ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅតាមសហគមន៍សម្បូរព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី កំពុងផ្អើលនាំគ្នាចូលព្រៃស្វែងរកផ្សិតប៉ក់ លក់ឲ្យឈ្មួញភ្លូកទឹកភ្លូកដី ខណៈតម្លៃ ដែលគេចូលទិញ ដល់ភូមិក្នុងមួយគីឡូក្រាមថ្លៃ៥០០០០រៀល ។អ្នកភូមិរស់នៅក្នុងស្រុកពេជ្រាពួកគាត់ បានដើរជាក្រុមៗ ដើម្បីដកផ្សិត ដែលល្បីមានរសជាតិឆ្ងាញ់ចម្លែក គឺឈ្ងុយដូចជា គ្រាប់ខ្នុរ ហើយតម្លៃថ្លៃគួរសមទៀត ។
លោកគង់ សុគុណ ម្ចាស់ចម្ការកៅស៊ូម្នាក់ នៅស្រុកពេជ្រាដានឹងបានបេះផ្សិតសម្រាប់ទទួលទាន នៅក្នុងគ្រួសារបានប្រាប់ថា គាត់ក៏ដូចជា ប្រជាពលរដ្ឋរស់នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ក្នុងអំឡុងខែមេសានេះ រហូតដល់ខែឧសភា តែងនាំគ្នាដកផ្សិតប៉ក់ ដើម្បីធ្វើម្ហូប និងទុកលក់ឲ្យឈ្មួញ ។ លោកបានថា ផ្សិតប្រភេទនេះ តែងដុះនៅក្នុងព្រៃ និងស្មៅក្រាស់ៗ ដែលមានសភាពដីសើមជាប់រហូត ។ ផ្សិតនេះវាដុះផ្តុំគ្នាក្នុង១គុម្ពមានច្រើន ហើយក្នុងមួយថ្ងៃអាចដកបានម្នាក់៧ទៅ៨គីឡូក្រាមឯណោះ នៅពេលដែលវាសម្បូរខ្លាំង តែពេលខ្លះដកបានតិចតួចផងដែរ ។
ក្រុមប្រជាពលរដ្ឋបាននិយាយថា មានក្រុមឈ្មួញមកពីទល់ដែនថៃទិញដល់ៗកន្លែងដកតែម្តង ដោយពេលព្រឹកគេទិញតម្លៃ៥ម៉ឺនរៀល ហើយបើល្ងាចបន្តិចគេហ៊ានទិញលើស ពីនេះ៤ ទៅ៥ពាន់រៀលបន្ថែមទៀត បើទោះបីជាខ្ចី ឬទុំតម្លៃដូចគ្នាតែម្តង ។
លោកណាក់ ឈ្មួញទិញផ្សិតប៉ក់មកពីខេត្តរតនគិរី ដែលបានដើរប្រមូលទិញផ្សិតដល់ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ផ្សិតនេះក្នុងមួយឆ្នាំមានតែម្តងប៉ុណ្ណោះ ។ហើយនៅពេលវាសម្បូរ លោកនឹងក្រុម អ្នកទទួលទិញអាចប្រមូលទិញបានពី៣០០គីឡូក្រាមទៅ៥០០គីឡូក្រាមក្នុងមួយថ្ងៃ ។ ក្រោយទិញ បានភ្លាមៗគេត្រូវដឹកយកទៅលក់បន្តឲ្យថៅកែថៃដែលទទួលទិញបន្តនៅព្រំដែនខេត្តព្រះវិហារ គឺមិនអាចទុកយូរបានទេ ។
ឈ្មួញទិញផ្សិតប៉ក់រូបនេះបានបន្តថា មានតែប្រទេសថៃប៉ុណ្ណោះដែលទិញផ្សិតប៉ក់ ខុសពីទំនិញផ្សេងៗដូចជា ផ្លែស្លែង ផ្កាអ័គីដេ ជ័រទឹក ជាដើម មានប្រទេសវៀតណាម ឬប្រទេសចិន ទទួលទិញ ។ ហើយឈ្មួញដែលប្រមូលទិញផ្សិតពីប្រជាពលរដ្ឋទៅលក់ឲ្យថៃ អាចលក់ចេញវិញបានថ្លៃពី៥៥ ០០០រៀលទៅ៧០ ០០០រៀល ។
តាមការសង្កេតផ្សិតប៉ក់នេះមានច្រើនដុះក្នុងទឹកដីខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលសម្បូរព្រៃឈើ មានដូចជា ស្រុកវាលវែង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ តំបន់ខ្លះនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តព្រះវិហារ រតនគិរី មណ្ឌលគិរី ជាដើម ៕
ចែករំលែកព័តមាននេះ