សារៈសំខាន់ជាសកលនៃខ្សែក្រវាត់មួយផ្លូវមួយថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ លោកស៊ី ជីន
ពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍នៅសាកលវិទ្យាល័យ Nazarbayev នៃប្រទេសកាហ្សាក់ស្ថានថា ដើម្បីជំរុញឲ្យទំនាក់ទំនងសេដ្ឋកិច្ចគ្រប់បណ្ដាប្រទេសកាន់តែមានភាពស្និទ្ធស្នាល និងមានកិច្ចសហប្រតិបត្តិការឲ្យកាន់តែច្រើនឡើងនោះ យើងអាចបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការថ្មីមួយ ដោយរួមគ្នាបង្កើតឲ្យមានខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏ធំមួយ ។
ស្របពេលនោះដែរ លោកស៊ី ជីនពីង ក៏បានថ្លែងសុន្ទរកថានៅរដ្ឋសភាឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៣ ថា ចិនរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើសមុទ្រជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីប្រើប្រាស់នូវមូលនិធិសហប្រតិបត្តិការសមុទ្រអាស៊ាន-ចិន របស់ប្រទេសចិន ដែលបានបង្កើតឡើងឲ្យមានប្រសិទ្ធភាពខ្ពស់ ជំរុញការអភិវឌ្ឍ និងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើសមុទ្រកាន់តែល្អប្រសើរឡើង ព្រមទាំងរួមគ្នាបង្កើតឲ្យមានផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ផងដែរ ។ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីវិធានការជឿទុកចិត្តគ្នានិងសហការគ្នានៃអាស៊ី លោក ស៊ី ជីនពីង បានបង្ហាញថា ប្រទេសចិននឹងរួមសហការជាធ្លុងមួយជាមួយបណ្ដាប្រទេសនានា ដើម្បីជំរុញបង្កើតនូវខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ឲ្យបានកាន់តែឆាប់រហ័ស ព្រមទាំងជំរុញឲ្យដាក់ដំណើរការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីឲ្យបានលឿនបំផុត ថែមទាំងចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយ បណ្ដាប្រទេសក្នុងតំបន់ ដើម្បីជំរុញដល់ការអភិវឌ្ឍនៅអាស៊ី និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកកាន់តែប្រសើរជាងមុន ។
ដោយឡែកនាខែវិច្ឆិកា ឆ្នាំ២០១៤ លោក ស៊ី ជីនពីង បានលើកឡើងក្នុងកិច្ចប្រជុំស្តីពីការពង្រីកទំនាក់ទំនងភាពជាដៃគូនៃការតភ្ជាប់គ្នានូវចំណុចសំខាន់មួយចំនួន ៖
ទី១-យកប្រទេសអាស៊ី ជាទិសដៅសំខាន់ក្នុងការសម្រេចឲ្យបានការតភ្ជាប់គ្នាជាមួយអាស៊ី ។ ខ្សែក្រវាត់មួយផ្លូវមួយ មានប្រភពចេញមកពីអាស៊ីនិងពឹងផ្អែកលើអាស៊ី ព្រមទាំងផ្ដល់ប្រយោជន៍ឲ្យអាស៊ី ទី២-យកផ្លូវសេដ្ឋកិច្ចជាការពឹងផ្អែកក្នុងការបង្កើតឲ្យមានក្របខ័ណ្ឌមូលដ្ឋាននៃការតភ្ជាប់គ្នាជាមួយអាស៊ី ទី៣-យកហេដ្ឋារចនសម្ព័ន្ធជាគន្លឹះឲ្យសម្រេចនូវការភ្ជាប់គ្នាជាមួយអាស៊ី តាមរយៈគម្រោងកសាងផ្លូវដែកនិងផ្លូវជាតិ ទី៤-យកការបង្កើតវេទិកាហិរញ្ញប្បទានជាចម្បង ក្នុងការដោះស្រាយភាពលំបាកនៃការតភ្ជាប់ក្នុងតំបន់អាស៊ី និងទី៥-យកទំនាក់ទំនងមនុស្សនិងវប្បធម៌ ជាខ្សែក្រវាត់សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះក្នុងសង្គមនៃការតភ្ជាប់ក្នុងតំបន់អាស៊ី ។
ជាងនេះទៀត យុទ្ធសាស្ត្រខ្សែក្រវាត់មួយផ្លូវមួយ នឹងបង្កើននូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយអង្គការសហប្រតិបត្តិការលើសមុទ្រ សមាគមពាណិជ្ជកម្មអាស៊ី-អឺរ៉ុប, អាស៊ាន-ចិន ,តំបន់ពាណិជ្ជកម្មសេរីចិន-ជប៉ុន-កូរ៉េ ហើយក៏ជាការជំរុញដល់ពាណិជ្ជកម្មឆ្លងដែន និងទំនាក់ទំនងកាន់តែច្រើនឡើងរវាងបណ្តាប្រទេសនានាជាមួយប្រទេសចិន ។នយោបាយកំណែទម្រង់និងការបើកចំហរបស់ប្រទេសចិនជិត៤០ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលប្រកបដោយផ្លែផ្តា ។ ជាច្រើនឆ្នាំកន្លងមកនេះ ក្រោមការខិតខំរួមគ្នារវាងចិននិងប្រទេសពាក់ព័ន្ធ គំនិតនៃការបង្កើតខ្សែក្រវាត់មួយផ្លូវមួយ បាននិងកំពុងប្រែក្លាយទៅជាការពិត ហើយទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា ជាពិសេសសមិទ្ធផលក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មនិងវិនិយោគ ថាមពលនិងធនធាន សុវត្ថិភាពហិរញ្ញវត្ថុ និងវិស័យដទៃទៀតជាច្រើន នៃកិច្ចសហប្រតិបត្ដិការសុទ្ធតែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។
ខ្សែក្រវាត់មួយផ្លូវមួយ ស្ថិតក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងឈរលើគោលការណ៍វប្បធម៌សមភាព ដែលបង្ហាញឱ្យឃើញនូវស្មារតីប្រកបដោយសន្តិភាព ទំនាក់ទំនងការយោគយល់គ្នា ការរួបរួមគ្នា ការសហការគ្នា និងឈ្នះ ឈ្នះ ជាដើម ។ នៅពេលដែលប្រទេសចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ «ទ្រឹស្តីគំរាមកំហែង» ត្រូវបានគេលើកឡើងជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ ជាពិសេសបណ្តាប្រទេសលោកខាងលិច ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ គឺជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសចិនក្នុងការជម្រះឱ្យអស់ការមន្ទិលសង្ស័យចំពោះបណ្តាប្រទេសលើពិភពលោក ដោយប្រកាសនូវការងើបឡើងដោយសន្តិភាពចំពោះពិភពលោក ពោលគឺការងើបឡើងរបស់ប្រទេសចិន មិនគំរាមកំហែងនិងប៉ះពាល់ដល់ផលប្រយោជន៍របស់បណ្តាប្រទេសនានានោះឡើយ ។ ដូចដែលលោក ស៊ី ជីនពីង ធ្លាប់បានប្រកាសថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍ «បីមិន ៖ ១-មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ២-មិនបង្កើនរង្វង់ដែនឥទ្ធិពល ៣-មិនស្វែងរកតួនាទីជាអនុត្តរភាពឡើយ» ។
ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ ដែលដាក់ចេញដោយលោកប្រធានាធិបតី ស៊ី ជីនពីង កាលពីឆ្នាំ២០១៣កន្លងទៅ ប្រទេសចិននឹងរៀបចំវេទិកាស្តីពី «ខ្សែក្រវាត់មួយផ្លូវមួយ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី២ នាចុងខែមេសា ឆ្នាំ២០១៩ខាងមុខ នៅទីក្រុងប៉េកាំង ក្រោមប្រធានបទ ៖ «តម្រង់ទិសទៅកាន់អនាគតកាន់តែភ្លឺស្វាង» ។ យោងតាមកិច្ចសម្ភាសន៍របស់លោក យ៉ាង ជាឈី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនទទួលបន្ទុកកិច្ចការអន្តរជាតិ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំលើកទី២នេះនឹងមានការចូលរួមពីបណ្តាប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូមកពីប្រទេសជាដៃគូជាង១០០ មកពីទ្វីបអាស៊ី អាហ្វ្រិក អាមេរិកឡាទីន និងបណ្តាប្រទេសំខាន់ៗផ្សេងទៀត ។
លោក យ៉ាង ជាឈី បានបញ្ជាក់ថា ប្រទេសចិននឹងប្រើវេទិកានេះ ដើម្បីបើកចំហយុគសម័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ និងមានទំនុកចិត្តជាងមុន បង្កើននូវកម្លាំងជំរុញថ្មីនិងកាលានុវត្តភាពសកល ជំរុញភាពជាដៃគូកាន់តែជិតស្និទ្ធនិងខ្លាំងក្លាជាងមុន និងជំរុញសម្មភាព និងតុល្យភាពនៅក្នុងប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ ។
គួររំឭកថា វេទិកានេះត្រូវបានរៀបចំឡើងជាលើកដំបូងកាលពីខែឧសភា ឆ្នាំ២០១៧ នៅ
ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន២៩ប្រទេស និងគណៈប្រតិភូជាង១.៥០០រូប មកពីប្រទេសជាង១៣០ និងអង្គការអន្តរជាតិជាង៧០ ។ ២-តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះពីកិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់មួយផ្លូវមួយ» ? ប្រទេសកម្ពុជា គឺជាប្រទេសមួយដ៏សំខាន់ក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ក្នុងការ ចូលរួមគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសកម្ពុជាបានទទួលផលប្រយោជន៍ជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន ដូចជា ការផ្លាស់ប្តូរគោលនយាបាយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ចកម្ម ការតភ្ជាប់មូលធន និងការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជនជាដើម ។ គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ គឺជាកម្លាំងពិភពលោកថ្មីនៃសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនា ។ «សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ បើគ្មានសន្តិភាពទេក៏គ្មានការអភិវឌ្ឍដែរ បើគ្មានការអភិវឌ្ឍជាបន្តបន្ទាប់ទ េក៏គ្មានសន្តិភាពយូរអង្វែងដែរ» ។
សន្តិភាពនិងស្ថិរភាពនយោបាយ ជាលក្ខខណ្ឌចាំបាច់សម្រាប់គ្រប់ការអភិវឌ្ឍទាំងអស់ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាមូលដ្ឋានសម្រាប់ការទាក់ទាញវិនិយោគបរទេស ដើម្បីបង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង និងប្រកបដោយភាពសុខុដុមរមនា ដែលនាំឲ្យប្រជាជនពេញចិត្តចំពោះនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ។
គំនិតផ្តួចផ្តើមនេះ ផ្តល់ឲ្យកម្ពុជានូវផលប្រយោជន៍សេដ្ឋកិច្ចជាច្រើន ជាពិសេសគឺការ
អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងសមត្ថភាពផលិតកម្ម វាជួយបំពេញបន្ថែមលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដោយវាអាចពង្រឹងសមត្ថភាពប្រកួតប្រជែងផ្អែកសេដ្ឋកិច្ច តាមរយៈការពង្រីកប្រភពនៃការលូតលាស់សេដ្ឋកិច្ច និងវិសាលភាពសេដ្ឋកិច្ច ។ គំនិតផ្តួចផ្តើមនេះនឹងពង្រឹងការតភ្ជាប់ក្នុងប្រទេស និងការតភ្ជាប់កម្ពុជាទៅប្រទេសដទៃទៀតក្នុងតំបន់ ជួយកាត់បន្ថយថ្លៃដើមការដឹកជញ្ជូន ជួយពង្រីកការនាំចេញផលិតផលកសិកម្ម និងកាត់ដេររបស់កម្ពុជា ។
គំនិតផ្តួចផ្តើមនេះ ក៏បានចូលរួមចំណែកក្នុងវិស័យទេសចរណ៍ដែរ ។
ដូចដែលយើងបានដឹងហើយថា ផ្លូវសូត្រសមុទ្រផ្តល់ឲ្យកម្ពុជានូវច្រកមួយសម្រាប់លើក
កម្ពស់វិស័យអេកូទេសចរណ៍ ។ ជាមួយនឹងទីតាំងទេសចរណ៍ដ៏ទាក់ទាញ កម្ពុជានឹងអាចទទួលបានអ្នកទេសចរចិនច្រើនលាននាក់ក្នុងមួយឆ្នាំៗ ។ បន្ថែមពីលើនេះទៀត វាក៏ផ្តល់ប្រយោជន៍ផ្នែកវប្បធម៌ផងដែរ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស និងជំរុញការតភ្ជាប់ផ្នែកវប្បធម៌រវាងប្រទេសកម្ពុជានិងចិន ៕
អត្ថបទបន្ថែមដោយសម្បត្តិ
ចែករំលែកព័តមាននេះ