រាជធានីភ្នំពេញ ៖ នេះជាការកែតម្រូវមួយសម្រាប់សាធារណជនដែលថា ករណីចាប់នារីចិនទៅជំរិតទារប្រាក់នោះ មិនទាក់ទងភោជនីយដ្ឋាន«ថាតឌីង»នោះទេ ។ ហើយព័ត៌មានដែលទទួលបានមុននេះ វាគ្រាន់តែជាព័ត៌មានដែលភ្ញាក់ផ្អើលជំហានដំបូងតែបុ៉ណ្ណោះ ហើយសូម្បីសមត្ថកិច្ចក៏ចុះទៅសួរនាំព្រោងព្រាតដែរទាំងយប់ ។
ទាក់ទិននឹងព័ត៌មានថា ថៅកែភោជនីយដ្ឋានថាតឌីងបានបង់លុយលស់នារីទាំងនោះ មិនមែនជាការពិតទេ ព្រោះហាងនេះលក់តែម្ហូបអាហារនិងបបរតែប៉ុណ្ណោះ មិនបានពាក់ព័ន្ធជាមួយក្រុមនារី និងក្រុមឧក្រិដ្ឋជនចិនទាំងអស់នេះទេ ។
តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហា
ផ្ទៃ បានសហការជាមួយនគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការតាមប្រមាញ់ចាប់បានក្រុមឧក្រិដ្ឋជនជនជាតិចិន ដែលចាប់នារីខារ៉ាអូខេជនជាតិដូចគ្នា៥នាក់ យកទៅរំលោភសេពសន្ថវៈ និងជំរិតទារប្រាក់ ។ ពួកនាងទាំង៥នាក់ គឺ៣នាក់បានដោះលែងកាលពីថ្ងៃទី២១ មេសា និង២នាក់ត្រូវរំដោះក្នុងប្រតិបត្តិការ ។
សេចក្តីរាយការណ៍បន្តទៀតថា ការតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនពីសំណាក់កម្លាំងសមត្ថកិច្ចនោះ បានធ្វើឡើង កាលពីវេលាទៀបភ្លឺចូលថ្ងៃទី២២ ខែមេសា នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ដែលជនសង្ស័យបានចាប់ជនរងគ្រោះទៅលាក់ទុកនៅទីនោះ ។ ក្រោយចាប់ខ្លួនឧក្រិដ្ឋជន៣នាក់ (មានម្នាក់ស្ថិតក្នុងការសង្ស័យ) សមត្ថកិច្ចបានធ្វើការនាំខ្លួនពួកគេមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្នុងនោះ ក៏មានរថយន្ត១គ្រឿងម៉ាកស្តារិច ជាមធ្យោបាយធ្វើសកម្មភាព បានបញ្ជូនមកជាមួយរួមទាំងជនរងគ្រោះ ។
ស្ត្រីជនជាតិចិន៥នាក់ ត្រូវបានក្រុមឧក្រិដ្ឋជនចិននាំយកទៅ ខណៈពួកនាងចេញពីហាងខារ៉ាអូខេ មកហូបអាហារនៅភោជនីយដ្ឋាន «ថាតឌីង» ដែលបុរសចិនទាំង៥នាក់កំពុងហូបបាយនៅទីនោះ ។ ស្ត្រីជនជាតិចិនទាំង៥នាក់ ជាស្ត្រីបម្រើនៅខារ៉ាអូខេ ហៅហាង «តុងហ្វាំងម៉េងជូ» ។ សេចក្តីរាយការណ៍បន្តថា កាលពីយប់ថ្ងៃទី២០ មេសា បុរសជាជនជាតិចិន១ក្រុម ដែលមានគ្នា៥នាក់បាននាំនារីជនជាតិចិនទាំង៥ ចេញពីហាងបាយថាតឌីង ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយហូបអាហាររួចរាល់ ពេលនោះក្រុមឧក្រិដ្ឋជនចិនទាំងនោះ បានប្រាប់ពួកនាងថា នាំទៅច្រៀងខារ៉ាអូខេ នៅហាងតុងហ្វាំងម៉េងជូវិញ ។
បន្ទាប់ពីនារីទាំង៥នាក់ឡើងជិះរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានផ្លាកលេខ ទៅជាមួយក៏បានដឹកពួកនាង ចេញពីភ្នំពេញ ទៅឡើងភ្នំមួយដែលពួកនាងមិនស្គាល់ រួចបានធ្វើសកម្មភាពគំរាមកំហែង ដកយកប្រាក់ពួកនាងអស់ពីខ្លួនសរុបជាង៤.០០០ដុល្លារអាមេរិក ។ ជាងនេះទៀត ជនសង្ស័យបានបង្ខំលើរូបរាងកាយដោយរំលោភសេពសន្ថវៈនាងនៅក្នុងរថយន្ត ។ នៅពេលជនល្មើសបានដឹកពួកនាងដល់ក្រុងកំពត វេលាម៉ោងប្រមាណជា៥ភ្លឺ ក្រុមឧក្រិដ្ឋជនបានទាញពួកនាង៣នាក់នេះទម្លាក់ចុះ ចំណែក២នាក់ទៀតត្រូវបានបន្តនាំខ្លួនទៅជាមួយ ។
ចំណែកស្ត្រីខារ៉ាអូខេចិនទាំងនោះ ជានារីនៅហាងតុងហ្វាំងម៉េងជូ ក្នុងខណ្ឌទួលគោក ដែលតាមដំណឹងថាទើបមកថ្មី ។ គួររំលឹកថា ៖ ម៉ោង០៥និង៣០នាទីទៀបភ្លឺ…ស្ត្រីចិន៣នាក់បានដោះលែងលើដីខេត្តកំពត
ចែករំលែកព័តមាននេះ