រដ្ឋធានីវ៉ាស៊ីនតោន ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃទី២២ មេសា កន្លងមកថា សហរដ្ឋអាមេរិកបានទាមទារឲ្យអតិថិជនដែលទិញប្រេងអ៊ីរ៉ង់ឲ្យបញ្ឈប់រាល់ការទិញចាប់ពីថ្ងៃទី ១ខែឧសភាទៅ ឬអាចនឹងជួបទណ្ឌកម្ម ។ រដ្ឋាភិបាលលោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃច័ន្ទថាពួកគេនឹងមិនបន្តការអនុគ្រោះដល់ប្រទេសមួយចំនួនដែលទិញប្រេងអ៊ីរ៉ង់ទៀតទេ។
គួរបញ្ជាក់ដែរថាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចសាជាថ្មីកាលពីខែវិច្ឆិកាលើការនាំចេញប្រេងអ៊ីរ៉ង់បន្ទាប់ពីលោកប្រធានាធិបតីត្រាំបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ ២០១៥។ ប្រទេសចំនួន ៨ដែលរួមមានប្រទេសចិន និងឥណ្ឌាបានទទួលការអនុគ្រោះឲ្យបន្តទិញប្រេង៦ខែ។
យ៉ាងណាក្តីប្រទេសអ៊ីរ៉ង់នៅតែរក្សាគោលជំហររឹងមាំដោយបាននិយាយថាពួកគេបានត្រៀមខ្លួនជាស្រេចសម្រាប់ការបញ្ចប់ការអនុគ្រោះនេះហើយ ខណៈដែលយោធាអ៊ីរ៉ង់គម្រាមថានឹងបិទដៃសមុទ្រ Hormuz ដែលជាបណ្តាញនាំចេញនាំចូលប្រេងដ៏សំខាន់ក្នុងឈូងសមុទ្រនេះ។
White House បាននិយាយថាពួកគេកំពុងតែធ្វើការជាមួយនឹងអ្នកនាំចេញប្រេងធំៗដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមដើម្បីធានាថាទីផ្សារមានការផ្គត់ផ្គង់គ្រប់គ្រាន់។ ពាណិជ្ជករបានបន្តមានទស្សនៈមិនល្អលើការសម្រេចចិត្តនេះដោយព្រួយបារម្ភថាវាអាចបង្កឲ្យតម្លៃប្រេងកើនឡើងយ៉ាងខ្ពស់។
អ្នកស្រី Elizabeth Rosenberg ដែលជាប្រធានផ្នែកថាមពល សេដ្ឋកិច្ចនិងកម្មវិធីសន្តិសុខនៅមជ្ឈមណ្ឌលសន្តិសុខអាមេរិកថ្មីបាននិយាយថា វាជាការភ្ញាក់ផ្អើលមួយដែលប្រទេសទាំងអស់ត្រូវបានតម្រូវឲ្យបញ្ឈប់រាល់ការទិញនៅខែឧសភា។
លោក Mike Pompeo ដែលជារដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកមានគោលដៅកាត់ផ្តាច់ប្រភពប្រាក់ចំណូលប្រមាណ៥០ប៊ីលានដុល្លារក្នុងមួយឆ្នាំរបស់អ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ ការសាកល្បងកាំជ្រួច និងការគាំទ្រជម្លោះក្នុងប្រទេសស៊ីរីនិងយេមេនជាដើម ។
មន្ត្រីរដ្ឋបាលថ្នាក់ខ្ពស់មួយរូបបាននិយាយថា លោកប្រធានាធិបតីត្រាំជឿជាក់ថាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមអាចគោរពតាមការសន្យាថានឹងបំពេញរាល់ប្រេងដែលខ្វះក្នុងទីផ្សារពិភពលោក ៕
ចែករំលែកព័តមាននេះ