រាជធានីភ្នំពេញ ៖ លោកស្រីអោងសានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានឹងជួបសវនាការជាមួយសម្តេចហេង សំរិន ប្រធានរដ្ឋសភា ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ។ ប្រភពបានឲ្យដឹងជំនួបដល់កម្រនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក នៅវិមានរដ្ឋសភា ។
សូមជម្រាបថា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២៩ ខែមេសា ដល់ទី១ ខែឧសភា ឆ្នាំ២០១៩ ។ លោកស្រីនឹងមកដល់ទឹកដីនៃព្រះរាជណាកម្ពុជាវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី២៩ មេសានេះ ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រី អោង សានស៊ូជី នឹងចូលបង្គំគាល់ព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង ។ លោកស្រី អោង សានស៊ូជី ក៏នឹងចូលជួបសម្តែងការគួរសមជាបន្តបន្ទាប់ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។
លោកស្រី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។ លោកស្រីទីប្រឹក្សារដ្ឋនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌលព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា ។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចលោកស្រីនឹងអញ្ជើញទៅទស្សនាប្រាសាទមួយចំនួននៅខេត្តសៀមរាប ។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី អោង សានស៊ូជី នៅព្រះរាជាណាចក្រកម្ពុជានឹងពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេ ភាគីលើគ្រប់វិស័យព្រមទាំងក្នុងក្របខណ្ឌអាស៊ាន និងពហុភាគីផងដែរ ៕
ចែករំលែកព័តមាននេះ