ខេត្តកំពត ៖ រមណីយដ្ឋានជាច្រើនកន្លែងនៅក្នុងទឹកដីខេត្តកំពតដែលត្រូវបានភ្ញៀវទេសចរណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរមានការកោតសរសើរមិនដាច់ពីមាត់ពីការប៉ិនប្រសប់ឆ្នៃប្រឌិត រៀបចំតំបន់រមណីយដ្ឋាន និងកន្លែងកម្សាន្តប្លែកៗនៅតាមដងព្រែកកំពត កត្តាខាងលើនេះហើយដែលធ្វើឲ្យភ្ញៀវមានការចាប់អារម្មណ៍ពីតំបន់កម្សាន្តគ្រប់កន្លែង នៅក្នុងខេត្តទាំងមូលផងដែរ ។
ប៉ុន្តែទន្ទឹម និងការកោតសរសើរក្នុងការឆ្នៃប្រឌិតខាងលើពីសំណាក់ភ្ញៀវក៏មានមតិរិះគន់ខ្លះៗពីសំណាក់មជ្ឈដ្ឋាននានាមកលើម្ចាស់រមណីដ្ឋានខាងលើផងដែរ អំពីការសាងសង់សំណង់រឹងខុសច្បាប់ចុះទៅក្នុងព្រែក ដោយសរសរបេតុងដែលច្បាប់បានហាមឃាត់នេះផងដែរ ។
បើតាមបុគ្គលិកដែលមើលការខុសត្រូវនៅកន្លែងកម្សាន្តនេះបានឲ្យដឹងថា សំណង់ដែលចាក់បេតុងចុះក្នុងព្រែកនេះ គឺម្ចាស់កន្លែងកម្សាន្តនេះបានរត់ការសុំច្បាប់ទៅថ្នាក់លើ ដើម្បីសាងសង់សំណង់នេះរួចរាល់អស់ហើយទើបហ៊ានធ្វើ ។
ជុំវិញការសង់សំណង់រឹងចុះក្នុងព្រែកនៅតំបន់កម្សាន្តដែលមានឈ្មោះកន្លែងហែលទឹកកម្សាន្តនិងបាយឡុកបាយឡ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខាងលើ ត្រូវបានលោកអ៊ឹម ចាន់សុធន អភិបាលរងស្រុកទឹកឈូទទួលបន្ទុកដីធ្លី និងសំណង់ប្រាប់កោះសន្តិភាពថា លោកពុំបានដឹងថា មានគេសង់សំណង់រឹងចុះទៅក្នុងព្រែកដែលច្បាប់ហាមឃាត់នោះទេ ហើយលោកក៏ពុំបានដឹងថា ការសាងសង់នេះនៅចំណុចត្រង់ណាផង រួចហើយលោកអភិបាលរងក៏បានប្រាប់មកភ្នាក់ងារកោះសន្តិភាពវិញថា បើលោកមានរូបភាពសំណង់ខាងលើ សូមលោកបាញ់រូបភាពនោះឲ្យលោកមើលផង ដើម្បីលោកឲ្យក្រុមការងាររបស់ស្រុកចុះពិនិត្យមើលសំណង់ទាំងនោះ តើមានច្បាប់ ឬអត់ច្បាប់ ?
បើសិនជាមានច្បាប់ តើមន្ត្រីណាអ្នកអនុញ្ញាតច្បាប់ឲ្យ ហើយលោក និងរាយការណ៍ជូនមកភ្នាក់ងារកោះសន្តិភាពវិញ រួចក៏បិទទូរស័ព្ទទៅ ។ ព័ត៌មានខាងលើ និងបន្តចុះផ្សាយតាមទំព័រកោះសន្តិភាពនៅលេខក្រោយបន្ទាប់ពីមានការបំភ្លឺពីលោកអ៊ឹម ចាន់សុធន អភិបាលរងស្រុកទឹកឈូ ខេត្តកំពត ៕
ចែករំលែកព័តមាននេះ