មន្ត្រី​ជំនាញ​បសុពេទ្យ​ខេត្ត​ចុះ​បាញ់ថ្នាំ​បង្ការ​ជំងឺឆ្លង​ជ្រូក​នៅ​ស្រុក​ទ្រាំង


ខេត្ដតាកែវ ៖ អនុវត្ដន៍​តាម​សេចក្ដី ប្រកាស​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់​លេខ​០៨ ស​.​ប្រក ចុះ​ថ្ងៃ​ទី​៤ សីហា ២០១០ ចុះហត្ថលេខា​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសេចក្ដីណែនាំ​ស្ដី​ពី​ការ​ពង្រឹង​ការ​ត្រួតពិនិត្យ​ជំងឺឆ្លង​ជ្រូក​លេខ​១៣៨២ ជ​.​ប ចុះ​ថ្ងៃ​ទី​៤ សីហា ២០១០ ចុះហត្ថលេខា​ដោយ​លោក​កៅ ផល ប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាលខេត្ដ កាលពី​ថ្ងៃ​ទី​៦ សីហា កន្លង​ទៅ​នេះ លោក ថៃ លី ប្រធាន​ការិយាល័យ​ផលិតកម្ម និងបសុព្យាបាល​ខេត្ដ បាន​ដឹកនាំ​កំលាំង​ចុះ​ទៅ​បាញ់ថ្នាំ​បង្ការ​ ការពារ​ជំងឺឆ្លង​ជ្រូក​នៅ​ភូមិ​ព្រៃ​ស្លឹក ឃុំព្រៃ​ស្លឹក ស្រុក​ទ្រាំង ។
លោក​វាត ចាន់ ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ស្រុក​បានឱ្យ​ដឹង​ថា ប​ច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​បាន​ចិញ្ចឹម ជ្រូក​ជា​លក្ខណៈ​គ្រួសារ​មាន​ចំនួន​១.៤៣០ទ្រុង ​។ ដោយឡែក​នៅ​ភូមិ​ព្រៃ​ស្លឹក មាន​ចំនួន ២៧​ទ្រុង និង​ភូមិ​នានា​ទៀត​សរុប​ទូ​ទាំង​ឃុំ​ព្រៃស្លឹក​មាន​ចំនួន​១២៤​ទ្រុង ដោយ​មានគ្រួសារ​ខ្លះចិញ្ចឹមសត្វ​ជ្រូក​ពី​៥​ទៅ​១០​ក្បាល និង​គ្រួសារ​ខ្លះទៀត ចិញ្ចឹម​រហូត​ដល់​២០​ក្បាល​ឯណោះ ។

ទាក់ទិន​នឹង​កម្មវិធី​ចុះ​បាញ់ថ្នាំ​បង្ការ​ជំងឺឆ្លង ជ្រូក​នេះ លោក​ថៃ លី ប្រធាន​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្ដ​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ដន៍​ទៅ​តាម​បទបញ្ជា​របស់​រាជរ​ដ្ឋាភិ​បាល​កម្ពុជា និង​សេចក្ដីណែនាំ​របស់​ប្រធាន នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល​ខេត្ដ ជាជំហាន​ដំបូង​យើង​ចុះ​មក​បាញ់ថ្នាំ​បង្ការ​ការពារ ជំងឺឆ្លង​នេះ នៅ​ទូ​ទាំង​ស្រុក​ទ្រាំង និង​ដើរ​បាញ់តាម​ទ្រុង​ជ្រូក​របស់​ប្រជាពលរដ្ឋ និង​បាន​ណែនាំ ដល់​ពួក​គាត់​ឱ្យ​យល់​ដឹង​អំពី​ជំងឺឆ្លង​ជ្រូក​នេះ ។ លោក​ថៃ លី បាន​បន្ដ​ទៀត​ថា បន្ទាប់​ពី​កម្មវិធី​ចុះ​បាញ់ថ្នាំ​បង្ការ​នៅ​ស្រុក​ទ្រាំង​នេះ​ចប់ លោក​នឹង​បន្ដ​ដឹកនាំ​កំលាំង​ចុះ​ទៅ​បាញ់​នៅ​តាម បណ្ដា​ទី​សត្ដឃាត កសិដ្ឋាន ចិញ្ចឹម​ជ្រូក និងកន្លែង​ចិញ្ចឹម​ជ្រូក​ផ្សេង​ៗ​ទៀត និង​ចែក​ថ្នាំ​បង្ការជំងឺឆ្លង​ជ្រូក​ជូន​ដល់​ពួក​គាត់​ដែល​បាន​ចិញ្ចឹមជ្រូក ​។ ជា​ពិសេស​ការ​បញ្ជ្រាប​ពី​ផល​ប៉ះពាល់ ដែល​បណ្ដាល​មក​ពី​ជំងឺ​លើ​ប្រព័ន្ធ​បន្ដ​ពូជ​ដកដង្ហើម (​ជំងឺ​ត្រចៀក​ខៀវ​) ជំងឺប៉េស្ដ​ជ្រូក និងជំងឺឆ្លង​ផ្សេង​ៗ​ដែល​អ្នក​ចិញ្ចឹម​ត្រូវ​យកចិត្ដ​ទុកដាក់ និង​មាន​វិធានការ​ការពារ ដើម្បី​ចៀសវាងពេល​ដែល​គេ​យក​សាច់​ជ្រូក​ដែល​ផ្ទុក​ជំងឺ​ទាំង នេះ​ទៅ​បរិភោគ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត ៕

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ