្ន​នេះ មាន​ធនាគារ​ចំនួន ១៥ មាន​ប្រតិបត្តិការ​ជា​ប្រាក់​យ័ន និង​មាន​ធនាគារ​ចំនួន​១២​ផ្សេង​ទៀត មាន​បំណង​ចង់​ធ្វើ​ប្រតិបត្តិការ​ប្រាក់​យ័ន​នៅ​ថ្ងៃ​ខាង​មុខ ព្រោះ​ធនាគារ​ទាំងនោះ​មើលឃើញ​ឱកាស​នៃ​ការ​ទូទាត់​ប្រាក់​យ័ន​នឹង​មាន​រីក​ចម្រើន​ទៅ​មុខ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក៏​ដូច​ជា​ពាណិជ្ជកម្ម​ពី​ចិន ។ លោក​បណ្ឌិត​ឃូ វុ​ឍ្ឍី មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បច្ចុប្បន្ន​មាន​ធនាគារ​ដែល​មាន​សិទ្ធ ប្រមូល ផ្គត់ផ្គង់​និង​ចែកចាយ​ប្រាក់​យ័ន​ទៅ​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ មាន ធនាគារ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ចិន (ICBC) និង ធនាគារ​ចិន (Bank of China) និង​មានការ​អនុញ្ញាត​ធ្វើ​ឱ្យ​ទូទាត់​តាម​រយៈ We Chat, Alipay និង Union Pay តែ​ប៉ុណ្ណោះ មិន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​ប្រាក់​យ័ន​ជា​សាធារណៈ​នោះ​ទេ​» ។

តាម​តំណាង​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា ការ​ទូទាត់​ប្រាក់​យ័ន​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​មក​ដល់​សព្វថ្ងៃ គឺ​នៅ​បរិមាណ​តិចតួច​បំផុត គឺ​មាន​តែ​ប្រមាណ​១% ប៉ុណ្ណោះ ហើយ​ការ​ទូទាត់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​និង​ចិន​គឺ មាន​តិច​ជាង​៥% ក្រៅពី​នោះ​ការ​ទូទាត់​ធ្វើ​ឡើង​ដោយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។ លោក​បណ្ឌិត​លើក​ឡើង​ថា ការ​ទូទាត់​ប្រាក់​យ័ន​តាម​ប្រព័ន្ធ​ធនាគារ វា​ផ្តល់​ញ​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​បាន​ភ្លាម​ៗ, ជំរុញ​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន​ដោយ​ពុំ​ដឹងខ្លួន​។ លោក​បណ្ឌិត បន្ថែម​ថា «​បើ​ការ​ប្រើប្រាស់​ប្រាក់​យ័ន ឬ​ប្រាក់​យ័ន​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​ហើយ យើង​ចាប់ផ្តើម​ភ័យ​ទៅ​គ្រាន់តែ​ប្តូរ​មុខ​ពី​ប្រាក់​ដុល្លារ​អា​មេ​រិ​ក មក​ប្រាក់​យ័ន​នេះ ។ សូមកុំ​ភ័យ នៅ​ពេល​ដែល​ប្រាក់​យ័ន​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ធនាគារជាតិ​នៃ​កម្ពុជា លុយ​នេះ​ចំនួន​ប៉ុន្មាន​ក៏​បាន​ដែរ យើង​យក​លុយ​យ័ន​ចូល​ទៅ​ធនាគារជាតិ ហើយ​ធនាគារជាតិ​យក​លុយ​យ័ន​នេះ​ទៅ​វិនិយោគ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ចិន​ដើម្បី​ទទួល​បាន​ផល​ចំណេញ​»​។
ទន្ទឹម​នឹង​ការ​បញ្ជាក់​ជំហរ​មិន​ឱ្យ​ធនាគារ​និង​ប្រតិបត្តិ​ករ​ចរាចរណ៍​ប្រាក់​យ័ន​ដូច​ទៅ​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក តាម​លោក​បណ្ឌិត​ថា ធនាគារជាតិ​នៃ​កម្ពុជា​នៅ​តែ​រក្សា​គោល​ជំហរ​រឹង​មាំ​របស់​ខ្លួន​ជា​និច្ច​ក្នុង​ការ​ជំរុញ​និង​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល ព្រោះ​អ្វី​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើ​គឺ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។ តែ​ទោះជា​យ៉ាងណា​ទាមទារ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ចូលរួម​ជំរុញ​ទាំងអស់​គ្នា​ដើម្បី​លើកកម្ពស់​ប្រាក់​រៀល​ខ្មែរ​។

លោកស្រី ជា សិរិ ធ្លាប់​មាន​ប្រសាសន៍​ថា « ការ​ជំរុញ​ការ​ទូទាត់​ជា​រូប​វត្ថុ​ជាតិ​ជាមួយ​ចិន​ក្នុង​ផ្នែក​ពាណិជ្ជកម្ម នេះ​វា​មិនមែន​មាន​ន័យ​ថា​យើង​ជំរុញ​ឱ្យ​គេ (​ចិន​) ដឹក​ក្រដាស​លុយ​យ័ន​យក​មក​ប្រើ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​។ កិច្ចសហការ​នេះ ខាង​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​មិនមែន​ធ្វើ​ជាមួយ​ភាគ​ចិន​ដែរ គឺ​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​មាននៅ​ក្នុង​តំបន់​អាស៊ាន​គេ​ចង់​ជំរុញ​ការ​ទូទាត់​លុយ​រូបិយ​វត្ថុ​ជាតិ​រៀង​ៗ​ខ្លួន​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់ ដោយសារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មិន​ចង់​ពឹង​ផ្នែក​ខ្លាំង​តែ​ទៅ​លើ​លុយ​ដុល្លារ អឺ​រ៉ូ ឬ​លុយ​ផោន​នោះ​ទេ​»​។

សូម​រម្លឹក​ថា លោក ឈិ​ន យន់ ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរ​ជាតិចិន នា​ឱកាស​ត្រូវ​បាន​អនុញ្ញាតិ​ជូ​ប​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា កន្លង​ទៅ​នោះ បាន​ស្នើ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី «​ដើម្បី ជួយ​សម្រួល​អោយ​មាន​ចរាចរណ៍​ប្រើប្រាស់​រូបិយប័ណ្ណ​ចិន​នៅ​ក្នុង​ទីផ្សារ​របស់​កម្ពុជា​ផង​ដែរ ដែល​នឹង​កាន់តែ​ទាក់ទាញ​វិនិយោគ​គិ​ន​ជា​ច្រើន​ទៀត​មក​កម្ពុជា និង​ពី​ប្រទេស​ដទៃ​ៗ​ទៀត​» ។ នា​ឱកាស​នោះ លោក យន់ បាន​បញ្ជាក់​ថា លោក​នឹង​ជំរុញ​អោយ​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​អោយ​កាន់តែ​រឹង​មាំ​ខ្លាំងក្លា​។

សូម​បញ្ជាក់​ថា​នៅ​ក្នុង​ដំណើរ​ចូលរួម «​វេ ទិ​កា​លើក​ទី​២ ស្តី​ពី «​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​» កាលពី​ថ្ងៃ​ទី ២៦ ខែមេសា នេះ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​លោក LIN JINGZHEN អនុប្រធាន​ប្រតិបត្តិ​របស់​ធនាគារ​ចិន (Bank of China) លើ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍ ឆ្នាំ​២០១៩-២០២១ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក LIU LIANGE ដែល​ជា​ប្រធាន​ធនាគារ​ចិន​ផង​ដែរ ។
នៅ​ក្នុង​ការ​ចុះ MoU ជាមួយ​ភាគី​ចិន​នេះ គឺ​មាន​៥​ចំណុច​សំខាន់​ៗ ដែល​ក្នុង​នោះ​ដែរ​ក៏​មានការ​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​រូបិយប័ណ្ណ​យ័ន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផង​ដែរ ជា​ពិសេស​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ គឺ​ឆ្លើយ​តប​នឹង​សកម្មភាព​នៃ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​អបអរ​ឆ្នាំ​វប្បធម៌​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩ ដែល​អត្ថន័យ​ផ្តោត​សំខាន់​ទៅ​លើ​ការងារ​៖ ១)- ការ​បង្កើត​ផលិតផល ទីផ្សារ និង​ផ្សព្វផ្សាយ​។

២)- ជួយ​សម្រួលការ​បង្កើត​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​តាម​ប្រព័ន្ធ​ឌី​ជិត​ថ​ល ដូច​ជា Union Pay, WeChat Pay, AliPay ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ប្រតិបត្តិ​ករ​ទេសចរណ៍ ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារ​ទេសចរណ៍ និង​នៅ​តាម​គោលដៅ​ទេសចរណ៍​ផ្សេង​ៗ ដើម្បី​ឲ្យ​ស្រប​តាម​តម្រូវការ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​។ ៣)- ជំរុញ​កា​រត​ភ្ជាប់​ផ្លូវអាកាស​ទៅ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​។ ៤)- ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​សាធារណៈ​។ ៥)- ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​រូបិយប័ណ្ណ​យ័ន​ក្នុង​វិស័យ​ទេសចរណ៍ និង​សកម្មភាព​ផ្សេង​ៗ​ទៀត ដើម្បី​គាំទ្រ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ គួរ​រលឹក​ថា ឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៦.២​លាន​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចិន​ជាង ២​លាន​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ