ប្រទេសចិន-បារាំង ៖ កងម៉ារីនចិន កាលពីដើមខែមេសា បានឃាត់នាវាចម្បាំងបារាំងមួយគ្រឿង ក្នុងតំបន់សមុទ្រដ៏រសើបមួយ គឺច្រកសមុទ្រតៃវ៉ាន់ ដែលបែងចែករវាងចិនដីគោក និងកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តរបស់ខ្លួន។
អ្នកនាំពាក្យម្នាក់នៃក្រសួងការពារប្រទេសចិន គូសបញ្ជាក់កាលពីថ្ងៃទី២៥មេសាថា បណ្ដានាវាចម្បាំងរបស់កងទ័ពប្រជាជនចិន បានប្រទះឃើញនាវាចម្បាំងបារាំង១គ្រឿងកាលពីថ្ងៃទី៧មេសា ហើយបានបញ្ជូនការតវ៉ាមួយដល់ក្រុងប៉ារីស។ អ្នកនាំពាក្យរូបនោះលោកREN GUOQIANG ក្នុងសន្និសីទសារព័ត៌មានមួយ គូសបញ្ជាក់ថា នាវាចម្បាំងបារាំងនោះបានចូលមកក្នុងដែនទឹកចិន ដោយគ្មានការអនុញ្ញាត។
ចំណែកលោកJEAN-SYLVESTRE MONGRENIER អ្នកស្រាវជ្រាវបារាំងនៃវិទ្យាស្ថានបារាំង-បែលហ្សុិកTHOMAS MORE វាយតម្លៃថា ឧប្បត្តិហេតុនោះហៅថាចេតនា លេងហ្គេមសមុទ្រធំមួយខណៈទំនាស់មានកាន់តែខ្លាំងរវាងប្រជាជាតិទាំង២លើតំបន់សមុទ្រដែលកាន់តែយុទ្ធសាស្ត្រ។
អំពីឧប្បត្តិហេតុនោះលោកREN GUOQIANGនិយាយថា កងទ័ពចិនបានបញ្ជូនបណ្ដានាវាចម្បាំងយោងទៅតាមច្បាប់ ដើម្បីកំណត់អត្តសញ្ញាណនាវាបារាំងនេះ ហើយបញ្ជាឲ្យចាកចេញវិញ។ អ្នកនាំពាក្យរូបនោះពុំបានបញ្ជាក់ពីឈ្មោះនាវានេះឡើយ តែនាវាពិឃាតបារាំងមួយគ្រឿងឈ្មោះVENDEMIAIRE ដែលថា ទៅចូលរួមនាសប្ដាហ៍នេះក្នុងព្យុហៈយាត្រាជើងទឹកអបអរសាទរ ដល់ខួបលើកទី៧០នៃការបង្កើតកងម៉ារីនចិន ទីបំផុតពុំបានចូលរួមក្នុងព្រឹត្តិការណ៍នោះឡើយ។
កងម៉ារីនចិនដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំង មាននាវាចម្បាំងកាន់តែទំនើបៗ នាំឲ្យមានការមិនទុកចិត្តរបស់បណ្ដាប្រទេសជិតខាង និងមហាអំណាចពិភពលោកឯទៀតៗ។ បារាំងពុំបានពន្យល់ពីការផ្លាស់ប្ដូរកម្មវិធីរបស់នាវាVENDEMIAIRE ឡើយ៕
ចែករំលែកព័តមាននេះ