ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​កំណត់​ចំនួន​ភ្ញៀវ​ឡើង​ទៅ​កំពូល​ប្រាង្គ​ប្រាសាទ​កោះ​កេរ​ក្នុង​១​វេន ដោយសារ​…

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​កំណត់​ចំនួន​មនុស្ស​ឡើង​ទៅ​ទស្សនា​ទេសភាព​លើ​កំពូល​ប្រាង្គ​ប្រាសាទ​កោះ​កេរ មិន​ឲ្យ​លើស​ពី​២០​នាក់​ឡើយ ក្នុង​មួយ​វេន មាន​រយៈពេល​១៥​នាទី ចៀសវាង​ភ្ញៀវ​ទេសចរ​ឡើង​ច្រើន​លើស​កំណត់​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​កើតឡើង​មិន​បានដឹង​មុន ។ ថ្លែងប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​២៥…

ខេត្តព្រះវិហារ ៖ ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​កំណត់​ចំនួន​មនុស្ស​ឡើង​ទៅ​ទស្សនា​ទេសភាព​លើ​កំពូល​ប្រាង្គ​ប្រាសាទ​កោះ​កេរ មិន​ឲ្យ​លើស​ពី​២០​នាក់​ឡើយ ក្នុង​មួយ​វេន មាន​រយៈពេល​១៥​នាទី ចៀសវាង​ភ្ញៀវ​ទេសចរ​ឡើង​ច្រើន​លើស​កំណត់​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​កើតឡើង​មិន​បានដឹង​មុន ។

ថ្លែងប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩​នេះ លោក ទុ​យ រ៉ា​នី អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ប្រចាំ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ភ្ញៀវ​មក​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះ​កេរ ភ្ញៀវ​តែងតែ​ឡើង​ទៅ​លើ​កំពូល​ប្រាង្គ​ប្រាសាទ​ដើម្បី​មើល​ទេសភាព ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​អាជ្ញាធរ គឺ​ដោយសារ​តែ​ជណ្តើរ​ឈើ និង​បង្កាន់ដៃ​ឡើង​ទៅ​លើ​កំពូល​ប្រាង្គ​ប្រាសាទ​មាន​សភាព​ទ្រុឌទ្រោម ហើយ​នៅ​ពេល​មាន​ពិធីបុណ្យ​ជាតិ​ធំ​ៗ​ម្តង​ៗ ភ្ញៀវ​ទេសចរ​បាន​ឡើង​ទៅ​លើ​កំពូល​ប្រាង្គ​ប្រាសាទ​នោះ​មាន​ចំនួន​ច្រើន​លើសលប់ ធ្វើ​ឲ្យ​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​ខ្លាច​កើត​មាន​គ្រោះថ្នាក់​ណាមួយ​ដែល​មិន​អាច​ដឹង​ជា​មុន​បាន បើ​ទោះបីជា​កន្លង​ទៅ​អាជ្ញាធរ ឬ​ឆ្មាំ​ប្រាសាទ​មានការ​ហាមឃាត់​ពួក​គាត់​យ៉ាងណា​ក៏​ដោយ ។

លោកបន្ថែម​ទៀត​ថា នា​ពេល​ខាង​មុខ​នេះ អាជ្ញាធរ​នឹង​ចាប់ផ្តើម​កែ​លម្អ ជួសជុល​ជណ្តើរ​ឡើង​ទៅ​កាន់​កំពូល​ប្រាង្គ​ប្រាសាទ​កោះ​កេរ​នេះ​ឡើង​វិញ ដូច្នេះ​ហើយ​អាជ្ញាធរ​បាន​សម្រេច​ដាក់​ចេញ​នូវ​ស្លាក​សញ្ញា​ហាមឃាត់ រួម​ជាមួយ​លក្ខខណ្ឌ​ផ្សេង​ៗ​ជា​ច្រើន និង​បាន​អំពាវនាវ​ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​ទេសចរ​គោរព​តាម​ដូច​ជា ការ​អនុញ្ញាត​ឲ្យ​ភ្ញៀវ​អាច​ឡើង​ទៅ​លើ​កំពូល​ប្រាង្គ​ប្រាសាទ​ចំនួន​២០​នាក់​ប៉ុណ្ណោះ​ក្នុង​១​វេន មាន​រយៈពេល​១៥​នាទី ទើប​អាច​ធានា​បាន​សុវត្ថិភាព​ក្នុង​ការ​ឡើង​ចុះ ។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ គិត​ត្រឹម​រយៈពេល​៣​ខែ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០១៩​នេះ​បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​មាន​ចំនួន ១៩,០៩៤​នាក់ កើនឡើង​៤៩% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១១,០៣៤​នាក់​នាក់ ថយ​ចុះ​៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ