រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀង និងជាគ្រូរបាំបុរាណចេញពីសាលាវិចិត្រសិល្បៈអ្នកនាងកែវ បូរ៉ា បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកប្រមាណ៤ឆ្នាំមកហើយក្រោយរៀបការជាមួយបុរសអាណិកជន ។ រស់នៅឆ្ងាយស្រុកទេសមែន ប៉ុន្តែចិត្តកាយរបស់អ្នកនាងបូរ៉ា គឺដិតដាមជាប់ចំពោះសិល្បៈ។
រយៈពេលច្រើនសប្តាហ៍មកហើយដែលអ្នកនាងកែវ បូរ៉ា មានវត្តមាននៅក្នុងប្រទេសកំណើត ។ មកដល់ស្រុកភ្លាមអ្នកនាងបូរ៉ាបានជួបជុំបងប្អូន និងមិត្តសិល្បករជាបន្តបន្ទាប់ដោយក្តីនឹករលឹក ។ ជាពិសេសទៅទៀតនាងបានចូលរួមច្រៀងតាមស្ថានីយទូរទស្សន៍មួយចំនួនធ្វើឲ្យអ្នកគាំទ្រចងចាំឡើងវិញចំពោះតារាចម្រៀងរូបនេះ ។ បន្ថែមពីនេះអ្នកនាងបានចូលរួមច្រៀងអបអរសង្ក្រាន្តឆ្នាំថ្មីប្រចាំវិទ្យាល័យព្រែកឯងក្នុងលក្ខណៈសប្បាយរីករាយប្លែកចិត្តពេលឃើញសិស្សានុសិស្សរាំលេងកម្សាន្ត ។
ឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មានកោះសន្តិភាពនាពេល ថ្មីៗកន្លងមក អ្នកនាងកែវ បូរ៉ា និយាយថា៖ «ចាប់តាំងពីរៀបការចេញទៅរស់នៅអាមេរិកមកឃើញថារយៈកាល៤ឆ្នាំបាត់ទៅហើយ ពេលវេលាលឿនណាស់សម្រាប់មនុស្សយើង ។ រហូតមកទល់ពេលនេះនាងខ្ញុំមកលេងស្រុកបាន៣ទៅ៤ដងដោយទម្លាប់ឲ្យតែជិតចូលឆ្នាំគឺមកលេងស្រុកធ្វើបុណ្យធ្វើទានជួបជុំសាច់ញាតិ និងមិត្តសិល្បករ ចាស់ៗដែលរួមជំនាន់ »។
តារាដែលពេលនេះមានកូនដល់ទៅ២បានឲ្យដឹងទៀតថា«មកដល់ស្រុកកំណើតម្តងនេះហាក់សប្បាយដក់ក្នុងអារម្មណ៍ខ្លាំងព្រោះបានសម្តែងតាមកញ្ចក់ទូរទស្សន៍នានា ហើយថែមទាំងចូលរួមពិធីសង្ក្រាន្តប្រចាំសាលាព្រែកឯងមើលទៅគឺរីករាយឃើញសិស្សរាំលេងសប្បាយ។អ្វីដែលប្លែកទៀតការមកស្រុកជើងនេះដូចជាយូរជាងរាល់ដងដោយសារតែនៅឆ្នាំក្រោយនាងខ្ញុំមិនបានមកកម្សាន្តនៅក្នុងស្រុកនោះទេព្រោះជាប់រវល់មើលកូន តូចៗដល់ទៅ២ក្នុងនោះកូនម្នាក់ចូលរៀនរឹតតែតម្រូវឲមើលថែទ្វេដង»។
រស់នៅអាមេរិកអ្នកនាងកែវ បូរ៉ា នៅមិនទាន់ចេញទៅធ្វើការអ្វីទេដោយស្វាមីឲ្យនៅតែផ្ទះមើលកូន ទាល់តែកូនធំល្មមចេះមើលថែខ្លួនគេបានខ្លះទើបឲ្យរកការងារធ្វើ ។ «បើទោះបីជាដល់ស្រុកគេបែបណា តែបើនិយាយពីសិល្បៈគឺនៅតែពេញចិត្តចង់ចូលរួមសម្តែង ដោយសារចិត្តយើងតាំងពីតូចមកមាននិស្ស័យលើសិល្បៈទើបមិនអាចបំភ្លេចបានឲ្យតែមកដល់ស្រុករមែងចែកពេលចូលច្រៀងតាមកញ្ចក់ទូរទស្សន៍ជាប្រចាំ »។ អ្នកនាងកែវ បូរ៉ា ទៅអាមេរិកវិញអំឡុងខែឧសភា ខាងមុខ ៕
ចែករំលែកព័តមាននេះ