រាជធានីភ្នំពេញ ៖ យុវជនម្នាក់សល់តែ១៥ថ្ងៃទៀតនឹងចូលរោងការ បែរជាឆ្លៀតឌុបស្រីស្នេហ៍ដើររលេងនៅកោះពេជ្រ ហើយត្រូវរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិន បុកនៅចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យម៉ូតូខ្ទាតទៅបុកនឹងរបងការដ្ឋានសំណង់រងរបួសធ្ងន់បែកក្បាលហូរឈាមស្រោចពេញផ្ទៃមុខ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង កាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២២ ខែមេសា នៅក្នុងមជ្ឈ
មណ្ឌលកម្សាន្តកោះពេជ្រចំណុចផ្លូវសួនច្បារកែងនឹងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ
មន ។
រថយន្តដែលបុកនេះម៉ាក Fortuner ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BA-៨៦៨៥ បើកបរនិងរួមដំណើរដោយបុរសជនជាតិចិន៥នាក់ ។ ចំណែកម៉ូតូដែលយុវជនរងគ្រោះជិះម៉ាកឌូក ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១GM-៨៦៧៧ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា យុវជនរងគ្រោះជិះម៉ូតូតាម
វិថីកោះពេជ្រ ពីខាងត្បូងទៅខាងជើងក្នុងល្បឿនលឿន ខណៈនោះរថយន្តខាងលើ ក៏បើកចុះស្ពានឥន្ទធនូ តាមវិថីសួនច្បារ មកក្នុងទិសដៅពីខាងលិចទៅខាងកើត ។
លុះមកដល់ចំណុចខាងលើ ក៏បុកគ្នាជាមួយនឹងម៉ូតូត្រង់ផ្លូវបំបែកជាបួន បណ្តាលឱ្យម៉ូតូខ្ទាតទៅបុកនឹងរបងការដ្ឋានសំណង់បោកនារីជាស្រីស្នេហ៍ផ្ទប់របងបែកក្បាលហូរឈាមនិងបាក់ថ្គាមសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។ ចំណែកយុវជនជាអ្នកបើកម៉ូតូរងរបួសបែកក្បាលហូរឈាមស្រោចពេញមុខ រីឯម៉ូតូខ្ទេចមួយកំណាត់ខាងមុខ ។ តាមមិត្តភក្តិរបស់ជនរងគ្រោះបានបង្ហើបឲ្យកោះសន្តិភាពដឹងថា យុវជនរូបនេះនៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃចូលរោងការហើយ ពិតជាស៊យធំមែន ។ ចំណែកនារីដែលរូបគេឌុបហើយរងរបួសនោះជាស្រីស្នេហ៍ហេងស៊យ ដោយមិនមែនជាកូនក្រមុំគូអនាគត ដែលត្រូវចូលរោងការជាមួយ
ទេ ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។ រីឯម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ពិតជាគួរឱ្យសោកស្តាយ ចំពោះទង្វើអនាគតកូនកំលោះរូបនេះ ដែលជិតដល់ថ្ងៃចូលរោងការហើយ ឆ្លៀតបណ្តើរស្រីស្នេហ៍ទៅវិញ ។ មិនដឹងថា រយៈពេល១៥ថ្ងៃការព្យាបាលរបួសនេះអាចជាសះស្បើយ ឬយ៉ាងណានោះទេ ដឹងជាបានចូលរោងការដែរឬអត់ ៕
ចែករំលែកព័តមាននេះ